ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ស្តេចយាង​មាតុភូមិនិវត្តន៍​មកដល់​មាតុប្រទេសវិញ

51

 

​ភ្នំពេញ​៖ នា​វេលា​រសៀល​ថ្ងៃទី​៧ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ស្តេចយាង​មាតុភូមិនិវត្តន៍​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​ព្រះរាជ​សុវត្ថិភាព តាម​ព្រះរាជ​ទីនាំង​យន្តហោះ​ពិសេស ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន បន្ទាប់ពី​ស្តេចយាង​គង់ប្រថាប់​ដើម្បី​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព ក្នុង​រដ្ឋធានី​ប៉េកាំង នា​រយៈពេល​ជាង ១​ខែ​កន្លងទៅ ។

​ក្នុងឱកាស​ដ៏​វិសេសវិសាល​នោះ​មានការ​យាង និង​អញ្ជើញ​ថ្វាយ​ព្រះរាជ​បដិសណ្ឋារកិច្ច​ពី​សំណាក់​ព្រះរាជវង្សានុវង្ស ឥស្សរជន​ជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ជាច្រើនរូប​ផងដែរ​។​

​ប្រជានុរាស្ត្រ​កម្ពុជា​ទូទាំង​ព្រះរាជាណាចក្រ សូម​ព្រះ​បរម​រាជានុញ្ញាត​ក្រាប​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការពរ និង​អបអរសាទរ​ក្នុង​មនោសញ្ចេតនា​គោរព​ស្រលាញ់​ដ៏​ខ្ពង់​ខ្ពស់បំផុត ថ្វាយ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងឱកាស​ដែល ព្រះអង្គ ត្រូវបាន​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានសម្រេច​ថ្វាយ​គ្រឿង​ឥស្សរិយយស « មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» ជា​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត សម្រាប់​ឥស្សរជន​ឆ្នើម​បរទេស​ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការធ្វើ​ទំនើបភាវូបនីយកម្ម​ស​ង្គ​ម​និយម​ចិន ការជំរុញ​ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​បណ្តា​ប្រទេស​បរទេស និង​ការពារ​សន្តិភាព​ពិភពលោក ដើម្បី​ជា​កិច្ច​ថ្វាយ​នូវ​ការដឹងគុណ ក្នុងការ​ចូលរួមចំណែក​ដ៏​ធំធេង នៃ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ចំណងមិត្តភាព កម្ពុជា​-​ចិន​។​

​សម្តេចព្រះ​មហាក្សត្រី ព្រះអង្គ​គឺជា​សាក្សី​ដ៏​សំខាន់ និង​ជា​អ្នកជំរុញ​នូវ​ចំណងមិត្តភាព​ចិន​-​កម្ពុជា ។ ព្រះអង្គ បានចាប់ផ្តើម​បង្កើត​ចំណងមិត្តភាព​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន ចាប់តាំងពី​ពេលដែល​ទ្រង់​បាន​ដង្ហែ​ព្រះរាជដំណើរ​ទស្សនកិច្ច នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ជា​លើកដំបូង​មកកាន់​ប្រទេស​ចិន នៅក្នុង​ឆ្នាំ ១៩៥៨ ។
​សម្តេចព្រះ​មហាក្សត្រី ព្រះអង្គ​បាន​បំពេញ​ព្រះរាជតួនាទី​យ៉ាងសំខាន់​បំផុត ក្នុង​បុព្វហេតុ​នៃ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​២ ក្នុង​រយៈពេល​ជាង ៦០​ឆ្នាំ​កន្លងមកនេះ ហើយ សម្រាប់​ប្រទេស​ចិន ព្រះអង្គ គឺជា​សាក្សី​ដ៏​សំខាន់​ចំពោះ​ភាព​រីកចម្រើន​ទាំងឡាយ​ក្នុងសង្គម​ចិន​បច្ចុប្បន្ន ។

​សម្តេចព្រះ​មហាក្សត្រី ព្រះអង្គ​មាន​ព្រះរាជហឫទ័យ​យ៉ាង​ពិសេស​ចំពោះ​ប្រជាជន​ចិន ហើយ​បាន​គាំទ្រ​យ៉ាងសកម្ម​ដល់​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ លើ​គ្រប់​វិស័យ ហើយ​ខ្ញុំ​កត់សម្គាល់ថា សម្តេចព្រះ​មហាក្សត្រី ព្រះអង្គ​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង ក្នុងការ​ជំរុញ​ការអភិវឌ្ឍន៍​ទំនាក់ទំនង​ទ្វេភាគី និង​ការលើកកម្ពស់​មិត្តភាព​រវាង​ប្រជាជន​ទាំងពីរ​។
​ឯកឧត្តម បាន​គូស​បញ្ចាក់​ទៀតថា ចាប់តាំងពី​ការបង្កើតឡើង​នូវ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ក្នុង​រយៈពេល​ជាង ៦២​ឆ្នាំ​កន្លងមកនេះ ប្រទេស​ទាំងពីរ​តែងតែ​គាំទ្រ​គ្នា និង​ជួយ​គ្នា​បង្កើត​ចំណងមិត្តភាព​ដែកថែប ដែល​មិនអាច​បំបែក​បាន និង​ក្លាយជា​សហគមន៍​យុទ្ធសាស្ត្រ​មួយ​ដែលមាន​អនាគត​រួមគ្នា ។

​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​សហការ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ការ​ឆ្ពោះទៅមុខ ឆ្ពោះទៅរក​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុន ជាមួយនឹង សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេចព្រះ​មហាក្សត្រី និង​បញ្ចូល​កម្លាំង​ជំរុញ​ថ្មី​ដល់​ទំនាក់ទំនង​ទ្វេភាគី ក្នុងសម័យ​កាលប្រវត្តិ​សាស្ត្រ​ថ្មី​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

​គ្រឿង​ឥស្សរិយយស ដែល​ខ្ញុំ​មា​នក​ត្តិ​យស​ថ្វាយ​ជូន សម្តេចព្រះ​មហាក្សត្រី នៅពេលនេះ គឺ​តំណាង​ឲ្យ​ការគោរព​របស់​ប្រជាជន​ចិន ចំពោះ សម្តេចព្រះ​មហាក្សត្រី និង​មិត្តភាព​ដ៏​ជ្រាលជ្រៅ​របស់​ពួកគេ​ចំពោះ​ប្រជាជន​កម្ពុជា ហើយ​ខ្ញុំ​សូម​ជូនពរ​ប្រជាជន​ចិន និង​កម្ពុជា ឲ្យ​មាន​វិបុលភាព និង​មិត្ត​ភាពជា​រៀងរហូត​។

​ប្រសាសន៍ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ព្រះ​រាជពិធី​ថ្វាយ​គ្រឿង​ឥស្សរិយយស «​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» ថ្វាយ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ៕​

អត្ថបទដែលជាប់ទាក់ទង