បញ្ចប់វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល គ្រូកម្រិតបឋម និងមធ្យមកីឡាតុងហ្គីលម៉ូដូ

ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា និងលោក ហាជីមិ សៃតុ ប្រធាន សហព័ន្ធកីឡាតុងហ្គីលម៉ូដូប្រចាំឥណ្ឌូចិននៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០អញ្ជើញចូលរួមវិធីបិទវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល គ្រូកម្រិតបឋម និងមធ្យមក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា។
បើតាមការឲ្យដឹងពីលោក ចំរើន សុផល អគ្គលេខាធិការសហព័ន្ធរាយការណ៍ថា វគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមចំនួន៣២នាក់ នារី០៧នាក់ និង មានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូមកពីបណ្តាលក្លិបនានានៅរាជធានីភ្នំពេញ។ លទ្ធផល របស់លោកគ្រូ អ្នកគ្រូ ជាចៅក្រម អាជ្ញាកណ្ដាល ពិតជាបានមកពីការខិតខំហ្វឹកហាត់ដ៏ហ្មត់ចត់ មានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរព តាមបទបញ្ជាបច្ចេកទេសនៃការប្រកួត។
លោកហាជីមិសៃតុប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូឥណ្ឌូចិនបានមានប្រសាសន៍ថាលោកគ្រូអ្នកគ្រូនិងប្អូនៗទាំងអស់ខិតខំយកចិត្តទុកដាក់បន្ថែមនិងផ្សព្វផ្សាយកីឡានេះឲ្យទៅកាន់បណ្ដាខេត្តឲ្យកាន់តែទូលំទូលាយទូទាំងប្រទេសកម្ពុជា។ដោយធ្វើការពន្យល់អំពីសារសំខាន់របស់កីឡាតុងហ្គីលម៉ូដូ និងប្រវត្តិ ព្រមទាំងចក្ខុវិស័យលើកស្ទួយកីឡាតុងហ្គីលម៉ូដូ ក្នុងការចូលរួមការប្រកួតSEA GAMES ខាងមុខនេះ។
លោក ជ័យ ចាប បានមានប្រសាសន៍ថា ជាការពិតណាស់ រយៈពេល៥ថ្ងៃនៃវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល គ្រូកម្រិតបឋម និងមធ្យម នាពេលនេះ គឺជាការផ្ដល់ឱកាសឲ្យលោកគ្រូ អ្នកគ្រូ ដែលជាចៅក្រម អាជ្ញាកណ្ដល ទទួលបាន សមត្ថភាពពេញលេញក្នុងការត្រៀមលក្ខណៈសម្រាប់ការរៀបចំការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកនាពេលខាងមុខនេះ។
បើយើងគិតចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៣គឺមានរយៈពេល០៣ឆ្នាំប៉ុណ្ណោះហេតុនេះដើម្បីឱ្យវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណទទួលបានលទ្ធផលល្អ ក្នុងការប្រកួតលក្ខណៈអន្តរជាតិនានា និងការត្រៀមការប្រកួតកីឡា SEA GAMES 2023ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣។
ក្នុងពេលនោះលោកប្រធាន បានប្រកាសទទួលស្គាល់ សមាគមកីឡាតុងហ្គីលម៉ូដូចំនួន៣ខេត្ត គឺ សមាគមកីឡាតុងហ្គីលម៉ូដូខេត្តបាត់ដំបង សមាគមកីឡាតុងហ្គីលម៉ូដូខេត្តសៀមរាប និងសមាគមកីឡាតុងហ្គីលម៉ូដូខេត្តកំពត៕