សាលាដំបូងរាជធានីភ្នំពេញ លើកពេលសវនាការទាំងអស់ រយៈពេល២សប្តាហ៍
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការទាំងអស់ជាបណ្ដោះអាសន្ន បន្ទាប់ពីការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ត្រូវបានរកឃើញនៅលើស្ត្រីជាភរិយាលោកអគ្គនាយកពន្ធនាគារ។
នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងស្តីពី ការលើកពេលសវនាការ រយៈពេល២សប្តាហ៍ ដោយគិតចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយហេតុថា មានការពាក់ព័ន្ធនឹងការរីករាលដាលនៃ Covid-19 ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ។ ម្យ៉ាងទៀតក៏មានមន្ត្រីមួយចំនួនតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការទាំងអស់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ខែធ្នូ បន្ទាប់ពីពន្ធនាគារទាំង ៣នៅរាជធានីភ្នំពេញ បានស្នើសុំផ្អាករាល់ការបញ្ជូនអ្នកជាប់ឃុំមកសវនាការ។
សាលាដំបូងរាជធាខីភ្នំពេញ សូមជម្រាបជូន លោក លោកស្រីមេធាវី ភាគីពាក់ព័ន្ធ ក្នុងសំណុំរឿង និងសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ពន្ធនាគាររាជធានី ភ្នំពេញ(PJ ) មណ្ឌលអប់រំកែប្រែទី ១ (ម១) និងមណ្ឌលអប់រំកែប្រែ ទី២(ម២) បានដាក់លិខិតមក សាលាដំបូងរាជធានីភ្នំពេញ ដែលមានកម្មវត្ថុស្នើសុំផ្អាករាល់សវនាការសម្រាប់ជនជាប់ឃុំនៅ ពន្ធនាគាររាជធានីភ្នំពេញ មណ្ឌលអប់រំកែប្រែទី១ និងមណ្ឌលអប់រំកែប្រែ ទី២ រយៈពេល ២(ពីរ) សប្ដាហ៍ គិតចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ ដោយហេតុថា មានការ ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺ Covid-19 ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ហើយ មានមន្ត្រីមួយចំនួនដែលតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដូចនេះការ នាំជនជាប់ឃុំមកសវនាការ មិនអាចប្រព្រឹត្តទៅបានល្អ ពីព្រោះមិនមានកងកម្លាំងមន្ត្រីគ្រប់គ្រាន់ និងបង្ការការរីករាលដាលដល់ជនជាប់ឃុំ។
សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា ម្យ៉ាងទៀតមន្ត្រីមួយចំនួននៃសាលាដំបូង ក៏ជាប់ធ្វើចត្តាឡីស័កក្នុង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” ផងដែរ ហេតុនេះសាលាដំបូងរាជធានីភ្នំពេញ សូមលើកសវនាការដែលបានគ្រោងទុក នៅក្នុងចន្លោះពេលពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងសំណុំរឿង ដែលមានជនជាប់ឃុំ នៅពេលក្រោយវិញ លើកលែងតែករណីចាំបាច់មួយចំនួន ដែលលោក លោកស្រីចៅក្រមពិនិត្យតាមការជាក់ស្តែង។ ចំពោះការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវា យុត្តិធម៌ជូនប្រជាពលរដ្ឋនៅដំណើរការជាធម្មតា ប៉ុន្តែសូមថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវបំពេញភារកិច្ចរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវវិធានការអនាម័យ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ចៀសវាង ការប្រមូលផ្តុំ និងតាមដានសុខភាពជាប្រចាំ៕