ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំរីអាស៊ី ឈ្មោះ ខាវ៉ាន់ ដែលជាដំរីដ៏ឯកោបំផុតនៅលើពិភពលោក នៅទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាប

67
ដំរីអាស៊ី ឈ្មោះ ខាវ៉ាន់ ដែលជាដំរីដ៏ឯកោបំផុតនៅលើពិភពលោក នៅទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាហើយនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីបានធ្វើដំណើរជាច្រើនម៉ោង នៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។
ការមកដល់នេះ ក៏មានការទទួលស្វាគមន៍ ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងតំណាងអង្គការ Four Paws ព្រមទាំងមានព្រះសង្ឃប្រោះព្រំមង្គលសិរីសួស្តី សម្រាប់ដំរីនេះផងដែរ។
កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។

លោក នេត ភត្ត្រា បានបញ្ជាក់ថា ដំរីខាវ៉ាន់ជាដំរីឈ្មោល មានអាយុ ៣៥ ឆ្នាំត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថានតាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថានបានសម្រេចឱ្យដំរីខាវ៉ាន់ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍ដំរីខាវ៉ាន់។ ពីអំណេះតទៅ ដំរីខាវ៉ាន់នឹងលែងរស់នៅក្នុងភាពឯកោទៀតហើយ។ សត្វដំរីខាវ៉ាន់នេះនឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិនៅ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់ក្រសួងបរិស្ថាន និងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS)។

ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះក្រុមអ្នកអភិរក្សសត្វព្រៃអន្តរជាតិ ក៏ដូចជាអ្នកចម្រៀងដ៏ល្បី ស័រ (Cher) រួមនឹងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS) និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលបានខិតខំជួយជ្រោមជ្រែងដើម្បីអាចឱ្យដំរីអាស៊ីដ៏ឯកោមួយក្បាលនេះមានសេរីភាព និងរស់នៅក្នុងព្រៃធម្មជាតិ។ ផ្ទះថ្មីរបស់ដំរីខាវ៉ាន់នៅក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលជាតំបន់ការពារធម្មជាតិ មួយក្នុងចំណោមតំបន់ការពា រធម្មជាតិនិងរបៀងអភិ់រក្សជីវៈចម្រុះទាំង ៦៨ កន្លែងរបស់ប្រទេស កម្ពុជា។ កម្ពុជាដែឡត្រូវបានទទួលស្គាល់ដោយពិភពលោកថាសម្បូណ៌ដោយជីវចម្រុះជាច្រើន ក្នុងនោះប្រភេទសត្វកម្រជិតផុតពូជបំផុត ជិតផុតពូជនិងប្រភេទសត្វដែលទទួលការគំរាមកំហែង គឺមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

លោក នេត្រ ភក្ត្រា បានថ្លែងថា ដំរីខាវ៉ាន់គឺជាប្រភេទដំរីអាស៊ីដែលជាប្រភេទរងការគំរាមកំហែង ហើយកម្ពុជាមានប្រភេទដំរីអាស៊ីនេះចន្លោះពី ៤០០ ទៅ៦០០ក្បាលដែលកំពុងតែរស់ នៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិរបស់កម្ពុជាក្នុងខេត្តរតនគិរីនិងមណ្ឌលគិរី និងនោក្នុងតំបន់ ជួរភ្នំក្រវ៉ាញ។ កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ ក្បាលផងដែរ។

លោក នេត្រ ភក្ត្រា បានថ្លែងទៀតថា សត្វដំរីអាស៊ីឈ្មោះខាវ៉ាន់នេះនឹងត្រូវយកទៅចិញ្ចឹម ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យដើម្បីធ្វើការបង្កាត់ពូជជាមួយដំរីក្នុងស្រុក គោលបំណងបង្កើតប្រសិទ្ធភាពក្នុងការបន្តពូជសត្វដំរីអាស៊ីឱ្យកាន់តែប្រសើរឡើងថែមទៀត ជៀសវាងការបង្កាត់ជាន់ពូជ បង្កើននានាពន្ធុ (សេនេទិច) ការធន់នឹងអាកាសធាតុ និងជំងឺ និងសម្រាប់ជំរុញក្នុងវិស័យទេសចរណ៍ធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ជាមួយវិធានការអនុវត្តច្បាប់ដ៏តឹងរឹងរបស់សមត្ថកិច្ច និងការខិតខំប្រឹងប្រែងការពារនិងអភិរក្ស របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃដើម្បីយកភ្លុក និងកន្ទុយដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមក នៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មាន៕

អត្ថបទដែលជាប់ទាក់ទង