ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីបញ្ចប់ការងារប្រមូលផលស្រូវ ប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី ងាកមកដាំឪឡឹកលឿង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ

66

សៀមរាប៖ ក្រោយ បញ្ចប់ការងារប្រមូលផលស្រូវ ប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី បានងាកមកដាំឪឡឹកលឿង សម្រាប់ផ្គត់ផ្គង់ តម្រូវការទីផ្សារ ដើម្បីបង្កើនចំណូលក្នុងក្រុមគ្រួសារ។

      លោក សេង ប៊ុនថា ប្រធានការិយាល័យកសិកម្មធនធាន ធម្មជាតិ និងបរិស្ថានស្រុកបន្ទាយស្រី  នៅព្រឹកថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២០នេះថា ក្រោយពេលប្រមូលផលស្រូវប្រចាំឆ្នាំរួច កសិករជាច្រើនគ្រួសារ នៅក្នុង ស្រុកបន្ទាយស្រី ជាពិសេស នៅក្នុង ឃុំព្រះដាក់ កំពុងប្រមូលផលដំណាំឪឡឹកយកទៅកាន់ទីផ្សារ ។

    លោកបន្តថា ៖ បច្ចុប្បន្ន ឪឡឹកលឿង កំពុងទទួល បានការពេញនិយមច្រើនពីអ្នកទទួលទាន និងមានតម្លៃលើទីផ្សារ ទើបប្រជាពលរដ្ឋ ភាគច្រើនងាកមក ដាំឪឡឹកលឿងជំនួសឱ្យដំណាំផ្សេងទៀតដែលធ្លាប់ដាំកន្លងមក។

     លោកបន្តទៀតថា ដ្បិតឪឡឹកលឿងជាដំណាំទើបតែពេញនិយមដាំក៏ពិតមែន ប៉ុន្តែចំពោះបញ្ហាបច្ចេក ទេសវិញ មិនមានបញ្ហា ប្រឈមឡើយ ព្រោះថាកន្លងមកជំនាញផ្នែកកសិកម្ម បានចុះទៅផ្តល់វគ្គបណ្តុះបណ្តាលផ្នែកដំណាំឪឡឹកទូទៅដល់ ប្រជាពលរដ្ឋ បានយ៉ាងទូលំទូលាយហើយ។

      ប្រជាជនគាត់ច្រូតស្រូវហើយគាត់នាំគ្នាដាំឪឡឹកលឿង ព្រោះវាមានទីផ្សារ បើគាត់លក់នៅចម្ការ មួយគីឡូក្រាម ៣០០០រៀល តែបើលក់បន្តមួយគីឡូក្រាម៥០០០រៀល ហើយការដាំនេះកន្លងមកយើងបានផ្តល់បច្ចេកទេស និងធ្វើចម្ការ បង្ហាញតែឪឡឹកពណ៌ក្រហមទេ អ៊ីចឹងគាត់មានបច្ចេកទេសនៃការដាំនារយៈពេលកន្លងមក បួនដប់ឆ្នាំហើយនៅតំបន់ហ្នឹង។

       លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការធ្វើកសិកម្ម របស់បងប្អូនប្រជាពលរដ្ឋ នាពេលនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រែក្លាយកសិកម្មនៅក្នុងស្រុកបន្ទាយស្រី ឱ្យទៅជាដែនដីកសិទេសចរណ៍ ដ៏គួរឱ្យ ទាក់ ទាញមួយ ក្រោមគម្រោងសាកល្បង ក្នុងចង្កោមនៃគំនិតផ្តួចផ្តើមជាច្រើនទៀតដែលរដ្ឋបាលស្រុកបានសហការជាមួយ អង្គការដៃគូ និងអ្នកបច្ចេកទេសកសិកម្ម ដើម្បីតម្រង់ទិស និងផ្តល់ជំនួយគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកទីផ្សារ សំដៅធ្វើ យ៉ាងណាឱ្យសហគមន៍កសិករនៅក្នុងស្រុកមានភាពជឿជាក់ និងអាចឈោងចាប់យកសក្តានុពលនៃការធ្វើកសិកម្មសម្រាប់ បម្រើឱ្យវិស័យទេសចរណ៍បាន៕

 

 

អត្ថបទដែលជាប់ទាក់ទង