ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលា​តាម​អន​ឡាញ​ស្ដីពី STEM និង EdTech

65

 

​ភ្នំពេញ​៖​ធនាគារអភិវឌ្ឍន៍អាស៊ី សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​សិក្ខាសាលា​តាម​អន​ឡាញ​ស្ដីពី STEM និង EdTech នៅ​កម្ពុជា ដើម្បី​បង្ហាញ​ពី (១)​ការអនុវត្ត​ល្អៗ​ពី​អន្តរជាតិ​លើ​ការអប់រំ STEM និង EdTech (២)​ការសិក្សា​វាយតម្លៃ STEM និង EdTech និង (៣)​ដើម្បី​ពិភាក្សា​អំពី​អាទិភាព​ដែលជា​មធ្យោបាយ​ឆ្ពោះទៅមុខ​សម្រាប់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​សិក្ខាសាលា​នេះ បានចាប់ផ្ដើម​កាលពី​វេលា​ម៉ោង ៩​ព្រឹក​ថ្ងៃទី​១១ ធ្នូ ២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​មានការ​អញ្ជើញ​ចូលរួម​តាម​អន​ឡាញ​ពី​លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស និវាសដ្ឋាន បេសកកម្ម​នៅ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង គណៈ​គ្រប់គ្រង​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រធាន​អង្គភាព និង​គ្រូបង្រៀន​សរុប​ប្រមាណ​ជាង​១​ពាន់​នាក់ នៅតាម​វិទ្យាល័យ​ធនធាន និង​វិទ្យាល័យ​នានា​ទូទាំងប្រទេស​តាមរយៈ​កម្មវិធី ZOOM ។​

​នៅក្នុង​សិក្ខាសាលា​នេះ រួមមាន​ការធ្វើ​បទ​បង្ហាញ​ដោយ​វាគ្មិន​មកពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើ​ប្រធានបទ​ផ្សេងៗ​ជាច្រើន​ដូចជា (១) ទិដ្ឋភាព​ទូទៅ​នៃ​ការសិក្សា​ស្រាវជ្រាវ​ប្រទេស​ដែល​អនុវត្ត​កម្មវិធី STEM (២) ការអនុវត្ត​ល្អៗ​លើ​ជា​សកល និង​ករណី​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី (៣) ការរកឃើញ​បឋម​ពី​ការសិក្សា​ស្ទែ​ម​នៅ​កម្ពុជា (៤) គម្រោង​សង្ខេប​អំពី​ការសិក្សា EduTech នៅ​កម្ពុជា (៥) និន្នាការ​សកល​លើ EduTech (៦) ការរកឃើញ​បឋម​លើ​ការវាយតម្លៃ EduTech នៅ​កម្ពុជា​។​

​ថ្លែង​នៅក្នុង​សិក្ខាសាលា​នេះ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី ដែល​បាន​គាំទ្រ​ការអភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​កម្ពុជា តាមរយៈ​គម្រោង​ជាច្រើន​ដែល​បាន​នឹង​កំពុង​អនុវត្ត​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​នានា​នៅ​កម្ពុជា​។

​លើសពីនេះ​ទៀត ឯកឧត្ដម​ក៏បាន​ថ្លែងអំណរគុណ​ដល់ ADB ដែល​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​លើ​ការអនុវត្ត​កម្មវិធី STEM នៅ​កម្ពុជា​ដើម្បី​ផ្ដល់​ជា​អនុសាសន៍​ត្រឡប់​មកកាន់​ក្រសួង​វិញ​។ ឆ្លើយតប​នឹង​ការរកឃើញ​នេះ ឯកឧត្ដម​បានផ្ដល់​ម​តិ​ត្រឡប់​អំពី​វឌ្ឍនភាព​នៃ​ការសិក្សា​ស្ទែ​ម នៅតាម​វិទ្យាល័យ​ធនធាន​ដែលជា​គម្រោង​គាំទ្រ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​បញ្ជាក់ថា​យើង​អាចអនុវត្ត​កម្មវិធី​ស្ទែ​ម​បាន​តាម​លទ្ធភាព និង​ធនធាន​សម្ភារៈ​ដែល​យើង​កំពុងមាន ហើយ​មូលដ្ឋាន​ចាំបាច់​ដែល​ធ្វើឱ្យ​ការសិក្សា​ស្ទែ​ម​មាន​ភាព​ទាក់ទាញ​នៅ​កម្ពុជា​បាន គឺ​ត្រូវមាន​អគ្គិសនី និង​ការ​បង្កើនល្បឿន​អ៊ីនធឺណិត​នៅតាម​សាលារៀន​ឱ្យ​កាន់តែ​ប្រសើរ​៕

អត្ថបទដែលជាប់ទាក់ទង