ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខាកាកបាទក្រហមខេត្ត នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមន្ត្រីចូល និវត្តន៍សរុបចំនួន ១៣៩គ្រួសារ

117

នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈ កម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញ សំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមន្ត្រីចូល និវត្តន៍សរុបចំនួន ១៣៩គ្រួសារ។ ពិធីនេះរៀបចំនៅសាលាស្រុកស្ទឹងហាវ ដោយ មាន ការចូលរួមពីសមាជិក សមាជិកាគណៈកម្មា ធិការសាខា លោកប្រធានក្រុមប្រឹក្សាស្រុកលោកអភិបាលនៃគណៈអភិបាលស្រុកស្ទឹងហាវ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។

លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានរាយការណ៍ថា ស្រុកស្ទឹង ហាវ មានប្រជាពលរដ្ឋក្រ១.ចំនួន ២០៣ គ្រួសារ ក្រ.២ ចំនួន ៣៣៩គ្រួសារ ក្នុងនោះឃុំអូត្រេះមាន ១២៦គ្រួសារ ឃុំកំពេញ ៥៩គ្រួសារ ឃុំទំនប់ រលក ២៧២ គ្រួសារ និងឃុំកែវផុស ៨៥គ្រួសារ។ ក្នុងថ្ងៃនេះយើងធ្វើការចែកអំណោយជូន ប្រជា ពលរដ្ឋងាយរងគ្រោះ និងមន្ត្រីចូល និវត្តន៍សរុបចំនួន ១៣៩គ្រួសារ មកពីឃុំទំនប់រលក ២៨ គ្រួសារ ឃុំអូរត្រេះ ៤០ គ្រួសារ ឃុំកំពេញ ២៧ គ្រួសារ និងឃុំកែវផុស ៤៤គ្រួសារ ។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តបានពាំនាំការសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទ ក្រហមកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះ សីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុម ប្រឹក្សាខេត្ត ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនមានប្រកាន់វណ្ណ: ពូជ សាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។

ឯកឧត្តម បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតពីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានខិតខំប្រឹង ប្រែងធ្វើឱ្យប្រទេស ជាតិមានសុខសន្តិភាព ជម្រុញការអភិវឌ្ឍធ្វើឱ្យសេដ្ឋកិច្ចជាតិមានការកើនឡើង កម្ពុជាមានឈ្មោះល្បីរន្ទឺ និងទទួលបានតំណក់ប្រេងដំបូងកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០កន្លងមក ប្រជាពលរដ្ឋ នៅទូទាំងប្រទេសបានអប អរសាទរយ៉ាងខ្លាំង។ សកម្មភាព និងការខិតខំប្រឹងប្រែងរបស់កម្ពុជាបន្តមកពីសម្តេចបរមរតនកោដ្ឋិរហូតមកដល់បច្ចុប្បន្ន។ រាជរដ្ឋាភិបាលបានត្រៀមប្រើ ប្រាស់ថវិកានេះទៅលើវិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា ក៏ប៉ុន្តែមិនទាន់ឆ្លើយតបតាមតម្រូវការអភិវឌ្ឍ។ តំណក់ប្រេងរបស់កម្ពុជា ជាកំណប់ទ្រព្យដ៏មហា សាលរបស់ជាតិយើង។ ឯកឧត្តម បានសំណូមពរប្រជាពលរដ្ឋ កុំឱ្យជឿឃោសនារបស់ក្រុមក្រៅច្បាប់ ដែលបានឃោសនាឱ្យប្រជាពលរដ្ឋត្រៀមទទួលនៅថ្ងៃទី៤ ខែ មករា ឆ្នាំ ២០២១ ខាងមុខ ដែលសកម្មភាពនេះជាការបោកប្រាស់ ព្រោះអ្នកទាំងនោះ ជាអ្នកមានទោសតាមសាលដីការតុលាការ រាជធានី ខេត្ត ប្រសិនបើពួកគាត់ចូលមកកម្ពុជា គឺត្រូវជួបបញ្ហាប្រឈមពីរ
ទី១.ត្រូវធ្វើចក្តាឡឺស័ករយ:ពេល ១៤ថ្ងៃ ជាមុនសិន
ទី២.អនុវត្តវិធានការច្បាប់(ជនមានទោស) ពីបទញុះញង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលប្តេជ្ញាការពាសន្តិភាព ព្រោះកម្ពុជាមានការឈឺចាប់ដោយសារសង្គ្រាម និងការបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ចជាតិជាយូរឆ្នាំមកហើយ។

ឯកឧត្តម គួច ចំរើន ក៏បានធ្វើការអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋត្រូវចូលរួមទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវផ្លាស់ប្ដូរទម្លាប់អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុលឱ្យបានញឹកញាប់ បើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ ឬកន្សែង ដើម្បីធានាថាសហគមន៍យើងមិនមានការឆ្លងជំងឺកូវីដ-១៩។ ឯកឧត្តម បានបន្តថា នេះជាថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃឆ្លងឆ្នាំសកល សូមបួង សួង និងពរជ័យជូនដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ពិសេសជនរួមជាតិនៅទូទាំងប្រទេសឱ្យ មានសុខភាពល្អ រកស៊ីទទួល ទានមានបានគ្រប់ៗគ្នា ក្នុងឱកាសឆ្នាំសកល ២០២០- ២០២១។

អំណោយរបស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនប្រជាពលរដ្ឋមកពីរឃុំទាំង៤ ចំនួន ១៣៩ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ កំប៉ុង ១យួរ និងថវិកា ៥០,០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង