រថយន្ត Range Rover មួយគ្រឿងសង្ស័យម្ចាស់វា ស្រវឹងស្រាខ្លាំងបើករថយន្តលឿនជ្រុលទៅបុករថយន្តទាំងពីរគ្រឿងទៀតយ៉ាងពេញទំហឹង
ភ្នំពេញ ៖ រថយន្ត៣គ្រឿងបានទទួលរងការខូចខាងយ៉ាងខ្លាំងនិងមធ្យម ក្រោយពីមានហេតុការណ៍គ្រោះចរាចរណ៍បណ្តាលមកពីរថយន្ត Range Rover មួយគ្រឿងសង្ស័យម្ចាស់វាដែលជាជនជាតិចិនស្រវឹងស្រាខ្លាំងបើករថយន្តយ៉ាងលឿនជ្រុលទៅបុករថយន្តទាំងពីរគ្រឿងយ៉ាងពេញទំហឹងនោះ តែសតែសំណាងល្អមិនមានអ្នករងរបួសនោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ (ចំណុចជិតស្តុបផ្សារដើមគ) ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនជាតិចិនម្នាក់បើករថយន្ត Range Rover មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2M-5279 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុករថយន្ត Highlander ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BA-7807 ដែលបើកបរដោយបុរសម្នាក់ស្របទិសគ្នា បំរុងបត់ឆ្វេងចំពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្ត Highlander ខ្ទាតទៅបុករថយន្ត Hyundai starex ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AV-2158 ជិះដោយជនជាតិចិនពីរនាក់ប្ដីប្រពន្ធ និងកូនតូចធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចចំពាក់កណ្តាលទ្វាររថយន្តពេញទំហឹងបណ្ដាលឱ្យរងការខូចខាតរថយន្តទាំងបីគ្រឿង តែសំណាងល្អដែរដែលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះមិនបណ្តាលឲ្យមានអ្នករងរបួស។
ក្រោយកើតហេតុជនជាតិចិនជាអ្នកបង្កបម្រុងនឹងរត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋ ឃាត់បានប្រគល់ឲ្យសមត្ថកិច្ច។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕