ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ បាន​ថ្លែងថា រយៈពេល ៤២ ឆ្នាំ មកនេះ ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​ដំណាក់កាល​ធំៗ ប្រកបដោយ​វីរភាព ក្នុងការ ការពារ និង​ការស្តារ កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​

79

 

​ភ្នំពេញ​៖ សារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងឱកាស​រំ​ឮ​ក​ខួប​ទី ៤២ នៃ​ទិវា​ជ័យជម្នះ ៧ មករា ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២១ នេះ ជា​ថ្ងៃ​គម្រប់​ខួប ៤២​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ ជា ប្រវត្តិសាស្ត្រ ដែល​បាន​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ឲ្យ​រស់រានមានជីវិត​ឡើងវិញ បាន​ទាន់ពេលវេលា ហើយ​បើក​ឡើង​នូវ​សករាជ​ថ្មី​របស់​កម្ពុជា គឺ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ។ ចាប់ផ្តើម​ពីថ្ងៃ​ជ័យជម្នះ ៧ មករា ប្រជាជន​យើង​បាន​ជ្រោង​ទង់​មហា​សាមគ្គី​ជាតិ ពុះពារ ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​ការពារ​ការ​រ​រស់រាន​មានជីវិត​របស់ខ្លួន ស្តារ និង​កសាង ប្រទេស​ឡើងវិញ​ពី​ចំណុចសូន្យ ធ្វើឱ្យមាន​ការផ្លាស់ប្តូរ រីកចម្រើន​ជា​ជំហានៗ រហូតមកដល់​បច្ចុប្បន្ន​នេះ ។​

​ក្នុង​ស្មារតី​ចងចាំ​ជានិច្ច មហា​ឧក្រិដ្ឋកម្ម​ដែល​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​បង្កឡើង និង​ចង ចាំ​ជានិច្ច​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ប្រយុទ្ធ ធ្វើ​ពលិកម្ម​យ៉ាង​អង់អាច ដើម្បី​វាយ​រំលំ​របប​ប្រល័យពូជសាសន៍ និង រាំង​ស្កាត់​មិនឱ្យ​របប​អប្រិយ​នេះ​អាច​វិលត្រឡប់​មកវិញ​បាន​នោះ ប្រជាជន​យើង​តែង​បាន​ប្រារព្ធ​ពិធី​រំឭក​ខួប អនុស្សាវរីយ៍​នៃ​ទិវា​ជ័យជម្នះ ៧ មករា យ៉ាង​អធិកអធម​ជា​រៀងរាល់ឆ្នាំ ជាមួយនឹង​ការ​សាទរ​ចំពោះ​សមិទ្ធផល​លើ គ្រប់​វិស័យ​ដែល​យើង​សម្រេចបាន​ក្នុង​ឆ្នាំ​កន្លងទៅ​។ សម្រាប់​ឆ្នាំនេះ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ដែលជា​វិបត្តិ សុខភាព​សកល បាននិងកំពុង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សង្គម សេដ្ឋកិច្ចកម្ពុជា​នោះ បាន​តម្រូវ​ឲ្យ​យើង​ត្រូវ ផ្អាក​ការជួបជុំ​ធ្វើ​មី​ខ្លាំង ដើម្បី​ប្រមូលផ្តុំ​ការប្រឹងប្រែង​ប្រយុទ្ធ ទប់ស្កាត់ និង​បង្ការ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ ទោះបីជា យ៉ាងនេះ​ក្តី ក៏​អត្ថន័យ និង​ស្មារតី​ជ័យជម្នះ ៧ មករា ស្ថិត​នៅរស់​រវើក​ជានិច្ច​ក្នុង​មនសិការ​របស់​ប្រជាជន​កម្ពុជា ។ ប្រជាជន​យើង​បាន​ប្រសិទ្ធ​នាម​ថ្ងៃ​ជ័យជម្នះ ៧ មករា ជា​ថ្ងៃកំណើត​ទី​ពីរ​របស់ខ្លួន​, ជ័យជម្នះ ៧ មករា ជា មូលដ្ឋានគ្រឹះ​នៃ​ការកកើត​ឡើងវិញ និង​ការរីកចម្រើន​នូវ​អ្វីៗ​គ្រប់យ៉ាង ដែលជា​គុណ​តម្លៃ​សម្រាប់​សង្គមជាតិ , បើ​គ្មាន​ជ័យជម្នះ ៧ មករា​ទេ យើង​ពិតជា​គ្មាន​ជីវិត និង​គ្មានអ្វីៗ​ទាំងអស់​ដូច​ក្នុងពេល​បច្ចុប្បន្ន​នេះឡើយ​។

​សម្តេច​តេ​ជោ បាន​ថ្លែងថា រយៈពេល ៤២ ឆ្នាំ មកនេះ ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​ដំណាក់កាល​ធំៗ ប្រកបដោយ​វីរភាព ក្នុងការ ការពារ និង​ការស្តារ កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​។ នៅលើ​វិថី​ដ៏​សែន​លំបាក​នេះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ការតស៊ូ​រំដោះជាតិ​ពីរ​បប​ប្រល័យពូជសាសន៍ បាន​ផ្សារភ្ជាប់​ខ្លួន​ជាមួយ​ប្រជាជន​នៅ​គ្រប់ កាលៈទេសៈ និង​គ្រប់​ស្ថានភាព បន្ត​ដឹកនាំ​ប្រទេស​ឆ្លងកាត់​ឧបសគ្គ​តូចធំ​ច្រើន​រាប់មិនអស់ រហូតមកដល់​ដំណាក់ កាល​អភិវឌ្ឍន៍​ក្នុង​សន្តិភាព​ប្រកបដោយ​មោទនភាព​។ ពី​ទឹកដី​មួយ​ជា​វាលពិឃាត​នៃ​របប​ប្រល័យពូជសាសន៍ ជា​សមរភូមិ​នៃ​សង្គ្រាម​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ , ជា​ប្រទេស​ក្រីក្រ​ឱនថយ​បំផុត​ផ្នែក​សេដ្ឋកិច្ច , ជា​ប្រជាជាតិ​ត្រូវគេ​ប្រមាថ និង​ឯកោ​យ៉ាង​អយុត្តិធម៌ ឥឡូវ​កម្ពុជា​គឺជា​ប្រទេស​ដែល​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ , ជា​ទឹកដី​ដែលមាន​សុខសន្តិភាព​ពេញលេញ​, ជា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់ យ៉ាង​លឿន​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង ព្រម​ជាមួយនេះ កិត្យានុភាព​ជាតិ​របស់​កម្ពុជា ក៏បាន​លើកកម្ពស់​ឡើងវិញ​លើ​ឆាក​អន្តរជាតិ ។ ទាំងអស់នេះ គឺជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ ដ៏​ថ្លៃថ្លា​បំផុត របស់​ប្រជាជន​កម្ពុជា​គ្រប់រូប គ្រប់​ជនជាតិ គ្រប់​ជំនឿ​សាសនា គ្រប់​និន្នាការ​នយោបាយ ដែល​យើងទាំងអស់គ្នា ត្រូវ​រួមគ្នា​ការពារ ថែរក្សា ពូន​ជ្រំ មិន​ឲ្យ​បុគ្គល​ណា ក្រុម​ណា ឬ​បរ​ទេសណា មក​បំផ្លាញ​ទៅវិញ​បានឡើយ ។​

​ជនរួមជាតិ​ជាទី​ស្នេហា​!​សន្តិភាព​មានតម្លៃ​ពុំ​អាច​កាត់ថ្លៃ​បានឡើយ សន្តិភាព និង​ស្ថិរភាព​នយោបាយ ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​។ លើ​មូលដ្ឋាន​សន្តិភាព​នេះហើយ ទើប​កម្ពុជា​អាច​ងើបឈរ​ឡើងវិញ​ដោយ ខ្លួនឯង ហើយ​បាននិងកំពុង​បោះជំហាន​ទៅមុខ​លើ​វិថី​អភិវឌ្ឍន៍​។ ជា​អកុសល វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ការ គំរាមកំហែង​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​ដែល​កម្ពុជា​សម្រេចបាន​ក្នុង​រយៈពេល ៣ ទសវត្សរ៍​កន្លងមក ជាមួយគ្នានេះ គ្រោះទឹកជំនន់​ក៏បានផ្តល់​ផលវិបាក​ដល់​យើង​បន្ថែមទៀត ទោះបីជា​ដូច្នេះ​ក្តី ក៏​ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់​ជាថ្មី ។ នូវ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​រក្សា​ភាពជា​ម្ចាស់​លើ​ការងារ​ជា​អាទិភាព​ចម្បង​ទាំងពីរ​គឺ ទី​១: ការ រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការគ្រប់គ្រង​ស្ថានការណ៍ និង​ទី ២ គឺ ការរក្សា ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឲ្យ​បានល្អ​ប្រសើរ និង​បន្ត​ជំរុញ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​រាល់​ភារកិច្ច​ដែល​ខ្ញុំព្រះករុណាខ្ញុំ​បាន ដាក់ចេញ ដើម្បី​សន្តិភាព សុវត្ថិភាព សុខុមាលភាព​ប្រជាជន និង​ការអភិវឌ្ឍ​។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា “​នៅក្នុង​ឱកាស​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ម្លប់​ដ៏​ត្រជាក់​នៃ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដើម្បី​សម្រេច​សមិទ្ធផល​ថ្មីៗ​ទៀត​ក្នុង ការកសាង និង​ការពារ​មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង​។ ជាមួយគ្នានេះ សូម​ជនរួមជាតិ​បន្ត​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​រាល់ វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ជម្នះ​ផលវិបាក ដែល​ជំងឺ​នេះ​បង្កឡើង និង​ផលវិបាក​នៃ​គ្រោះទឹកជំនន់​ឆ្នាំ ២០២០ កន្លងទៅ សំដៅ​ធ្វើឱ្យមាន​ប្រក្រតីភាព​ឡើង វិញ​ឆាប់រហ័ស​នូវ​ដំណើរ​រីកចម្រើន​នៃ​សង្គម សេដ្ឋកិច្ច​របស់​កម្ពុជា ។ ខ្ញុំព្រះករុណាខ្ញុំ​ពិតជា​មាន​សេចក្តីរំភើប​ឥតឧបមា ដែល​បានឃើញ​ការចូលរួម​ដ៏​ផុលផុស​បំផុត របស់​បងប្អូន​ជនរួមជាតិ​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​មជ្ឈដ្ឋាន ទាំង ក្នុងប្រទេស ទាំង​ក្រៅប្រទេស​នៅក្នុង​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្លាយជា​ចលនា​ជាតិ​ដ៏​ទូលំទូលាយ​ដើម្បី ការពារ​ខឿន​សុខភាព​របស់​ប្រជាជន​”​។​

“​ស្មារតី ៧ មករា គឺ​សាមគ្គីភាព វីរភាព និង​ជ័យជម្នះ ។ ស្មារតី ៧ មករា ធ្វើឱ្យ​យើង​ត្រូវ​ប្តូរផ្តាច់​ថែរក្សា​រាល់ សមិទ្ធផល​នៃ​សង្គមជាតិ និង​ការពារ​មិនឱ្យ​កើតមាន​ជាថ្មី​នូវ​អំពើ​ប្រល័យពូជសាសន៍ សង្គ្រាម និង​ការបែកបាក់​ផ្ទៃក្នុង ជាតិ​ដូចពេលមុន​ទៀត ស្មារតី ៧​មករា ជា​ស្មារតី​មហា​សាមគ្គី​ប្រជាជាតិ​ខ្មែរ ដើម្បី​យកឈ្នះ​លើ​រាល់​ឧបសគ្គ និង​ការ ។ លំបាក​នានា​របស់​ជាតិ​។ ស្មារតី ៧ មករា មានគុណ​តម្លៃ​ជា​អមតៈ​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា ក្នុងការ​បន្តដំណើរ​ទៅមុខទៀត​លើ​មាគ៌ា​ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​” សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​យ៉ាង​ដូច្នេះ​៕

អត្ថបទដែលជាប់ទាក់ទង