បញ្ជូនខ្លួនអ៊ុំប្រុសទៅតុលាការ ពីបទចាប់ក្មួយស្រីរបស់ខ្លួន រំលោភសេពសន្ថវៈ បានសម្រេចជាច្រើនលើក
ឧត្តរមានជ័យ ៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។
ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រោយពីទទួលពាក្យបណ្ដឹងពីឈ្មោះ លន់ ឡាត់ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (ត្រូវជាអ៊ុំប្រុសជនរងគ្រោះ) ថាមានកើតករណីរំលោភសេពសន្ថវៈ មកលើក្មួយស្រីរបស់ខ្លួន កម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកបន្ទាយអំពិល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកខ្ពស់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ១នាក់ មានឈ្មោះ ឡូត យ៉េ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះ ឈ្មោះ ឡ អ ស អាយុ ១៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្រេចជាច្រើនលើក ។
បន្ទប់ពីធ្វើការឃាត់ខ្លួនបាន ជនសង្ស័យឈ្មោះ ឡូត យ៉េ បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាព រំលោភសេពសន្ថវៈ ទៅលើឈ្មោះ ឡ អ ស បានសម្រេចជាច្រើនដងពិតប្រាកដមែន ដោយគិតចាប់ពីអំឡុងខែសីហា ឆ្នាំ២០២០ រហូតដល់ ខែធ្នូ ឆ្នាំ២០២០ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចរាល់៕