ចាប់ជនសង្ស័យម្នាក់ ចេញសែកស្អុយថ្លៃទិញរថយន្ត
ខេត្តកណ្តាល៖ កុំចេះតែហ៊ាន និងដោះសារម្តងហើយ ម្តងទៀត ដើម្បីជាលេះករណី រំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ ៤ម៉ឺនដុល្លារថ្លៃទិញរថយន្ត) ដែលកើតហេតុនៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២០ ចំណុចភូមិ ចេតិយទ្រេត ឃុំ វិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ សេង ចាន់រ៉ាវុត ភេទ ប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិ ខ្មែរ មុខរបរ លក់ដីឡូត៍ទីលំនៅភូមិ ជីកដី ឃុំ អណ្តូងត្របែក ស្រុក រមាសហែក ខេត្ត ស្វាយរៀង ។
ជនសង្ស័យ ឈ្មោះ ទេព ណាវុន ភេទ ប្រុស ឆ្នាំកំណើត ១៩៨២ ជនជាតិ ខ្មែរ មុខរបរ ប្រធាបក្រុមហ៊ុន ទេព ណាវុន (លក់ស្ករស) មានទីលំនៅភូមិ ស្តុក ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្ត កណ្តាល ។
នគរបាលស្រុកពញាឮបានបញ្ជាក់ពី សភាពនៃរឿងហេតុនេះថា នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២០ ជនរងគ្រោះឈ្មោះសេង ចាន់រ៉ាវុតបានយករថយន្តរបស់ខ្លួនម៉ាក MG RX8 ពណ៌ ស ផលិតឆ្នាំ ២០១៩ លេខតួ LSJW84W9XLGO015499 ពាក់ផ្លាកលេខ ភ្នំពេញ 2BG-6948 យកមកលក់ឲ្យជនសង្ស័យឈ្មោះ ទេព ណាវុន ក្នុងតំលៃ ៥០០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារ) ប៉ុន្តែជនសង្ស័យឈ្មោះ ទេព ណាវុន បានប្រគល់ប្រាក់ មកឲ្យជនរងគ្រោះឈ្មោះសេង ចាន់រ៉ាវុត បានចំនួន ១០០០០ ដុល្លារ (មួយម៉ឺនដុល្លារ) តែប៉ុណ្ណោះ ដោយសន្យាប្រគល់ប្រាក់គ្រប់ចំនួន ៤០០០០ ដុល្លារ (បួនម៉ឺនដុល្លារ) នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០។ ដល់នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០ ជាថ្ងៃកំណត់ជនសង្ស័យឈ្មោះ ទេព ណាវុនត្រូវប្រគល់ប្រាក់ឲ្យម្ចាស់រថយន្តគ្រប់ចំនួនខាងលើ ក្នុងពេលនោះជនសង្ស័យឈ្មោះទេព ណាវុនមិនមានប្រាក់សងឡើយ ហើយបានគេចវេស មិនព្រមចូលខ្លួនមកជួបដោះស្រាយជាមួយជនរងគ្រោះជាម្ចាស់រថយន្ត។ លុះដល់ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២០ ជនសង្ស័យឈ្មោះ ទេព ណាវុន បានចេញមូលប្បទានប័ត្រលេខ ៣២៥៧៤ ដែលកំណត់សាច់ប្រាក់ចំនួន ៤០០០០ ដុល្លារ (បួនម៉ឺនដុល្លារ) នៅធានាគារវឌ្ឍនៈចំកាត់(ABA) ឲ្យទៅឈ្មោះ ហ៊ែល រ៉េត ជាមិត្តភក្តិ របស់ជនរងគ្រោះ ដើម្បីបើកប្រាក់ពីធានាគារ ឲ្យទៅជនរងគ្រោះឈ្មោះ សេង ចាន់រ៉ាវុត(ម្ចាស់រថយន្ត) ប៉ុន្តែមូលប្បទានប័ត្រ ដែលជនសង្ស័យឈ្មោះ ទេព ណាវុន ចេញឲ្យនោះគឺគ្មានសាច់ប្រាក់(សែកស្អុយ) ចាប់ពីថ្ងៃនោះមកជនរងគ្រោះបានតេទូរស័ព្ទទៅជនសង្ស័យជាច្រើនលើក ប៉ុន្តែមិនលើកទូរស័ព្ទ ព្រមទាំងគេចវេសរហូត។
នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២១ ជនរងគ្រោះ សេង ចាន់រ៉ាវុត បានមកដាក់ពាក្យបណ្តឹងប្តឹងទៅលើ ជនសង្ស័យឈ្មោះ ទេព ណាវុន អំពី រឿងហេតុខាងលើតែម្តង ។ បន្ទាប់មកកម្លាំងជំនាញ បានការកោះហៅជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីឃាត់ខ្លួនសាកសួរ .
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា៖ នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២០ ខ្លួនបានទិញរថយន្ត ម៉ាក MG RX8 ពណ៍ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 2BG-6948 ពីឈ្មោះ សេង ចានរ៉ាវុត ក្នុងតម្លៃ ៥ម៉ឺន ដុល្លា ប៉ុន្តែខ្លួន បានឲ្យប្រាក់ទៅម្ចាស់រថយន្ត បានចំនួន ១ម៉ឺនដុល្លាប៉ុណ្ណោះនៅខ្វះចំនួន៤០០០០$(បួនម៉ឺនដុល្លាអារិច) ដោយសន្យាសង ចំនួន ៤ម៉ឺនដុល្លា នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០ លុះដល់ថ្ងៃសន្យាសងប្រាក់ខ្លួនមិនមានប្រាក់សងតាមការកំណត់ឡើយ ។
រហូតដល់ថ្ងៃទីពុំចាំ ខែ តុលា ឆ្នាំ ២០២០ ខ្លួនបានយករថយន្ត ម៉ាក MG RX8 ទៅបញ្ជាំគេ មិនស្គាល់ឈ្មោះ នៅហាងការហ្វេមួយកន្លែង មិនចាំផ្លាកយីហោ (ក្រុងភ្នំពេញ) ក្នុងតម្លៃ ២ម៉ឺនដុល្លាអាមេរិច ។
បន្ទាប់មក នៅថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២០ ខ្លួនបានសុំឲ្យ ឈ្មោះ ហ៊ែល រ៉េត ភេទប្រុស ទៅជួយនិយាយជាមួយម្ចាស់រថយន្តឈ្មោះសេង ចាន់រ៉ាវុត ហើយក៏បានចេញមូលប្បទានប័ត្រ ១ សន្លឹក ចំនួន ៤០០០០ដុល្លារ ឲ្យទៅឈ្មោះ ហ៊ែល រ៉េត (ទុកបើកសងថ្លៃទិញរថយន្ត) រួចហើយនិយាយពឹងពាក់ឈ្មោះហ៊ែល រ៉េតឲ្យជួយនិយាយ ជាមួយម្ចាស់រថយន្ត ដើម្បីឲ្យម្ចាស់រថយន្ត មានទំនុកចិត្ត ។ ក្រោយពីទទួល បានមូលប្បទានបត្រ័ ហើយឈ្មោះ ហ៊ែល រ៉េត បានយក មូលប្បទានប័ត្រ(សែក)នោះ ទៅដកប្រាក់ពីធានាគារ (ABA)ទើបដឹងថាសែកដែលខ្លួនទទួលបានពី ឈ្មោះ ទេព ណាវុន គឺជា មូលប្បទានប័ត្រ គ្មានប្រាក់ ( សែកស្អុយ ) ។
ចំពោះករណីខាងលើនេះ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ចុះកសាងសំណុំរឿងចាត់តាមនីតិវិធី ៕