ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងរាជអាវុធហត្ថ ឃាត់ខ្លួនបុរសម្នាក់ អះអាងខ្លួនជាអាវុធហត្ថ ដកកាំភ្លើងគំរាម ជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្តុំផ្សារថ្មី

92

 

ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ ដែលបង្កហេតុដកកាំភ្លើងគំរាម ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ និងបានអះអាងខ្លួនជាអាវុធហត្ថ កើតហេតុនៅចំណុចផ្តុំផ្សារថ្មី។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កងរាជអាវុធហត្ថ បានប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាប អំពីបុគ្គលដែលបង្កហេតុដកកាំភ្លើង និងបានអះអាងខ្លួនជាអាវុធហត្ថ កើតហេតុនៅចំណុចផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបថា បុគ្គលដែលបង្កហេតុដកកាំភ្លើង និងបាន អះអាងខ្លួនជាអាវុធហត្ថ កើតហេតុនៅចំណុចផ្ដុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ ទីលំនៅផ្ទះលេខ១២អ៊ីសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្រប សម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ។

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ កងរាជអាវុធហត្ថបានចេញសេចក្តីប្រកាសព័ត៌មាន និងបានបញ្ជាក់ច្បាស់ថា ក្នុងករណីបុគ្គលណាប្រព្រឹត្តល្មើសច្បាប់ ត្រូវតែ បញ្ជូនបុគ្គលនោះទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដូចទិសស្លោកដែលបានដាក់ចេញ៖ ចំពោះប្រទេសជាតិត្រូវតែការពារ! ចំពោះប្រជាត្រូវតែបម្រើ! ច្បាប់ត្រូវតែគោរព! បទល្មើសត្រូវតែបង្រ្កាប។

ឆ្លៀតក្នុងឱកាសនេះ កងរាជអាវុធហត្ថ ក៏សូមអំពាវនាវដល់បុគ្គលគ្រប់រូប សូមចូលរួម គោរពច្បាប់ទាំងអស់គ្នា ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន និងសាធារណជន មេត្តា ជ្រាបជាព័ត៌មាន។

កងរាជអាវុធហត្ថបានឃើញ ក្នុងបណ្ដាញព័ត៌មានសង្គម ហ្វេសប៊ុក គណនីឈ្មោះ “ព័ត៌មានទាន់ហេតុការណ៍” បានសរសេរអត្ថបទមួយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ថា “គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍សោះលោកនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយដកកាំភ្លើងគំរាមយុវជនម្នាក់”។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាប​ជូនសាធារណជន អ្នកសារព័ត៌មាន ជ្រាបថា កងរាជអាវុធហត្ថ បានធ្វើការចុះត្រួតពិនិត្យ ស្រាវជ្រាវករណីរឿងហេតុខាងលើនេះ ដល់កន្លែងកើតហេតុតាមនីតិវិធី។ មន្ត្រីជំនាញកងរាជអាវុធហត្ថ បានបញ្ជាក់ថា បុគ្គលដែលបង្កហេតុដកកាំភ្លើងនៅផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាប្រមាណម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត៖ ១៧-០៨-១៩៩៣ មាន​ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុគ្គលឈ្មោះ សុខ ណាម៉ាលីដូ មិនមានឈ្មោះនៅក្នុងក្របខ័ណ្ឌរបស់កងរាជអាវុធហត្ថ និងអាវុធខ្លីម៉ាក់កា៥៩ លេខ២៩៩៩ ក៏មិនមាននៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថផងដែរ។

ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាគោលជំហរ បុគ្គលិកនៃកងរាជអាវុធហត្ថរូបណាដែលប្រព្រឹត្តនូវកំហុសឆ្គង ល្មើសវិន័យកងទ័ព ត្រូវតែអនុវត្តទណ្ឌកម្មវិន័យ ដូចមានចែងក្នុងបទប្បញ្ញត្តិនៃបទវិន័យទូទៅ និងលក្ខន្តិកៈទូទៅសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ។ ក្នុងករណីបុគ្គលណាប្រព្រឹត្តល្មើសច្បាប់ ត្រូវតែបញ្ជូនបុគ្គលនោះទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដូច​ទិសស្លោកដែលបានដាក់ចេញនាពេលកន្លងទៅ “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូ​វ​តែគោរព បទល្មើសត្រូវតែបង្ក្រាប”៕

អត្ថបទដែលជាប់ទាក់ទង