ក្រុមប្រឹក្សារាជធានីថា៖ មួយឆ្នាំ២០២០នេះ អាជ្ញាធររាជធានីភ្នំពេញ រក្សាសន្តិសុខសណ្ដាប់ធ្នាប់និងគ្រប់គ្រងរដ្ឋបាលទូទៅបានយ៉ាងល្អប្រសើរ
ភ្នំពេញ៖ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអះអាងថា៖ពេញមួយឆ្នាំ២០២០កន្លងទៅនេះរដ្ឋបាលរាជធានីភ្នំពេញបានរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់ ការគ្រប់គ្រងទប់ស្កាត់ជំងឺកូវីដ-១៩ជាមួយនឹងការគ្រប់គ្រងរដ្ឋបាលទូទៅបានយ៉ាងល្អប្រសើរ រហូតទទួលបាននូវការគាំទ្រនិងការជឿទុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញយ៉ាងពេញទំហឹង។
នេះបើតាមការលើកឡើងរបស់លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២១នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ក្នុងនោះលោកប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា៖ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការទប់ស្កាត់ជំងឺកូវីដ-១៩និងការគ្រប់គ្រងរដ្ឋបាលទូទៅ ឃើញថាក្នុងមួយឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញរក្សាបានយ៉ាងល្អប្រសើរ ។ប៉ុន្តែក៏នៅមានចំណុចខ្វះខាតសេសសល់មួយចំនួន ដែលអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ថែមទៀតដែរ។
លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញខិតខំប្រមូលផ្ដុំកម្លាំងដើម្បីអនុវត្តធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាពនិងត្រៀមបង្ហាញពីសមិទ្ធផលនានាជាមួយនឹងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ទាំងនេះ បង្ហាញឲ្យសាធារណៈជនបានឃើញ ដើម្បីយើងត្រៀមទទួលយកជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅឆ្នាំ២០២២ខាងមុខនេះ ។ លោកក៏បានស្នើសុំឲ្យពង្រឹងតួនាទីគ្រប់ថ្នាក់ ទាំងថ្នាក់ខណ្ឌ និងសង្កាត់ពីរបៀបរបបធ្វើការងារឲ្យកាន់តែល្អប្រសើរ កាន់តែទំនើបធានាបានស្ថេរភាព១០០ភាគរយ។
ជាមួយគ្នានោះដែរក្រុមប្រឹក្សារាជធានីបានសម្តែង ការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ដល់ការខិតខំពង្រឹង ការបង្ក្រាបបទល្មើស គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាការដោះស្រាយបញ្ចប់ទំនាស់ និងពាក្យបណ្តឹង ក្នុងឆ្នាំ ២០២០កន្លងមកនេះ ដែលថ្នាក់ខណ្ឌបានដោះស្រាយបញ្ចប់ចំនួន ១៨៨ករណី និងថ្នាក់សង្កាត់ ដោះ ស្រាយបញ្ចប់បាន ២,៤៨ករណី។
ចំណែកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំសិក្សាស្រាវជ្រាវរកឃើញសំណង់ ចាស់ៗនៅ តាមវត្តចំនួន៦៩ លើ ៨៩វត្ត ក្នុងខណ្ឌទាំង១៤ ព្រមទាំងរកឃើញវត្ថុបុរាណដែលមាននៅ តាមវត្តទាំង៣៦ លើ ១១០វត្ត និងទួលបុរាណចំនួន ២ទៀត (ទួលសំរោង និងទួលចាស់)។ កោតសរសើរ ចំពោះសកម្មភាពការបំបែកសហកម្មសិទ្ធិតាមបុរីមួយចំនួន។
ក្នុងកិច្ចប្រជុំនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ចំពោះរាល់សំណើរនិងសំណូមពររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញសុំឱ្យរដ្ឋបាលរាជធានីពង្រឹងតួនាទីគ្រប់ថ្នាក់ទាំងថ្នាក់ខណ្ឌ និងសង្កាត់ពីរបៀបរបបធ្វើការងារឲ្យកាន់តែល្អប្រសើរនោះរដ្ឋបាលរាជធានីភ្នំពេញនឹងខិតខំធ្វើកិច្ចការនេះឱ្យប្រសើរឡើងថែមទៀតក្នុងឆ្នាំ២០២១នេះ៕