ជនដៃដល់ ដែលបានបាញ់ សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីបានស្លាប់ហើយក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ
ភ្នំពេញ ៖ ជនដៃដល់ ដែលបានបាញ់សម្លាប់លោកវរសេនីយ៍ រ៉េត ស៊ីណាត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ដោយសាររឿងគ្រោះថ្នាក់ចរាចរណ៍ នៅមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានស្លាប់ហើយ ក្រោយពីបានផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារជននេះបានបាញ់តដៃមិនព្រមប្រគល់ខ្លួន។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ជនដៃដល់ ដែលបានបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌ ពេលនេះបានស្លាប់ហើយ ក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារជននេះបានបាញ់តដៃមិនព្រមប្រគល់ខ្លួន។
ករណីផ្ទុះអាវុធនេះ បានកើតឡើងនៅល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចអូរកណ្តៀង ស្រុកសំបូរខេត្តក្រចេះ បន្ទាប់ពីកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលស្រុកសំបូរ នឹងនគរបាលខេត្តស្ទឹងត្រែង ឡោមព័ទ្ធជនដៃដល់។ ជនដៃដល់ដែលត្រូវបាញ់ស្លាប់ ក្រោយតដៃជាមួយសមត្ថកិច្ចនេះ មានឈ្មោះ អ៊ា ណារ៉េន ដែលបានបាញ់សម្លាប់ លោកវរសេនីយ៍ រ៉េត ស៊ីណាត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីមានទំនាស់ដោយសាររឿងគ្រោះថ្នាក់ចរាចរណ៍ នៅមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ៕