ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក កើត រិទ្ធ ថា ក្រសួងយុត្តិធម៌ និងប្ដេជ្ញា ធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវា យុត្តិធម៌ជូនប្រជាពលរដ្ឋ

47

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានប្ដេជ្ញាចិត្ដ ថានិងធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវា យុត្តិធម៌ជូនប្រជាពលរដ្ឋទូទៅលប់បំបាត់ អំពើពុករលួយ និយមបក្សពួក ខ្សែខ្នងអ្នកធំ ជាដើម ។
លោកបានបញ្ជាក់ដូចនេះ នៅក្នុងពិធី ប្រកាសបើក សិក្ខាសាលាជុំទី៥ ស្តីពីទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម/សាលដីកា ដែលបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃគម្រោង អភិវឌ្ឍន៏ វិស័យច្បាប់ និងយុត្តិធម៌” ដំណាក់កាលទី ៥ ក្រោមកិច្ចសហការរវាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) និងក្រសួងយុត្តិធម៌។ កាលពីថ្ងៃចន្ទ ១១ រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ។
សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេល៥ ថ្ងៃពេញ ចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដោយមានការចូលរួមពីជំនាញការ JICA ប្រចាំក្រសួងយុត្តិធម៌ និងមានសិក្ខាកាមជាចៅក្រមនៃតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត និងមន្ត្រីអនុវត្តច្បាប់មួយចំនួនផ្សេងទៀត។
លោក កើត រិទ្ធ បានបញ្ជាក់ថា៖ សិក្ខាសាលានេះរៀបចំឡើង ដើម្បីផ្សព្វផ្សាយអំពីទម្រង់គំរូ និងដាក់បង្ហាញសាលក្រម/សាលដីកា ក៏ដូចជាដើម្បីពង្រឹងសមត្ថភាពរបស់ចៅក្រម និងមន្ត្រីអនុវត្តច្បាប់លើបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ដោយផ្តោតជាសំខាន់លើប្រធានបទពាក់ព័ន្ធនឹង ទី១-បញ្ញត្តិទាក់ទងទៅនឹងការបែងចែកទ្រព្យសម្បត្តិនៅក្នុងរឿងក្តីលែងលះ, ទី២-ចំណុចសំខាន់ៗនៃបទប្បញ្ញត្តិនៃក្រមនីតិវិធីរដ្ឋប្បវេណី និងទី៣-ទម្រង់គំរូនៃរឿងក្តីលែងលះ។
លោកបន្ដថា ៖ ការផ្សព្វផ្សាយទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម/សាលដីកា គឺជាជំហានវិវត្តថ្មីមួយក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភា ពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងក្នុងគោលបំណងសំខាន់ៗចំនួន៤គឺ៖ ទី១-ធានានូវឯក ភាព និងសង្គតិភាពនៃឯកសារនានាដែលត្រូវប្រើប្រាស់ជាស្តង់ដាររួមលើទម្រង់នៃសេចក្តីសម្រេច, ទី២-បង្កើនការយកចិត្តទុកដាក់របស់ចៅក្រមក្នុងការរៀបចំតាក់តែងសេចក្តីសម្រេចឱ្យបានត្រឹមត្រូវ និងប្រកបដោយគុណភាព។ ទី៣-ជាមូលដ្ឋាននៃការសិក្សាស្រាវជ្រាវ សម្រាប់ជាប្រយោជន៍ដល់ចៅ ក្រម មន្ត្រីអនុវត្តច្បាប់ អ្នកសិក្សាច្បាប់ និងប្រជាពលរដ្ឋទូទៅ និងទី៤-ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទូទៅសម្រាប់ប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមច្បាប់ ដូចជាទម្រង់គំរូនៃពាក្យបណ្តឹង៕. សំរិត

អត្ថបទដែលជាប់ទាក់ទង