ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រប់​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហគមន៍ ត្រូវតែ​ប្រើប្រាស់​សេវាកម្ម​ក្នុង​សហគមន៍​

41

 

​កោះកុង ៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា គ្រប់ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​ទេសចរណ៍​ទៅកាន់​សហគមន៍​ទេសចរណ៍ សហគមន៍​អេកូ​ទេសចរណ៍ និង​តំបន់​ទេសចរណ៍​ជនបទ ត្រូវ​ប្រើប្រាស់​សេវាកម្ម​របស់​សហគម​ន៍​ឱ្យបាន​ច្រើន ដាច់ខាត​មិនអាច​រំលង​ការទំនាក់ទំនង​ជាមួយ​ប្រជា​សហគមន៍​ឡើយ ដោយហេតុថា​កិច្ចសហការ និង​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍ នឹង​អាច​ចូលរួម​ជំរុញ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ឱ្យ​កានតែ​ប្រសើរឡើង​។​

​ការ​ថ្លែង​បែបនេះ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុ ន ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​រួមជាមួយ​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​ទេសចរណ៍​ថ្មី​នៃ​ខេត្តកោះកុង នា​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សាល​មហោស្រព​ខេត្តកោះកុង​។ លោក សុខ ចាន់​គ្រឹះ​ស្នា ត្រូវបានតែងតាំង​ជា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ជំនួស​លោក ប៊ុន ប៊ី​វ ដែល​ត្រូវ​ចូលនិវត្តន៍​។​

​នាឱកាស​នោះ ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​លើកឡើងថា វិស័យ​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ ត្រូវបាន​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ចាត់ទុកជា​អនុវិស័យ​ដ៏​សំខាន់បំផុត​នៃ​វិស័យ​ទេសចរណ៍​ពិភពលោក ដោយ​អនុ​វិស័យនេះ​បាន​ចូលរួម​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​យ៉ាងច្រើន ពិសេស​ក្នុងដំណាក់កាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ និង​ក្រោយ​វិបត្តិ​នេះ វិស័យ​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​បាននិងកំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ស្ដារ​វិស័យ​ទេសចរណ៍​ជាតិ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ប្រទេស​សមាជិក​អាស៊ាន​ទាំងមូល ក៏​កំពុង​យកចិត្តទុកដាក់​ខ្លាំង​ណាស់ដែរ​ចំពោះ​ការអភិវឌ្ឍ ការផ្សព្វផ្សាយ និង​ការជំរុញ​ឱ្យមាន​ចលនា​ទេសចរ​ក្នុងស្រុក​ទៅកាន់​តំបន់​អេកូ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ក​សិ​ទេសចរណ៍ និង​ទេសចរណ៍​ជនបទ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​បន្តថា ពី​ពេលនេះ​តទៅ តំបន់​អេកូ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ក​សិ​ទេសចរណ៍ និង​ទេសចរណ៍​ជនបទ នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជាតិ​ទាំងមូល ជំរុញ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរឡើង ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​រូបវន្ត​នានា ចូលរួម​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​ឱ្យនៅ​គង់វង្ស​យូរអង្វែង ពិសេស​គឺ​ផ្គាប់ចិត្ត​ភ្ញៀវទេសចរ​បាន​កាន់តែ​ល្អ​ក្នុងពេល​ពិភពលោក​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​ប្រការនេះ​នឹងចូលរួម​ជំរុញ​ការរីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច​ទាំងមូល​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ទេសចរណ៍​បានបញ្ជាក់​យ៉ាង​ដាច់អហង្កា​ថា «​គ្រប់ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​ទេសចរណ៍​ទៅកាន់​សហគមន៍​ទេសចរណ៍ សហគមន៍​អេកូ​ទេសចរណ៍ និង​តំបន់​ទេសចរណ៍​ជនបទ ត្រូវតែ​ប្រើប្រាស់​សេវាកម្ម​របស់​សហគម​ន៍​ឱ្យបាន​ច្រើន ដាច់ខាត​មិនអាច​រំលង​ការទំនាក់ទំនង​ជាមួយ​ប្រជា​សហគមន៍​បានឡើយ​»​។​

​ឯកឧត្តម​បាន​បន្តទៀតថា ការរៀបចំ​កញ្ចប់​ទស្ស​ន​កិច្ច​ទេសចរណ៍ ត្រូវ​បានតែ​ផ្ដល់​ចំណូល​ទៅឱ្យ​ប្រជា​សហគមន៍ ពីព្រោះ​ប្រជា​សហគមន៍​ជា​អ្នក​បង្កើតឱ្យមាន​ផលិតផល​ទេសចរណ៍ ជា​អ្នក​អភិរក្ស​ការពារ​ធនធានធម្មជាតិ ជីវចម្រុះ ក៏ដូចជា​សក្ដានុពល​ទេសចរណ៍​ដទៃទៀត រីឯ​វិស័យ​សាធារណៈ​ដែលមាន​ក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត រដ្ឋបាល​ស្រុក ឃុំ ភូមិ ព្រមទាំង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត ជា​អ្នកគាំទ្រ​ដល់​ការអភិវឌ្ឍ និង​ការអភិរក្ស​នៅក្នុង​មូលដ្ឋាន​សហគមន៍ ក៏ដូចជា​ជួយ​ផ្សព្វផ្សាយ បណ្ដុះបណ្ដាល​ប្រជា​សហគមន៍​ឱ្យ​ចេះ​ទទួលភ្ញៀវ​ទេសចរ​។​

​ប្រសិនបើ​ទីភ្នាក់ងារ​ទេសចរណ៍ (​ពិសេស​ក្រុម​ដែល​មិនបាន​ចុះបញ្ជី​) មិន​ព្រម​ទំនាក់ទំនង មិន​ប្រើប្រាស់​សេវាកម្ម​របស់​សហគម​ន៍ នោះ​សហគមន៍​មិនអាច​បន្តដំណើរ​ការអភិរក្ស និង​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ក្នុង​សហគមន៍​ប្រកបដោយ​ការពេញចិត្ត​បានឡើយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ព្រមាន​ថា ក្រសួងទេសចរណ៍​នឹង​ពង្រឹង​ការត្រួតពិនិត្យ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍ ក៏ដូចជា​ក្រុម​នាំ​ភ្ញៀវ​ដែល​ទៅដល់​សហគមន៍​ហើយ មិន​ប្រើប្រាស់​សេវាកម្ម​របស់​សហគម​ន៍ ដើម្បីឱ្យ​ការបែងចែក​ផល​ចំណូល​បាន​ទៅដល់​សហគមន៍​បាន​ខ្លះ សហគមន៍​សប្បាយចិត្ត​ក្នុងការ​បន្តការងារ​រ​បស់​ខ្លួន​ទៀត​។​

​ក្រោយ​ទទួលបាន​សំណូមពរ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ដែល​បានលើកឡើង​ក្នុង​អង្គពិធី​នោះ​រួចមក លោកជំទាវ​អភិបាលខេត្ត មិថុនា ភូ​ថង បាន​ចាត់ចែង​ឱ្យ​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ថ្មី ព្រមទាំង​មន្ត្រីក្រោមឱវាទ​ដែល​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ និង​អនុវត្តតាម​អនុសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ក្ដៅៗ​ភ្លាមៗ​តែម្ដង​។​

​សូមជម្រាបថា ខេត្តកោះកុង​ត្រូវបាន​ចាត់បញ្ចូល​ក្នុង​ចង្កោម​ខេត្ត​តំបន់ឆ្នេរ​ដែលជា​ប់​នាម​ថា «​តារា​រះ​នា​ទិសនិរតី​» និង​ជា​ខេត្ត​សម្បូរ​ទៅដោយ​តំបន់​អេកូ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ ដូច្នេះ​ការអនុវត្ត​តាម​យុទ្ធសាស្ត្រ 4Ps ត្រូវតែ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ជាប់ខ្ជួន​៕

អត្ថបទដែលជាប់ទាក់ទង