ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជ័យលាភី នៃ​ការប្រកួត​កីឡា វាយ​កូន​បាល់ ជើងឯក​ថ្នាក់ជាតិ​

66

​ភ្នំពេញ​៖ ការប្រកួត​កីឡា​វាយ​កូន​បាល់ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០​បានបញ្ចប់​ដោយ​ជោគជ័យ នៅ​ល្ងាច​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។​

លោកជំទាវ ឧ​ត្ត​ម​សេនីយ៍​ស៊ុ សុខា នាយករង​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ នៃ​ក្រសួងការពារជាតិ​, លោក ទេព រិ​ទ្ធិ​វិ​ទ្ធ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ព្រមទាំង​តំណាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បំពាក់​មេដាយ​ដល់​ជ័យលាភី ។​

​លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​វាយ​កូន​បាល់​ជើងឯក​ថ្នាក់ជាតិ ដែល​បាន​ដំណើរការ​អស់​រយៈពេល​៤​ថ្ងៃនេះ​បានបញ្ចប់​ជាមួយនឹង​លទ្ធផល​ល្អប្រសើរ​។​ការប្រកួត​យ​នេះ​ធ្វើឡើង​ក្រោម​គម្រោង​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ​យុ​ជន​និង​កីឡា​។​មន្ត្រី​និង​អនុគណៈកម្មការ​គ្រប់ផ្នែក​ទាំងអស់​បាន​បំពេញ​តួនាទី​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​លើ​
​ភារកិច្ច​របស់ខ្លួន ។​

​អគ្គលេខាធិការរង​រូបនេះ​បន្ថែមថា វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​មាន​ចំនួន​៤ ដោយមាន​ប្រកួត​សរុប​ចំនួន​៣៧​ប្រកួត និង​មាន​ក្លិប រាជធានី​-​ខេត្ត​ចូលរួម​ចំនួន​១០ សរុប​កីឡាករ ៤៤​នាក់ និង​កីឡាការិនី ៤​នាក់​។
​ក្រោយពី​បញ្ចប់​ការប្រកួត​នេះ​ទៅ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​សម្រិតសម្រាំង​បាន​កីឡាករ កីឡាការិនី ដែលមាន​បច្ចេកទេស​ខ្ពស់ ប្រកបដោយ​ទេពកោសល្យ និង​សមត្ថភាព ដែល​អាច​ទៅ​ចូលរួម​ការប្រកួតប្រជែង លើ​ឆាក​អន្តរជាតិ ជា​ពិស​សេ​គឺ​ការប្រកួតប្រជែង ស៊ី​ហ្គេម លើក​ទី​៣១ នា​ខែវិច្ឆិកា​-​ធ្នូ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម​។​
​ជ័យលាភី​ទាំង​៤​វិញ្ញាសា​នេះ​រួមមាន​៖ វិញ្ញាសា​វាយ​ឯកត្តជន​នារី លេខ​១​មេដាយមាស កីឡាការិនី ញែ​ម ស្រី​ណុ​ច ខេត្តសៀមរាប​, វាយ​ឯកត្តជន​អាយុ​ក្រោម​១៨​ឆ្នាំ មេដាយមាស ឡេង សារិន​រាជ ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, វាយ​គូ​បុរស មេដាយមាស កីឡាករ ប៊ុន កេ​ន្នី និង​កីឡា​កីឡាករ ទេព ទី​ម៉ូ​ធី ក្លិប​ឌី​វេន​ខូ និង​វិញ្ញាសា​វាយ​ឯកត្តជន បុរស​ម្នាក់​ទល់​ម្នាក់ មេដាយមាស កីឡាករ ប៊ុន កេ​ន្នី ក្លិប​ឌី​វេន​ខូ​។ ក្រៅពី​មេដាយមាស​ក៏មាន​ជ័យលាភី​មេដាយប្រាក់​និង​សំរឹទ្ធ​លើ​វិញ្ញាសា​ទាំង​៤​នេះ​ដូចៗ​គ្នា​ដែល​ក្នុងនោះ​ក្រសួងការពារជាតិ​ឈ្នះ​មេដាយមាស​២​វិញ្ញាសា និង​មេដាយ​សំរឹទ្ធ​២​វិញ្ញាសា​៕​

អត្ថបទដែលជាប់ទាក់ទង