ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វ​ស្លាប​កម្រៗ​ប្រមាណ​១៦០​ប្រភេទ កំពុង​ទទួល​បានការ​អភិរក្ស និង​ការពារ​នៅ​បឹង​ធម្មជាតិ​ពារាំង សៀមរាប

36

 

​សៀមរាប​៖ សហគមន៍​ទេសចរណ៍​វប្ប​ធ​ម៍​ធម្មជាតិ​បឹង​ពារាំង ស្ថិតនៅក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ត សៀមរាប មាន​ចម្ងាយ​ប្រមាណ​១៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ក្រុង​សៀមរាប​។ បច្ចុប្បន្ន​ទីតាំង​នេះ​បាន​ក្លាយជា​កន្លែង​អាស្រ័យ​នៅ នៃ​ពពួកសត្វ​ស្លាប ជាច្រើន​ប្រភេទ និង​ទទួល​បានការ ការពារ​ថែរក្សា ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​និង​សហគមន៍​ផងដែរ​។​
លោក​សុខ សំណាង ប្រធាន​ផ្នែក​ទេសចរណ៍​នៃ​សហគមន៍​ទេសចរណ៍​វប្ប​ធ​ម៍​ធម្មជាតិ​បឹង​ពារាំង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣ កុម្ភៈ ឆ្នាំ​២០២១​នេះ​ថា​៖ សហគមន៍​នេះ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១៦ ដោយបាន​ចូលរួម​សកម្មភាព​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ នានា ក្នុងការ​ការពារ​និង​អភិរក្ស​ព្រៃឈើ​ជាពិសេស​សត្វ​ស្លាប​ក្នុង​តំបន់​បឹង​ធម្មជាតិ​ពារាំង​។​លោក​បន្តថា តាម​ការប៉ាន់ប្រមាណ ចំនួន​សត្វ​ស្លាប​ដែល​កំពុង​អាស្រ័យ​នៅក្នុង​បឹង​អភិរក្ស​ពារាំង មាន​ចន្លោះ​ពី​១៣០​ទៅ​១៦០​ប្រភេទ ដែល​សុទ្ធតែជា​ប្រភេទ​កម្រៗ ដូចជា​៖​ទុង ត្រដក់ រនាល និង​ក្អែកទឹក​ជាដើម​។​
​លោក​បន្តថា ដើម្បីឱ្យ​ការងារ​អភិរក្ស​សត្វ​ស្លាប​ទទួលបាន​ប្រសិទ្ធភាព ក្រុមការងារ​សហគម​ន៍​បានធ្វើ​សកម្មភាព​យាមល្បាត ជាប្រចាំ ការបញ្ជ្រាប​ចំណេះដឹង​អំពី​ផលប្រយោជន៍​របស់​សត្វ​ស្លាប ទៅកាន់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍ និង​ជាពិសេស វិស័យ​ទេសចរណ៍​ដែល​ប្រជាពលរដ្ឋ​ទទួលបាន ក្រោយពេល​ពួកគាត់​បញ្ឈប់​ការ​បរបាញ់​សត្វ​ស្លាប​។​
យើង​អភិរក្ស​ត្រី យើង​អភិរក្ស​ព្រៃ វា​នាំឱ្យមាន​សត្វ​ស្លាប ព្រោះ​ត្រី​ជា​ចំណីរ​របស់​សត្វ​ស្លាប ព្រៃ​លិច​ទឹកជា​ជម្រក របស់​ត្រី​ផង របស់​សត្វ​ស្លាប​ផង ជាទូទៅ​នៅ​រដូវប្រាំង​យើង​ធ្វើ​ស្ថិតិ​ទៅបាន​ចន្លោះ​ប្រមាណ​ពី​១៣០​ទៅ​១៦០​ប្រភេទ នៅ​បឹង​ពារាំង​យើង ក្នុងនោះ​មាន​ទុង មាន​ត្រដក់ រនាល​ពណ៌ មាន​ក្អែកទឹក​តូចធំ ដែល​ទៅរក​ចំណី​នៅ​កន្លែង​ហ្នឹង សកម្មភាព​ការពារ អភិរក្ស​នៅ​សហគមន៍​ផ្សេងៗ​មិន​ខុសគ្នា​ទេ យើង​មាន​ក្រុម​ល្បាត​នៅពេល​យប់ មានការ​បណ្តុះបណ្តាល ឱ្យ​ប្រជាពលរដ្ឋ​ចេះ​ស្រឡាញ់​សត្វ​ស្លាប នៅ​ឆ្នាំ​ទីមួយ ឆ្នាំ​ទី​ពីរ​គាត់​អត់​សូវ​ចូលរួម​ទេ ដល់​ឆ្នាំ​ទី​បី ទី​បួន​យើង​ធ្វើ​មែនទែន នៅពេល​យប់​គាត់​ឆ្លុះ​សត្វ ដាក់​អន្ទាក់​សត្វ​ធ្វើជា​អាហារ តែ​យើង​ព្យាយាម​ពន្យល់​គាត់ ថា​អាហ្នឹង​មិនមែន​មុខរបរ​ដែល​សំខាន់ បើសិន​យើង​ថែរក្សា​ទៅ​មាន​ចំណូល​ទេសចរណ៍ តាមរយៈ​ការដាំដុះ នេសាទ​ត្រី ធ្វើស្រែ​ចម្ការ និង​ដឹក​ភ្ញៀវ​វិញ​។​
ជាមួយ​បញ្ហា​នេះ​ផងដែរ លោក​ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប មានប្រសាសន៍ថា តាមរយៈ​កិច្ចការងារ អភិរក្ស​សត្វ​ស្លាប​នៅតាម​សហគមន៍​នានា មន្ត្រី​ជំនាញ បានធ្វើការ​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​នានា ជាពិសេស​ផ្លូវច្បាប់ ទៅកាន់​ប្រជាពលរដ្ឋ ពីព្រោះ​សកម្មភាព​ទាំងនោះ​ចាត់ទុកថា​ជា​ទង្វើ​ខុសច្បាប់​។​លោក​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​សហគមន៍​ព្រៃឈើ​នានា ត្រូវ​ចូលរួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ចំពោះ​ការការពារ អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា ជាពិសេស​ត្រូវ​បញ្ឈប់​សកម្មភាព​ដុតបំផ្លាញ​ព្រៃ​លិច​ទឹក ដែលជា​ជម្រក របស់​ជីវៈចម្រុះ​ទាំងឡាយ​។​
ជាទូទៅ​យើង​មានការ​ផ្សព្វផ្សាយ ការ​ល្បាត ការបង្ក្រាប ជា​ទស្សនៈ​របស់ខ្ញុំ​ជាង​២០​ឆ្នាំ​មកនេះ ប្រជាពលរដ្ឋ គាត់​បាន​យល់​ហើយ តាមរយៈ​ការអភិរក្ស ឬ​ការផ្សព្វផ្សាយ​កុំឱ្យ​បរបាញ់​សត្វ ដាក់​អន្ទាក់​ឬក៏​ឆក់ ជាទូទៅ​តាម​ប្រភេទ​នៃ បទល្មើស និង​យោងទៅលើ​ច្បាប់​អនុក្រឹត្យ ឬ​សេចក្តីប្រកាស​ផ្សេងៗ ហើយ​ការ​បរបាញ់​សត្វ​ជាទូទៅ​មិនសូវ​កើតមាន​ទេ ក្នុង​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ប៉ុន្តែ​ក៏​នៅមាន​មួយចំនួន​តូច​ដែរ ដែល​លួច​ឬ​ល្មើស ចំពោះ​ទណ្ឌកម្ម ផ្សេងៗ គឺ​អាស្រ័យ​លើ​ស្ថានភាព​ច្បាប់​។​
​សូមជម្រាបថា សហគមន៍​ទេសចរណ៍​វប្ប​ធ​ម៍​ធម្មជាតិ​បឹង​ពារាំង ជា​តំបន់​អភិរក្ស​ត្រី​មេ​ពូជ ស្ថិតក្នុង​ផ្ទៃ​ទឹក​ប្រមាណ​២៥០​ហិកតា ព្រៃ​លិច​ទឹក​និង​ដើម​ពារាំង​ដែលជា​ជម្រក​ត្រី​និង​សត្វ​ស្លាប​អាស្រ័យ​នៅ​ជាង​៣០០០​ហិកតា និង​ប្រភេទ​សត្វ​ស្លាប​កម្រៗ ដូចជា ត្រយង ទុង រនាល​ពណ៌ ក្អែកទឹក និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ចន្លោះ​ពី​១៣០​ទៅ​១៦០​ប្រភេទ​ទៀត​អាស្រ័យ​នៅ និង​ស្វែងរក ចំណីរ​អាហារ​។​ប​ច្ច​ប្បន្ន​ទីតាំង​នេះ ក៏​ជា​កន្លែង​ស្វាគមន៍​ភ្ញៀវទេសចរ ដែល​ចង់ទៅ​ទស្សនា សម្រស់​ធម្មជាតិ ជាពិសេស​ព្រៃ​លិច​ទឹក និង​សត្វ​ស្លាប​ចម្រុះ​ពណ៌​៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង