ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ នា​ព្រឹក​ថ្ងៃ​១៤​កុម្ភៈ​

131

​ខេត្ត​ព្រះសីហនុ ៖ អបអរសាទរ ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ នា​ព្រឹក​ថ្ងៃ​១៤​កុម្ភៈ​២០២១ នៅ​ខេត្ត​ព្រះសីហនុ​។ កម្មវិធី​នេះ​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន និង​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែលជា​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​តំបន់ឆ្នេរ “​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​” នៅតាម​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ ដើម្បី​បង្ហាញ​សក្តានុពល​ថ្មី​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​សណ្តាប់ធ្នាប់ អនាម័យ​ថ្មី​របស់​ទីក្រុង​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ ខេត្ត​ព្រះសីហនុ​។

 

វិញ្ញាសា​កីឡា​ជិះ​កង់​រួមមាន ៖

១. ប្រណាំង​កង់​ភ្នំ ៤០​គីឡូម៉ែត្រ ពី​ឆ្នេរ​អូ​ឈើទាល​-​ទៅ​ឆ្នេរ​រាម រួច​ត្រឡប់មក​ឆ្នេរ​អូ​ឈើទាល​វិញ​។​

២. “Fun Ride” ជិះ​កង់​កម្សាន្ត​ឆ្នេរសមុទ្រ​ថ្មី  ២៥​គីឡូម៉ែត្រ ពី​ឆ្នេរ​អូ​ឈើទាល​-​ទៅ​ឆ្នេរ​អូ​ត្រេះ រួច​ត្រឡប់​កម​ឆ្នេរ​អូរ​ឈើទាល​វិញ​។​

៣. “Family Couple Rde” ជិះ​កង់​ក្រុមគ្រួសារ និង​គូរ​ស្នេហ៍ ១៥​គីឡូម៉ែត្រ តាមផ្លូវ​ក្នុង​ទីក្រុង​ថ្មី និង​ឆ្នេរសមុទ្រ​។

 

​ដូចដែល​មហាជន​ទូទៅ​បានដឹងហើយថា ក្រសួងទេសចរណ៍ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូ​ឡា​ពិ​ក​កម្ពុជា (NOCC) សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ សហការគ្នា​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​មួយ គឺ​ទិវា​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ នៅ​ខេត្ត​ព្រះសីហនុ រយៈពេល​មួយថ្ងៃ​នា​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ដែល​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ ចាត់ទុកជា​មេដែក​ដ៏​សំខាន់​មួយ​ក្នុងការ​ទាក់ទាញ​ទេសចរ​ក្នុងស្រុក បង្កើន​ការផ្សព្វផ្សាយ​កាន់តែ​ទំ​លូ​ទំលាយ​អំពី​កម្ពុជា ពិសេស​នឹងចូលរួម​លាតត្រដាង​បង្ហាញ​ពី​សមិទ្ធផល​ហេ​ដ្ឋា​រចនា​សម្ពន្ធ​របស់​ខេត្ត​ព្រះសីហនុ ពិសេស​គឺ​វិថី និង​មហាវិថី​ថ្មីៗ​ទាំង ៣៧ ខ្សែ​។​

 

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូ​ឡា​ពិ​ក​កម្ពុជា បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ឥរិយាបទ​ក្នុង​ស្រទាប់​យុវវ័យ​នៅក្នុង​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់ ១៤ កុម្ភៈ​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បន្ថែមថា ព្រឹត្តិការណ៍​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​ខាងលើនេះ ក៏មាន​គោលបំណង​បង្ហាញ​ពី​សក្តានុពល​ថ្មី​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ សណ្តាប់ធ្នាប់ អនាម័យ​ថ្មី​របស់​ទីក្រុង​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​នៃ​ខេត្ត​ព្រះសីហនុ​ផងដែរ​។ តាមរយៈ​ការ​ជិះ​កង់​នេះ​នឹង​នាំ​ឲ្យ​យុវជន និង​មហាជន​បាន​ចូលរួម​ក្នុង​សកម្មភាព​កីឡា ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព ព្រមទាំង​ទាក់ទាញ​ឲ្យ​មហាជន​ជួយ​លើកកម្ពស់​ដល់​វិស័យ​ទេសចរណ៍​នៅ​តំបន់​ឆ្នេរសមុទ្រ​ទៀតផង​។​

 

​ឯកឧត្តម​បានបញ្ជាក់​ទៀតថា ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ​ត្រូវ​បានរៀបចំ​វិញ្ញាសា​កីឡា​ជិះ​កង់​ចំនួន ៣ ប្រភេទ រួមមាន​៖ ទី​១. ប្រណាំង​កង់​ភ្នំ​ចម្ងាយ ៤០ គីឡូម៉ែត្រ ដោយ​ចេញដំណើរ​ពី​ឆ្នេរ​ឈើទាល​១ ទី​២. ជិះ​កង់​កម្សាន្ត​ឆ្នេរសមុទ្រ​ចម្ងាយ ២៥ គីឡូម៉ែត្រ ដោយ​ចេញដំណើរ​ពី​ឆ្នេរ​អូរ​ឈើទាល​១ និង​ទី​៣. ជិះ​កង់​ក្រុមគ្រួសារ និង​គូរ​ស្នេហ៍​ចម្ងាយ ១៥ គីឡូម៉ែត្រ ដោយ​ចេញដំណើរ​ពី​ឆ្នេរ​អូរ​ឈើទាល​១​ដូចគ្នា​។​

 

​ជាមួយនឹង​ការប្ដេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការចូលរួម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ ឯកឧត្តម​អភិបាលខេត្ត គួច ចំរើន បាន​ចាត់​ក្រុមការងារ​ជំនាញ មន្ត្រីក្រោមឱវាទ​នៅតាម​មន្ទីរ អង្គភាព​ជុំវិញ ត្រូវ​សហការ​រៀបចំ​កិច្ចការងារ​នេះ​ឱ្យបាន​ល្អប្រសើរ ពិសេស​ត្រូវ​ចូលរួម​ជាមួយ​ក្រសួងទេសចរណ៍ និង NOCC ឱ្យបាន​សកម្ម​បំផុត​។​

​ឯកឧត្តម​អភិបាលខេត្ត​ដ៏​សកម្ម​រូបនេះ បាន​បញ្ជា​ឱ្យ​មន្ទីរជំនាញ​សហការ​រៀបចំ​សោភ័ណភាព​តាម​ដងផ្លូវ​សាធារណៈ តាម​តំបន់​ឆ្នេរសមុទ្រ ពិសេស​នៅតាម​ខ្សែ​ផ្លូវ​ដែល​ត្រូវ​ជិះ​កង់​នា​ព្រឹត្តិការណ៍​ខាងមុខនេះ​។​

 

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​នូវ​ក្តីរំភើប​រីករាយ​យ៉ាងខ្លាំង​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង ដែល​ខេត្ត​ព្រះសីហនុ​សម្រេចបាន​ក្នុងពេល​ថ្មីៗ​នេះ ពិសេស​គឺ​ផ្លូវ​ទាំង ៣៧ ខ្សែ ក្រោម​ការចង្អុលបង្ហាញ​ប្រកបដោយ​ឆន្ទៈ​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ទេសចរណ៍​ដ៏​សកម្ម​រូបនេះ បាន​ចាត់ទុកជា​មេដែក​ដ៏​សំខាន់​មួយ​ក្នុងការ​ទាក់ទាញ​ទេសចរ​ក្នុងស្រុក បង្កើន​ការផ្សព្វផ្សាយ​កាន់តែ​ទំ​លូ​ទំលាយ​អំពី​កម្ពុជា ពិសេស​នឹងចូលរួម​លាតត្រដាង​សមិទ្ធផល​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ថ្មីៗ ដ៏​អស្ចារ្យ​របស់​ខេត្ត​ព្រះសីហនុ ពិសេស​គឺ​វិថី និង​មហាវិថី​ថ្មីថ្មោង​ទាំង ៣៧ ខ្សែ​។​

 

​ឯកឧត្តម ថោង ខុន បានបញ្ជាក់​បន្ថែមថា សម្រាប់​កម្ពុជា​ក៏​ជា​ឱកាស​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​ផងដែរ ដូច្នេះ​ព្រឹត្តិការណ៍ «​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» វា​ក៏​ជា​ផលិតផល​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា កម្ពុជា​អាច​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​បាន​មែន តែ​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​ណា​ដែល​មិន​ប្រាសចាក​នឹង​អនុសាសន៍ ៣​កុំ និង ៣​ការពារ ដែលជា​វិធានការ​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩​។ លោក​ថា កម្ពុជា​ក៏ត្រូវ​ឆ្លៀត​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី ដើម្បី​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ​ក្នុងស្រុក និង​ផ្សព្វផ្សាយ​ទៅ​ទេសចរ​អន្តរជាតិ​បានដឹង សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យមក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើនឡើង នៅពេល​ចប់​វិបត្តិ​កូ​វីដ​១៩​។​

 

​លោក សែម ផល្លា ប្រធាន​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​បានលើកឡើង​ថា នេះ​ជា​លើក​ទី​១ ដែល​យើង​បានរៀបចំ​ការ​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ នៅ​ខេត្ត​ព្រះសីហនុ​នេះ​។ អ្វីដែល​អំណោយផល​គឺ​ទិដ្ឋភាព​ដ៏​ស្រស់បំព្រង​នៃ​តំបន់ឆ្នេរ​សមុទ្រ​នេះ​មាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង រួមទាំង​ការឧបត្ថម្ភ​គាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​គឺ​ការជួយជ្រោមជ្រែង​យ៉ាងខ្លាំង​ពី​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ អភិបាលរង រួមទាំង​មន្ត្រីរាជការ​ខេត្ត បានធ្វើ​ឲ្យ​គណៈកម្មការ​រៀបចំ​ទិវា​កីឡា​ទេសចរណ៍​មួយ​នេះ​ទទួលបាន​នូវ​ភាពកក់ក្តៅ​យ៉ាងខ្លាំង​។ ការយកចិត្តទុកដាក់​ជួយ​អស់ពី​ចិត្ត​ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​នេះ គឺ​រាប់ទាំង​ជួយ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ សេវា​សុខាភិបាល ចរាចរ​ជាដើម​។​

 

​ជាមួយគ្នា​នោះ លោក សែម ផល្លា ក៏​សំណូមពរ​ដល់​កីឡាករ កីឡាការិនី​ជំនាញ ក៏ដូចជា​យុវជន មហាជន ដែល​ស្រឡាញ់​នឹង​ការ​ជិះ​កង់​លក្ខណៈ​កម្សាន្ត​គ្រួសារ​សូម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​។​

​ចំណែកឯ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្នុងនាម​ជា​សហព័ន្ធ​ជំនាញការ​ប្រណាំង​កង់​នេះ បានបង្ហាញ​នូវ​ក្តី​រីករាយ ដែល​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានផ្តល់​ការគាំទ្រ កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​ជួយ​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍ ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​នេះ​ទទួលបាន​ជោគជ័យ​។ «​ជា​លក្ខណៈ​បច្ចេកទេស យើង​សង្កេតឃើញថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មាន​លក្ខណៈ​ល្អប្រសើរ ហើយ​ការរៀបចំ​ការប្រកួត​ក​ង់​នេះ ក៏​យើង​បានរៀបចំ​លើ​ដងផ្លូវ​ស្របតាម​តំបន់ឆ្នេរ​សមុទ្រ តំបន់ភ្នំ និង​ទីប្រជុំជន​មួយចំនួន ជាពិសេស គឺ​ក្បួន​ប្រណាំង​បាន​ឆ្លងកាត់​តំបន់​ទេសចរណ៍​សំខាន់ៗ​ក្នុង​ខេត្ត​តែម្តង​។ ដោយ​កា​រស​ង្គេ​ត​ឃើញ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ និង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ពី​ទិដ្ឋភាព​ផង​នោះ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​មាន​គម្រោង​រៀបចំ​ការប្រកួត​កីឡា​ទោចក្រយាន ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២១ នា​ខែមិថុនា នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២១ បានធ្វើ​ដោយ​ជោគជ័យ នៅ​ខេត្តសៀមរាប កន្លងទៅ​ថ្មីៗ​នេះ​។​

​អគ្គលេខាធិការ​រូបនេះ​រំពឹងទុក​ថា ជាមួយ​ការប្រកួត​លើ​កម្រិត​ជំនាញ​៤០​គីឡូម៉ែត្រ និង​ក​ម្រោ​ង​ប្រកួត​ជើងឯក​ថ្នាក់ជាតិ នា​ពាក់កណ្តាល​ឆ្នាំ​២០២១​នឹង​បង្កើនបាន​នូវ​គុណភាព​បន្ថែម មុន​ពេលដែល​ត្រូវ​ចូលរួម​ធ្វើតេស្ត​វាស់​ស្ទ​ស់​សមត្ថភាព​ចូលក្នុង​ក្រុម​ជម្រើសជាតិ​កង់ ដើម្បី​ត្រៀម​ប្រកួត ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ខែវិច្ឆិកា​-​ធ្នូ ឆ្នាំ​២០២១​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង