ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រោងចក្រ សហក្រាសចំនួន៧៦ នៅរាជធានីភ្នំពេញ បានបង្ខំចិត្តបិទទ្វារនិងរោងចក្រចំនួន២៣បង្ខំចិត្តព្យួរការងារ ក្នុងតំណាក់កាលកូវីដ-១៩នេះ

68

ភ្នំពេញ៖ ក្នុងដំណាក់កាល covid-19 នៅក្នុងឆ្នាំ ២០២០នេះ បានធ្វើឱ្យរោងចក្រ សហក្រាសចំនួន៧៦ នៅក្នុងរាជធានីភ្នំពេញ បានបង្ខំចិត្តបិទទ្វារនិងបានធ្វើឱ្យបងប្អូនកម្មករកម្មការិនីប្រមាណជាង៣៥០០០នាក់ អត់ការងារធ្វើ ។ បន្ថែមពីលើនេះទៀតរោងចក្រចំនួន ២៣ក៏បានបង្ខំចិត្តព្យួរការងាររបស់ខ្លួនផងដែរ ដែលបានធ្វើឲ្យកម្មករប្រមាណជាជិត៤ម៉ឺននាក់ទៀតត្រូវព្យួរការងារ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកជួន វុឌ្ឍី ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភាលើការងារសុខាភិបាល សង្គមកិច្ចអតីតយុវជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈនិងកិច្ចការនារី នារសៀលថ្ងៃទី១៦ កុម្ភៈ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកស្រីឡោក ខេងសមាជិកសភា លោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ លោកជួន វុឌ្ឍីបានមានប្រសាសន៍លើកឡើងថា រោងចក្រសហគ្រាសនៅក្នុងរាជធានីភ្នំពេញនៅក្នុងឆ្នាំ ២០២០ មានរោងចក្រចំនួន ៦៧៥រោងចក្រ មានកម្មករចំនួន ៣៦១៤៥២នាក់ ក្នុងនោះស្រីចំនួន២៩៤៤០១នាក់ ។ ដោយសារបញ្ហាជំងឺកូវីដ-១៩ បានធ្វើឱ្យរោងចក្រចំនួន១២៣ បានបង្ខំចិត្តព្យួរ ការងារនិងបានធ្វើឲ្យកម្មករចំនួន៣៨១៧៧នាក់ព្យួរការងារ ។បន្ថែមពីលើនេះទៀត ដោយសារ ជម្ងឺcovid-19នេះដែរ ក៏បានធ្វើឱ្យរោងចក្រចំនួន៧៦ បានបិទទ្វារនឹងបានធ្វើឲ្យកម្មករចំនួន៣៥៤៧១នាក់ អត់ការងារធ្វើផងដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងដំណាក់កាលកូវីដ-១៩នេះ នៅក្នុងរាជធានីភ្នំពេញក៏បានបង្កើតរោងចក្រថ្មីចំនួន៤៦រោងចក្រ ដែលបានអោយកម្មករចំនួន៨៥៤២នាក់ មានការងារធ្វើផងដែរ។ ពាក់ព័ន្ធនឹងកម្មករដែលអត់ការងារធ្វើ បើតាមការបញ្ជាក់ពីគណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភាបានឲ្យដឹងថា កម្មករដែលអត់ការងារធ្វើដោយសារតែការបិទរោងចក្របណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩នោះ គឺកម្មករទាំងនោះទទួលបានផលប្រយោជន៍ចំនួន៣ពីខាងរោងចក្រ ក្នុងនោះទទួលបាននូវប្រាក់បំណាច់អតីតភាពការងារ ទទួលបានប្រាក់បៀវត្សចុងក្រោយនិងទទួលបានប្រាក់ថ្លៃឈប់សម្រាកដែលនៅសេសសល់។ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ផងដែរថា ចំពោះគណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភាដែលចុះមកជួបពិភាក្សាការងារនេះគឺដើម្បីពិនិត្យទៅលើការងារមួយចំនួនរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសការងារដែលរាជរដ្ឋាភិបាលប្រតិភូកម្មពីថ្នាក់ជាតិមកឱ្យថ្នាក់ក្រោមជាតិអនុវត្ត។ចង់ដឹងពីវឌ្ឍនភាពការងារ ចង់ដឹងពីបញ្ហាប្រឈមនិងតម្រូវការមួយចំនួនរបស់ថ្នាក់ក្រោមជាតិសំដៅធ្វើយ៉ាងណា ដើម្បីឲ្យប្រជាពលរដ្ឋអាចទទួលយកបាននូវសេវាដែរអាជ្ញាធរថ្នាក់ក្រោមជាតិប្រគល់ទៅឲ្យទៅប្រជាពលរដ្ឋ៕

 

 

អត្ថបទដែលជាប់ទាក់ទង