ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញ​ជ័យលាភី កីឡា​បាញ់កាំភ្លើង ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​

73

CAMSOC-​ភ្នំពេញ​៖ ការប្រកួត​កីឡា​បាញ់កាំភ្លើង​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​បានបញ្ចប់​ដោយ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​នៅ​ទីលាន​នៃ​បញ្ជាការដ្ឋាន​កងទ័ព​ពិសេស ៩១១ (​កាំ​បូល​) រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា និង​ឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​។​

​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ់​រយៈពេល​២​ថ្ងៃ គណៈកម្មការ​បច្ចេកទេស​នៃ​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​បានបង្ហាញ​លទ្ធផល​ជ័យលាភី​រួមមាន​៖ វិញ្ញាសា​កាំភ្លើង​វែង ២២​ឡុង បុរស​-​នារី ៥០​ម៉ែត្រ (១០​គ្រាប់​) ចំណាត់ថ្នាក់​លេខ​១ ហែម រ៉ាវី ស្ថាប័ន​នគរបាលជាតិ​, លេខ​២ កែម សុ​ភ័​ណ្ឌ និង​លេខ​៣ ផល សុទ្ធ​ចា មកពី​ស្ថាប័ន​កងយោធពល​ខេមរភូមិន្ទ​ដូចគ្នា​។ វិញ្ញាសា​កាំភ្លើងខ្លី ២២​ឡុង​បុរស​-​នារី ២៥​ម៉ែត្រ (១០​គ្រាប់​) លេខ​១ ហួត ភ័ស ស្ថាប័ន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​, លេខ​២ សួន សារ៉េត កងយោធពល​ខេមរភូមិន្ទ និង​លេខ​៣ អឹម សុធា​រក្ស អាវុធហត្ថ​រាជធានី​ភ្នំពេញ​។ វិញ្ញាសា​កាំភ្លើងខ្លី ៩ ម​.​ម បុរស​-​នារី ៥-១២​ម៉ែត្រ (៣៤​គ្រាប់​) ចំណាត់ថ្នាក់​លេខ​១ សូ ឃុន​វីរៈ​, លេខ​២ ផាន់ វិទ្យា និង​លេខ​៣ ដេ​ត សីហា​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​មានប្រសាសន៍​ថា ការប្រកួត​កីឡា​បាញ់កាំភ្លើង​ជ្រើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ និង​ពានរង្វាន់​សហព័ន្ធ​នេះ​ត្រូវបាន​លើក​ពេល​ជាច្រើនលើក ដោយសារ​ការប្រុងប្រយ័ត្ន​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រឹងប្រែង​ទប់ស្កាត់​យ៉ាងខ្លាំង​។ ជាមួយនឹង​ការរៀបចំ​នៅពេលនេះ​ក៏​មិនទាន់បាន​ធំ​ទូលាយ​នៅឡើយ​ទេ ដោយ​រៀបចំ​ក្នុង​ចំនួន​មួយ ដែល​អាច​គ្រប់គ្រង​បាន ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ការពារ​ជំងឺ​កូ​វីដ​-១៩​។ តាមរយៈ​ការប្រកួត​នេះ​គឺជា​ផែនការ​អភិវឌ្ឍ​វិស័យ​កីឡា​បាញ់កាំភ្លើង​កម្ពុជា ដើម្បី​ត្រៀមខ្លួន​ឲ្យ​បានល្អ ក្នុង​ការចូលរួម​ប្រកួតប្រជែង​នៅក្នុង​កម្រិត​អន្តរជាតិ​នានា​ពេលខាងមុខ ដូចជា​អូឡាំពិក​ហ្គេម កីឡា​អាស៊ី និង​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម នា​ចុងឆ្នាំ​២០២១ ក៏ដូចជា​ការ​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣​ខាងមុខ​ផងដែរ​។ «​ការបាញ់​កាំភ្លើង ពី​មុនគេ​ឮសូរ ជា​ពាក្យ​ដែល​គេ​យល់​ក្នុង​ផ្លូវ​អវិជ្ជមាន ដូចជា​ការបាញ់បោះ​សេរី ខ្ញុំ​ក៏ដូចជា​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​តែង​តែង​រៀបចំ​ការបាញ់​នេះ ដើម្បី​បង្ហាញ​ទេពកោសល្យ ការបង្ហាញ​ថ្វៃ​ដៃ​នៅលើ​ទីលាន​ប្រកួត ដែលជា​ការចូលរួមចំណែក​ការការពារ​សន្តិសុខ សុវត្ថិភាព​សង្គម មិនមែនជា​បាញ់បោះ​សេរី​បន្លាច​ប្រជាពលរដ្ឋ ការបង្ក​អសន្តិសុខ ឬ​អស្ថិរភាព​នោះទេ​។ ខ្ញុំ​តែងតែ​លើកឡើងថា អ្នក​ដែល​ចូលចិត្ត​បាញ់កាំភ្លើង មាន​កាំភ្លើង​ទំនើប​ល្អៗ​គ្រប់​ប្រភេទ បើ​ល្អ​មែនទែន​សូម​មក​បាញ់​នៅក្នុង​ទីលាន​ប្រកួត​ជាមួយ​យើងខ្ញុំ ដោយ​កុំទៅ​បាញ់​សម្លុត គម្រាមកំហែង​ក្រៅ​រង្វង់​ច្បាប់ នាំ​តែ​អន្តរាយ​ដល់​ខ្លួនឯង​ទៅវិញ​។ ការចូលរួម​ប្រកួត​នេះ គឺជា​ឱកាស​ពិតប្រាកដ ដែល​យើង​អាច​បង្ហាញ​ស្នាដៃ​បាញ់កាំភ្លើង តាម​យៈ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​នេះ​ជាដើម​»​។​

​ឯកឧត្តម​ប្រធាន​សហព័ន្ធ​បន្ថែមទៀតថា កីឡាករ កីឡាការិនី ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​ភាគច្រើន​ជា​កម្លាំង​មកពី​ក្រសួង​ស្ថាប័ន អង្គភាព​ដែលមាន​សមត្ថកិច្ច ហើយ​សហព័ន្ធ​ទទួលបាន​ការគាំទ្រ​ជាច្រើន​ពី​អ្នក​ស្នេហា​វិស័យ​កីឡា​បាញ់កាំភ្លើង ក៏ដូចជា​បណ្តា​ក្រុមហ៊ុន និង​សប្បុរសជន​នានា ដោយ​ឯកឧត្តម​ជឿជាក់ថា វិស័យ​កីឡា​បាញ់កាំភ្លើង​នេះ​នឹង​បោះជំហាន​ទៅ​មុខជា​បន្តបន្ទាប់​ជាមួយនឹង​ធនធាន​ថវិកា ធនធាន​កីឡាករ កីឡាការិនី ក្នុង​ការបន្ត​អភិវឌ្ឍ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។ ឯកឧត្តម​ប្រធាន​សហព័ន្ធ​បាន​អំពាវនាវ និង​ស្វាគមន៍​ចំពោះ​អ្នក​ស្រឡាញ់​ការបាញ់​កាំភ្លើង​នានា​សូម​មក​ចូលរួម​ជាមួយ​សហព័ន្ធ ក្នុង​ផ្លូវ​ល្អ ក្នុង​ផ្លូវ​ដែលមាន​ប្រយោជន៍​សម្រាប់​សន្តិសុខ សុវត្ថិភាព​សង្គម​។ «​ជាទូទៅ កីឡា​គឺជា​ការបញ្ជាក់​អំពី​ការរីកចម្រើន​របស់​ប្រទេសជាតិ​មួយ ដោយ​កីឡា​នេះហើយ​មាន​ទំនាក់ទំនង​នឹង​វិស័យ​ជាច្រើន​ទៀត​ដូចជា​សេដ្ឋកិច្ច សង្គម សុខាភិបាល រួមទាំង​ជំរុញ​ឲ្យ​មាន​វិន័យ សេចក្តីថ្លៃថ្នូ ភាពរឹងមាំ​នៃ​រាងកាយ និង​ភាពរឹងមាំ​នៃ​ផ្លូវចិត្ត​ផងដែរ​»៕​

អត្ថបទដែលជាប់ទាក់ទង