ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​នៅសល់​៨០០​ថ្ងៃ ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣

99

​ភ្នំពេញ​៖ ព្រះរាជាណាចក្រ​កម្ពុជា​នៅសល់​ពេល​៨០០​ថ្ងៃ​គត់ គិត​មកដល់​ត្រឹម​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (​កីឡា​ជនពិការ​) លើក​ទី​១២ ឆ្នាំ​២០២៣ ក្រោយពី​កម្ពុជា​បាន​ប្រារព្ធ​ពិធី​រាប់​ថយក្រោយ​ជា​ផ្លូវការ​១០០០​ថ្ងៃ កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០​។​
លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) បាន​គូសបញ្ជាក់​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMS OC តែងតែ​ជំរុញ​ឲ្យ​គណៈកម្មការ​ជំនាញ​ទាំងអស់​ត្រូវ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​សម្រួច​គោលដៅ ឆ្ពោះទៅ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​សី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​ឲ្យ​ទទួលបាន​ជោគជ័យ​។ «​មកដល់​ថ្ងៃនេះ គឺ​យើង​នៅសល់​៨០០​ថ្ងៃ ដូច្នេះ​យើង​ត្រូវដាក់​គោលដៅ​មុត​ស្រួច ស៊ីជម្រៅ ព្រមទាំង​ភាព​ប្រកដប្រជា​ទៅគ្រប់​ជំនាញ​ទាំងអស់ ដោយ​ត្រូវ​ធ្វើការ​ឲ្យ​បាន​ហ្មត់ចត់ ត្រៀម​ខ្លូន​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ ធ្វើ​កម្មវិធី​លម្អិត​ទាំងអស់ សម្រាប់​ពេលវេលា​ដែល​នៅសល់​៨០០​ថ្ងៃនេះ ដើម្បី​ឲ្យ​កាន់តែ​ប្រកដប្រជា​ថា​នឹង​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ជោគជ័យ​នៃ​ការរៀបចំ​ការប្រកួត កីឡា​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍​ជា​លើកដំបូង​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។ នៅក្នុង​ដំណាក់កាល​នេះ យើង​បន្ត​ការប្រឹងប្រែង​តាម​ពេលវេលា​ជាក់ស្តែង​ជា​បន្តបន្ទាប់​»​។​
លោក​អគ្គលេខាធិការ CAMSOC បន្ថែមថា នៅក្នុង​ពេលវេលា​នៅសល់ ៨០០ ថ្ងៃនេះ​យើង​កាន់តែ​ខិតខំ​បង្កើន​គុណ​ផល​កីឡា ដោយ​លោក​បាន​អំពាវនាវ​ដាស់តឿន​ដល់​កីឡាករ កីឡាការិនី គ្រូបង្វឹក​គ្រប់​ប្រភេទ​កីឡា ទាំងអស់​សូម​ស្វែងរក​លទ្ធភាព​ក្នុងការ​ហ្វឹកហាត់​ឲ្យ​កាន់តែ​មុត​ស្រួច​ខ្លាំងក្លា ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់​ជ្រុង ជ្រោយ ដោយ​ធ្វើយ៉ាងណា​បង្កើន​ឲ្យ​បាន​នូវ សិទ្ធ​ផល​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។ ជាមួយគ្នា​នោះ​ឯកឧត្តម​ក៏បាន​ក្រើនរំឭក​ដល់​មន្ត្រី​កីឡា និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​រាប់​ថយក្រោយ និង​ចូលរួម​ធ្វើ​កិច្ចការ​នានា ដើម្បី​ធ្វើ​ឲ្យ​ប្រកដប្រជា​នៃ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឲ្យ​ដំណើរការ​ដោយ​រលូន និង​ជោគជ័យ​ជា​ជំហាន​ផងដែរ​។​
លោក​បន្ដថា​៖ ស្លាក​សញ្ញា (LOGO) និមិត្តសញ្ញា (Mascot) និង​បាវចនា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​កីឡា​រស់ក្នុង​សន្តិភាព​-SPORTS LIVE IN PEACE​កំពុង​ត្រូវបាន​ប្រើប្រាស់ និង​បញ្ជ្រាប​ការ​ផ្សព្វ ផ្សាយ បន្ទាប់ពី CAMSOC បានប្រកាស ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅក្នុង​ពិធី​រាប់​ថយ ក្រោយ​១០០០​ថ្ងៃ កាលពី​ថ្ងៃទី​៧​ខែសីហា ឆ្នាំ​២០២០​។​
សូមបញ្ជាក់ថា ដំណើរ​ឆ្ពោះទៅ​រៀបចំ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​ចាប់​រាប់​ពីថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ តទៅ​រហូតដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃ​ពិធី​បើក​ជា​ផ្លូវការ មាន​ចំនួន​១០០០​ថ្ងៃ​គត់​។ រីឯ​ការទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នឹង​រៀបចំ​ធ្វើ​បន្ទាប់ពី​បញ្ចប់​ស៊ី​ហ្គេម​លើក​ទី​៣២ ប្រមាណ​២​សប្តាហ៍ ដែលមាន​កាលបរិច្ឆេទ​ពីថ្ងៃ​ទី​១​ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៣៕
​សំរិត​

អត្ថបទដែលជាប់ទាក់ទង