កំណាត់ផ្លូវជាតិលេខ៥ គ្រោងបញ្ចប់ការងារអ៊ុតស៊ូ២ស្រទាប់ កម្រាស់ ៩សង់ទីម៉ែត្រ ចាប់ពីផ្លូវភ្លោះមុខរោងចក្រ SKD ដល់មុខយឿត្រី នៅចុងខែនេះ
ភ្នំពេញ ៖ គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ៥ ដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជួសជុលឡើងវិញជាមួយនិងការពង្រីកទទឹងផ្លូវជាតិនេះផងដែរ ដែលគិតមកដល់ពេលនេះឈានដល់ការងារអ៊ុតកៅស៊ូហើយ ក្រោយពីបានធ្វើគ្រឹះនិងជួសជុលសំបុកមាន់រួចរាល់ ហើយការងារនេះគ្រោងនឹងបញ្ចប់១០០%នៅថ្ងៃទី២៥ មិនាខាងមុខនេះ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាល បើទោះបីស្ថិតក្នុងដំណាក់កាលការ រីករាលដាលជម្ងឺកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី តែរដ្ឋបាលរាជធានីភ្នំពេញដៃម្ខាងនៅតែធ្វើការអភិវឌ្ឍ ហើយដៃម្ខាងទៀតប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩។ ជាក់សម្រាប់ពេលនេះស្របពេលដែលរាជធានីភ្នំពេញកំពុងប្រឈមនិងការរីករាលដាលជម្ងឺកូវីដ–១៩ តែក្រុមការងារនៅតែធ្វើការជួសជុលនិងការពង្រីកទទឹងផ្លូវជាតិលេខ៥ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក ដោយចាប់ផ្តើមពីរោងចក្រSKD ដល់មុខយឿត្រី គីឡូម៉ែត្រលេខ៧ ។
មន្ត្រីដដែរបញ្ជាក់ថា ចំពោះការងារដែលត្រូវអនុវត្តនោះរួមមាន ក្រុមការងារជួសជុលគ្រឹះនឹងអ៊ុតកៅស៊ូកំរាស់៥សង់ទីម៉ែត្រ ប្រវែង២៧៦៥ម៉ែត្រទទឹងចន្លោះពី១០ម៉ែត្រទៅ១៣ម៉ែត្រ។ការងារពង្រីកចិញ្ជើម ២ម៉ែត្រកន្លះសងខាង នឹងអ៊ុតកៅស៊ូកំរាស់ ៩សង់ទីម៉ែត្រប្រវែង ១០៨៥ម៉ែត្រទទឺង៥ម៉ែត្រ ដោយចាប់ផ្ដើមអ៊ុតកាលពីថ្ងៃទី១០មិនា ហើយគ្រោងបញ្ចប់នៅថ្ងៃទី២៥ មិនាខាងមុខនេះ។
បើតាមមន្ត្រីសាលាខណ្ឌឬស្សីកែវឲ្យដឹងថា ទីតាំងដែលកំពុងជួសជុលនេះតែងទទួលរងការដក់ទឹកភ្លៀង ជាប្រចាំទើប កាលពីពេលថ្មីៗនេះអាជ្ញាធរខណ្ឌបានបើកមុខទឹកមួយកន្លែង ដើម្បីនាំទឹកភ្លៀងដែលដក់លើផ្លូវនេះហូរទៅទន្លេតាមប្រពន្ធ័លូមុខកាត់១ម៉ែត្រកន្លះប្រវែង២៥០ម៉ែត្រ។
ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានធ្វើការជួសជុល កែលម្អរផ្លូវកំណាត់ផ្លូវជាតិ ដែលរងខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ។
ចំពោះការងារជួសជុលកែលម្អរ នេះនឹងបន្ត ធ្វើនៅគ្រប់ ទីតាំងឬផ្លូវដែលមានការខូចខាតក្រោយជំនន់ទឹកភ្លៀងដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោង នឹងធ្វើការជួសជុល កែលម្អរ សរុប២៩ខ្សែក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ ៕