ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក វ៉ាត់ ចំរើន៖ ការហ្វឹកហាត់តាមអនឡាញ ក្រុមអត្តពលិកទំាងអស់ត្រូវស្មោះត្រង់ ទើបទទួលបានផលនៃការប្រកួតកីឡា SEA GAMES នៅវៀតណាម

302

 

ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំ SEA GAMES “CAM SOC” ២០២៣ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១បានបើកកិច្ចប្រជុំស្តីពីស្វ័យហ្វឹកហាត់ Self Training ត្រៀមលក្ខណៈឲ្យបានប្រសើរ របស់ក្រុមជម្រើសជាតិ SEA GAMES សម្រាប់ចូលរួមប្រកួតកីឡា SEA GAMES នៅចុងឆ្នាំ២០២១ នៅប្រទេសវៀតណាមតាមអនឡាញ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមាន៤ចំណុចសំខាន់ៗក្នុងនោះ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES នៅចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម និងទី២ត្រៀមបញ្ជូនកីឡាជាច្រើនប្រភេទ ចូលរួមកីឡាអូឡាំពិកតូក្យូ និងហ្វឹកហាត់តាមអនឡាញ។ សម្រាប់កិច្ចប្រជុំពាក់ព័ន្ធនឹងការប្រកួតកីឡា SEA GAMES នៅប្រទេសវៀតណាម យើងបានយកចិត្តទុកដាក់ផ្តល់ព័ត៌មាន ដល់គ្រប់សហព័ន្ធកីឡាជាតិទាំងអស់ និងគ្រូបង្វឹកដើម្បីត្រៀមលក្ខណៈ ព្រោះយើងទើបតែបានទទួលប្រភេទកីឡា និងវិញ្ញាសាផ្លូវការពីវៀតណាមជូនសហព័ន្ធហើយ។
លោកអគ្គលេខាធិការបន្តថា ដូច្នេះសហព័ន្ធត្រៀម លក្ខណៈប្រមូលកីឡាករ-កីឡាការិនីចុះឈ្មោះ ចូលរួម SEA GAMES នៅប្រទេសវៀតណាមចុងខែឧសភា ពីព្រោះម្ចាស់ផ្ទះការប្រកួតវៀតណាមប្តេជ្ញារៀបចំការប្រកួតជាដាច់ខាត ហើយយើងត្រូវតែរៀបចំឲ្យទាន់ពេលវេលាកំណត់របស់ម្ចាស់ផ្ទះ។ ចំណែកអ្វីដែលសំខាន់នោះគឺការហ្វឹកហាត់ក្រៅប្រទេស សហព័ន្ធត្រូវជ្រើសរើសកីឡាករ-កីឡាការិនី និងចំណុចចុងក្រោយការហ្វឹកហាត់ តាមរយៈពេលអនឡាញ។
លោកបានបន្ថែមទៀតថា ការហ្វឹកហាត់តាមរយៈពេល អនឡាញបង្រៀនពីការយល់ដឹងស្តីគោលដៅ កម្មវត្ថុ និងចង់បានតាមលក្ខណៈបច្ចេកទេសនៃហ្វឹកហាត់នីមួយៗរបស់ក្រុមជម្រើសជាតិ SEA GAMES។ លោកបានពន្យល់ដល់គ្រូបង្វឹកក្រុមជម្រើសជាតិទាំងអស់ សម្រាប់ជំនួយស្មារតីក្នុងហ្វឹកហាត់ ពីព្រោះការហ្វឹកហាត់តាមអនឡាញផ្តោតលើការ ថែរក្សាគុណភាពកម្លាំងកាយ គុណភាពបច្ចេកទេសមូលដ្ឋាន និងថែរក្សាចិត្តសាស្រ្ត ធ្វើលំហាត់ចិត្តសាស្រ្តនេះ គឺពេលទំនេរពីការហ្វឹកហាត់ត្រូវឲ្យមើលវីដេអូលើ Youtube ដោយមើលការប្រកួតល្អនៅលើពិភពលោក។
លោក វ៉ាត់ ចំរើនបានអះអាងថា នៅលើវីដេអូលើ Youtube មានគ្រប់កីឡាទាំងអស់ ហើយយកចំណុចខ្លាំងនៃបច្ចេកទេសដែល គេប្រើក្នុងការប្រកួតនៃព្រឹតិ្តការណ៍នោះអាចហ្វឹកហាត់ និងអាចប្តូរយុទ្ធសាស្រ្តសម្រាប់ដោយខ្លួនឯងផ្ទាល់បានទៀត។ ចំពោះការហ្វឹកហាត់តាមអនឡាញនេះត្រូវចាប់ផ្តើម ឲ្យបានលឿនគោរពតាមគោលការណ៍ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រីឯគ្រូបង្វឹកត្រូវតាមដានគ្រប់ពេលវេលាឲ្យម៉ត់ចត់ ចំណែកអត្តពលិកមានភាពស្មោះត្រង់នៃការហ្វឹកហាត់ ប្រសិនបើមិនស្មោះត្រង់នៃការហ្វឹកហាត់នោះ គ្មានទទួលបានផលឡើយ៕

អត្ថបទដែលជាប់ទាក់ទង