ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក វ៉ាត់ ចំរើន ៖CAMSOC កំពុងជំរុញលើផែនការធំៗ ចម្បងៗ២ដើម្បីឆ្ពោះទៅSEA GAMES និងអាស៊ានប៉ារ៉ាហ្គេម ២០២៣

135

 

ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ កំពុងជំរុញលើផែនការធំៗចម្បង២ ដើម្បីការកសាងសមត្ថភាពមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាលចៅក្រម អត្តពលិកជម្រើសជាតិ និងការហេដ្ឋារចនាសម្ព័ន្ធកីឡា បម្រើដល់ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្នុងនាមម្ចាស់ផ្ទះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការបន្តថា ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើម សម្រាប់ប្រារព្ធពិធីបើក-បិទព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣នោះគិតដល់ពេលនេះសម្រេចបាន៩៥ភាគរយហើយ។ សម្រាប់ផែនការយុទ្ធសាស្ត្រឆ្ពោះ SEA GAMES និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ យើងត្រូវបានចែកចេញជា២ផ្នែកធំៗ គឺទី១ ការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាដោយដំណើរការ សាងសង់ដោយរលូន និងគ្មានឧបស័គ្គអ្វីកើតឡើងនោះទេ និងទី២ការផ្តោតសំខាន់លើការបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស បង្កើនគុណផល សមត្ថភាពកីឡាករ-កីឡាការិនី ជម្រើសជាតិតាមរយៈកម្មវិធីប្រមូលផ្តុំហ្វឹកហាត់នៅក្នុងស្រុក និងការបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស។
លោកបានបន្ថែមទៀតថា ដើម្បីឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ SEA GAMES -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា គឺកម្ពុជាបានធ្វើដំណើរចាប់តាំងពីឆ្នាំ២០១៦មកម្លេះ ហើយរហូតមកដល់ពេលនេះ ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំដោយមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពី លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រយ៍ CAMSOC បានជំរុញឲ្យដំណើរការគ្រប់ទម្រង់ទាំងអស់ កំពុងឆ្ពោះទៅមុខប្រកបដោយវឌ្ឍនភាពការងារ យ៉ាងរលូនពីមួយជំហានទៅមួយជំហាន និងពីមួយដំណាក់កាលទៅមួយដំណាក់ កាលប្រកបដោយភាបជឿជាក់ស្វាហាប់បំផុត។ នៅក្នុងឆ្នាំ២០២១នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តល់កញ្ចប់ថវិកាពិសេសសម្រាប់ឲ្យ CAMSOC ទទួលបាននូវការអនុវត្តបន្តនូវផែនការ សកម្មភាពរបស់ខ្លួន ក្នុងការជំរុញសន្ទុះឲ្យកាន់តែលឿនបន្ថែមទៀត។
ចំពោះការសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោត្រូវបានពន្លឿនឲ្យបានឆាប់រហ័ស ដោយគិតមកដល់ពេលនេះសម្រេចបាន៩៥ភាគរយហើយ ខណៈការបំណាក់កៅអីអង្គុយនៅ សល់តែប៉ុន្មានរយកៅអីទៀតប៉ុណ្ណោះនៅសល់តែរយៈពេលដ៏ខ្លីខាងមុខនេះ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក ហើយហេដ្ឋារចនាសម្ព័ន្ធដ៏ធំស្គឹមស្គៃដ៏ អស្ចារ្យរបស់កម្ពុជានឹងក្លាយជា និមិត្តរូបនៃព្រឹត្តិការណ៍កីឡាSEA GAMES លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ជាក់ជាមិនខាន។
ចំណែកភូមិកីឡាក៏កំពុងដំណើរការសាងសង់ ក្រោមគម្រោងពីក្រុមហ៊ុនសាងសង់ ដើម្បីទទួលការស្នាក់នៅហូបចុករបស់ អត្តពលិកជាង៧០០០នាក់ បូករួមទាំងប្រតិភូ ភ្ញៀវពិសេសសរុបប្រមាណ១ម៉ឺននាក់ ចំពោះភូមិកីឡានេះនឹងអាចរួចរាល់ នាចុងឆ្នាំ២០២២ ដើម្បីប្រគល់ CAMSOC រៀបចំដល់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ឲ្យទាន់ពេលវេលាផងដែរ។ ជារួម ហេដ្ឋារចនាសម្ព័ន្ធកីឡាទាំងនេះមិនមានអ្វីចោទជាបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងគឺការបណ្តុះបណ្តាល ធនធានមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និងការហ្វឹកហាត់របស់អត្តពលិក ជម្រើសជាតិតែប៉ុណ្ណោះ ។
CAMSOC កំពុងជំរុញលើការកសាងសមត្ថភាព ក្រុមជម្រើសជាតិ ចាប់ពីឆ្នាំ២០២១នេះតទៅ ក្នុងនោះការបញ្ជូនអត្តពលិកជាង ១០០នាក់ទៅហ្វឹកហាត់ នៅសាធារណរដ្ឋប្រជាមានិតចិន ជាជំនួយឥតសំណងរបស់មិត្តចិនមួយផ្នែកទៀត ក្រៅអំពីជំនួយឥតសំណងនៃ ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រៅពីការហ្វឹកហាត់នៅចិន ក៏កម្ពុជាគ្រោងនឹងបញ្ជូនក្រុម ជម្រើសជាតិទៅហ្វឹកហាត់នៅ ក្រៅប្រទេសផ្សេងៗទៀត ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង