ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ និងអគ្គស្នងការនគរបាលជាតិ ពន្លឿនការរៀបចំនីតិវិធី អនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរ តាមរយៈកម្មវិធី នៅលើទូរស័ព្ទដៃស្មាតហ្វូន

125

 

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ កំពុង ពន្លឿនការរៀបចំនីតិវិធីអនុវត្តការ កាត់ពិន្ទុលើបណ្ណបើកបរតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន ដើម្បីពង្រឹង ការអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក។

ថ្ងៃអង្គារទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំនីតិវិធីអនុវត្ត ការកាត់ពិន្ទុលើបណ្ណបើកបរ ដើម្បីពង្រឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្នាក់ ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេស ក្រោមឱវាទក្រសួងផងដែរ។

សូមជម្រាបជូនថា នីតិវិធីនៃការកាត់ពិន្ទុបណ្ណបើកបរនឹងត្រូវធ្វើឡើង តាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន ដែលអនុញ្ញាតឱ្យ សមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ ផ្លូវគោក។

បច្ចុប្បន្ន ក្រុមការងារជំនាញនៃនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុង អភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាមួយនេះឡើង។
កម្មវិធីនេះអាចចាប់យករូបភាពយានយន្តដែល បើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុចំពោះ អ្នកបើកបរយានយន្តខុសច្បាប់ ទៅតាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។

គួរកត់សម្គាល់ផងដែរថា៖ យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមាន ពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាម ស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុដល់៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់ បានបណ្ណ បើកបរថ្មី ត្រូវរៀននិងប្រឡង យកបណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ ពីថ្ងៃដែល បណ្ណបើកបរត្រូវទុកជាមោឃៈ។

ថ្លែងទៅកាន់កិច្ចប្រជុំនាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំពិភាក្សា ផ្លាស់ប្ដូរយោបល់ ផ្ដល់ធាតុចូលសំខាន់ៗ ដើម្បីកែសម្រួលនីតិវិធីអនុវត្ត ការកាត់ពិន្ទុលើបណ្ណបើកបរនេះ កាន់តែប្រសើរឡើង ដើម្បីឈានដល់ការ ធ្វើបទបង្ហាញជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុននឹងសម្រេចឈានទៅអនុវត្តជាក់ស្តែង។

បន្ថែមពីលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានប្តេជ្ញាត្រៀមសហការ និងចូលរួមជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញបច្ចេកទេស ដើម្បីអនុវត្តគំនិតផ្តួចផ្តើមនេះឱ្យ បានជោគជ័យក្នុងការកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានសម្តែងនូវ ការកោតសរសើរ និងគាំទ្រដោយ ស្មោះចំពោះគំនិតផ្តួចផ្តើមនេះ ដែលជាការឆ្លុះបញ្ចាំង នូវមោទនភាពរបស់ជាតិយ៉ាងពិតប្រាកដ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអប់រំផ្សព្វផ្សាយ តាមគ្រប់រូបភាពទៅ ដល់គ្រប់ស្រទាប់មហាជនទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ យានយន្តគ្រប់ប្រភេទ គ្រឹះស្ថានអប់រំ តាមមូលដ្ឋាន គ្រប់ស្ថាប័នគ្រប់គ្រង របស់រដ្ឋនិងឯកជន អំពីនីតិវិធីនៃការ កាត់ពិន្ទុបណ្ណបើកបរ តាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន៕

អត្ថបទដែលជាប់ទាក់ទង