ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវាអូឡាំពិកនឹងរៀបចំ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១តាមប្រព័ន្ធអនឡាញ

153

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហើបឲ្យដឹងថាទិវាអូឡាំពិក(Olympic Day)
នឹងរៀបចំនៅថ្ងៃទី២៣មិថុនា ខាងមុខនេះ តាមប្រព័ន្ធអនឡាញ ។
នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងថានៈជាសមាជិកពេញសិទ្ធិរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ តែងតែប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ក្រោមការចង្អុលបង្ហាញ ពីឯកឧត្តមថោង ខុន ប្រធានគណៈកម្មាធិការជារិអូឡាំពិកកម្ពុជា។
ជារៀងរាល់ឆ្នាំ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ((IOC)តែងតែដាក់ចេញនូវគោលការណ៍នេះ ឲ្យបណ្តាប្រទេសជាសមាជិកនានា នៅលើពិភពលោក រៀបចំទិវាអូឡាំពិកពិភពលោក នៅក្នុងខែមិថុនា ក្នុងគោលបំណងផ្សព្វផ្សាយ ក្រើនរំឭកនូវចលនាអូឡាំពិក ដាស់ស្មារតីមនុស្សជាតិ នៅលើពិភពលោក ឲ្យបានស្គាល់ពីគុណតម្លៃអូឡាំពិក គុណតម្លៃនៃជីវិត និង សកម្មភាពកីឡា។
នៅក្នុងការរំឭកគុណ នៃទិវាអូឡាំពិកនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងប្រារព្ធពិធីដ៏ពិសេសមួយ នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ដែលមិនអាចប្រមូលផ្តុំគ្នាបាន ហើយអូឡាំពិកអន្តរជាតិ ក៏ធ្លាប់បានណែនាំឲ្យបណ្តា ប្រទេសនានាជុំវិញ ពិភពលោក ឲ្យធ្វើដូចៗគ្នា ដូចជាការរួបរួមគ្នាហាត់ប្រាណ ដើម្បីឈ្នះជំងឺកូវីដ-១៩។
ដូច្នេះ មានន័យថា ទិវាអូឡាំពិកនេះ នឹងជួយបំផុស ឲ្យកីឡាករ កីឡាការិនី បានរស់នៅដោយសកម្ម ធ្វើសកម្មភាពឲ្យបានខ្លាំងក្លា ក្នុងបរិបទថ្មី ដែលមិនអាចធ្វើទំនាក់ទំនង បានល្អប្រសើរក្នុងសង្គម ដូចកាលពីពេលមុនបាន។ ហេតុនេះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងប្រមែលប្រមូល អត្តពលិកអូឡាំពិកកម្ពុជា ដែលធ្លាប់បានចូលរួម ប្រកួតកីឡាអូឡាំពិក នឹងបង្ហាញខ្លួននៅក្នុងកម្មវិធី «ទិវាអូឡាំពិក» ដើម្បីណែនាំអំពីរបៀបរបប នៃការធ្វើលំហាត់ប្រាណ ជូនដល់ប្រជាពលរដ្ឋ យុវជននានា ឲ្យយល់ដឹង និងចូលរួមប្រកប ដោយសុខភាព។
យើងនឹងរួមគ្នាបង្កើតព្រឹត្តិការណ៍ ហាត់ប្រាណតាម ប្រព័ន្ធអនឡាញ នៅតាមផ្ទះរៀងៗខ្លួន ដើម្បីទទួលបាននូវឱកាស ផ្លាស់ប្តូរអារម្មណ៍ ជាមួយគ្នារវាងប្រជាជន យុវជន និងកីឡាករ កីឡាការិនីអូឡាំពិក នៅក្នុងសង្គមរបស់យើង ដើម្បីបញ្ជ្រាបអំពីគុណតម្លៃ អត្ថប្រយោជន៍អូឡាំពិក សម្រាប់វិស័យអប់រំកាយ និងកីឡារបស់យើង»។ នេះជាការលើកឡើងបន្ថែម របស់ឯកឧត្តម វ៉ាត់ ចំរើន។
សូមបញ្ជាក់ថា តាមការគ្រោងទុក នឹងមានកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា សរុបចំនួន១០០នាក់ នឹងចូលរួមក្នុងកម្មវិធីនេះ ក្នុងនោះមាន ក្រុមជម្រើសជាតិប្រដាល់សកល ទ្រីយ៉ាត្លុង ទោចក្រយាន ហុកគី កាយសម្ព័ន្ធ ហែលទឹក អត្តពលកម្ម ខណៈភ្ញៀវប្រចាំកម្មវិធី គឺកីឡាការិនី ស៊ន សៀវម៉ី និងកីឡាការិនី ហែម ថុនវិទិនី៕

អត្ថបទដែលជាប់ទាក់ទង