ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីភ្នាក់ងារ USAID រៀបចំស្នើសុំទៅរដ្ឋាភិបាលអាមេរិក ក្នុងចំនួនទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោងស្តីពី ការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធដឹកជញ្ជូនត្រជាក់

63

 

ភ្នំពេញ ៖ លោកស្រី ជានាយកទីភ្នាក់ងារ USAIDក៏បានជម្រាប ជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរថា ទីភ្នាក់ងារ USAID បានរៀបចំស្នើសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងចំនួនទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោងស្តីពី ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើប្រព័ន្ធសូឡា ដើម្បីជួយដល់ការដាំដុះ និងការដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារ ឲ្យកាន់តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃ។

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី Veena Reddy ជានាយកទីភ្នាក់ងារ USAID ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងជម្រាបលាបន្ទាប់ពីបញ្ចប់បេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក តាមរយ:ទីភ្នាក់ងារ USAID ដែលបានជួយអភិវឌ្ឍកម្ពុជារហូតមកទល់បច្ចុប្បន្ន ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនលោកស្រីថា រាល់គម្រោង ឬកម្មវិធីជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារ USAID បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបទាន់ សម័យ ធននឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ និង ២០៥០ និងជាពិសេសឈានជាជំហានៗ ឆ្ពោះទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។

នាឱកាសនេះ លោកស្រីប្រធានទីភ្នាក់ងារ USAID បានថ្លែងថា រយៈពេល០៤ឆ្នាំត្រូវបានបញ្ចប់ បានបន្សល់ទុកនូវអនុស្សាវរីយ៍យ៉ាងច្រើន មិនអាចបំភ្លេច បាននៅលើទឹកដីអង្គរដ៏បវរ និងជាពិសេសសមិទ្ធផលសំខាន់ៗ ជាច្រើន តាមរយ:ការអនុវត្តគម្រោងកម្មវិធី ដែលទាក់ទង នឹងការអភិវឌ្ឍន៍វិស័យកសិកម្ម។

លោកស្រីសង្ឃឹមថា សមិទ្ធផលនេះ និងគម្រោងកម្មវិធីបន្តបន្ទាប់ទៀត ដែលទីភ្នាក់ងារ USAID គ្រោងនឹងជួយដល់កម្ពុជា ប្រាកដជាចូលរួមចំណែកធ្វើការអភិវឌ្ឍប្រទេសមួយនេះ ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និរន្តរភាព និងវិបុលភាពនាពេលអនាគត។ តាមរយ:សមិទ្ធផលនេះ ជាថ្មីម្តងទៀត លោកស្រីបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង សហការី និងអង្គភាពពាក់ព័ន្ធដែល បានយកចិត្តទុកដាល់សហការ ជ្រោមជ្រែងគ្រប់បែប យ៉ាងធ្វើឲ្យការ អនុវត្តគម្រោងនានាសម្រេច ទទួលបានផ្លែផ្កាគួរជាទីមោទន។ ឆ្លៀតយកឱកាសនេះ លោកស្រីក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរថា ទីភ្នាក់ងារ USAID បានរៀបចំស្នើសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងចំនួនទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោងស្តីពី ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើប្រព័ន្ធសូឡា ដើម្បីជួយដល់ការដាំដុះ និងការដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារ ឲ្យកាន់តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះគម្រោង Cold Chain Logistic System ព្រោះលោកបញ្ជាក់ថាវានឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឲ្យកាន់តែល្អប្រសើរជាជំហានៗ ផ្អែកទៅលើកស្តង់ដារផលិត វេចខ្ចប់ ថែក្សារ ដឹកជញ្ជូន និងដាក់តាំងបង្ហាញពិតប្រាកដមួយ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា នេះគឺជាគម្រោងដែលក្រសួង ចង់បានដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព នៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពកសិផល សុខមាលភាពសម្រាប់អ្នកបរិភោគ និងកំណើនតម្លៃបន្ថែម។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំទៅទីភ្នាក់ងារ USAID ថារាល់គម្រោង ឬកម្មវិធីជំនួយ គួរគិតពិចារណា លើគោលបំណងរបស់គម្រោង ធ្វើយ៉ាងណាឲ្យស្របទៅតាម ការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ពិសេសស្របតាមបរិបទ នៃការរីករាលដាលជំងឺឆ្កងកូវិដ-១៩៕

 

អត្ថបទដែលជាប់ទាក់ទង