ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អណ្តើកសមុទ្រលើកទី១២៦ ត្រូវបានកឹបសៀលរួចលែងក្នុងសមុទ្រធម្មជាតិវិញ

726

 

លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា បន្ទាប់ពីទទួលបានសត្វអណ្តើកសមុទ្រ (ល្មិច) ពីអ្នកនេសាទប្រគល់ជូន លោក និងក្រុមការងារ បានបន្តនាំយកសត្វអណ្តើកសមុទ្រ កឹបសៀលតាមបច្ចេកទេសសម្គាល់ រួចលែងក្នុងសមុទ្រធម្មជាតិវិញ នៅខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

នេះ គឺជាការលែងសត្វអណ្តើកសមុទ្រលើកទី១២៦ ដែលសរុបសត្វសមុទ្រកម្រប្រភេទនេះ ប្រមាណជាង ២០០ក្បាល។ លោកឧកញ៉ា បានកោតសរសើរ និងថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រ ដែលកំពុងរងគ្រោះនេះ។

មន្ត្រីជំនាញអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ បានថ្លែងថា ការលែងអណ្ដើកសមុទ្រ (ល្មិច) គឺជាសកម្មភាពគំរូល្អ និងជាការបណ្ដុះស្មារតីចូលរួមក្នុងការងារអភិរក្សធនធានធម្មជាតិសមុទ្រសម្រាប់សង្គមជាតិយើង។ សត្វអណ្ដើកសមុទ្រ មានចំនួន ៥ប្រភេទ គឺ១.ក្រាស (Hawksbill Turtle) ២.ល្មិច (Green Turtle) ៣.ល្មិចក្បាលធំ (Loggerhead Turtle) ៤.ល្មិចប្រផេះ (Olive Ridley Turtle) និង៥.ល្មិចព្រុយបី (Leatherback Turtle)។ ប្រភេទក្រាស់ ទីកន្លែងរស់នៅរបស់វា គឺតំបន់ផ្កាថ្ម រីឯល្មិច គឺតបន់ស្មៅសមុទ្រ នៅព្រះរាជាណាចក្រកម្ពុជា ពួកវា គឺជាប្រភេទសត្វសមុទ្រកម្រ ដែលស្ថិតនៅក្នុងបញ្ជីកំពុងរងគ្រោះថ្នាក់ (រងការបំផ្លាញ) ដូច្នេះការងារអភិរក្ស គឺត្រូវមានការចូលរួមពីសាធារណជនគ្រប់មជ្ឈដ្ឋាន គ្រប់ស្ថាប័នទាំងអស់ ដើម្បីឱ្យការងារអភិរក្សនេះកាន់តែរឹងមាំខ្លាំងក្លាថែមទៀត សម្រាប់បង្ករបង្កើតធនធានធម្មជាតិឱ្យបានសម្បូរបែបក្នុងការជួយអភិវឌ្ឍប្រទេសជាតិ។ សូមអំពាវនាវទៅសាធារណជនពីគ្រប់ទិសទីសូមចូលរួមសកម្មភាពថែរក្សា និងកិច្ចការអភិរក្សធនធានធម្មជាតិជីវៈចម្រុះ គឺជាការគាំពារដល់អាយុជីវិតសត្វទាំងអស់លើពិភពលោក រួមទាំងមនុស្សផងដែរ។

អត្ថបទដែលជាប់ទាក់ទង