ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ឡាវ-វៀតណាម ត្រៀមជួបគ្នាដោះស្រាយ បញ្ហាប្រឈមក្នុងតំបន់ត្រីកោណ

30

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាពីវឌ្ឍនភាពការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងរដ្ឋាភិបាលកម្ពុជានៃគណៈកម្មាធិការសម្របសម្រួលរួមនៃតំបន់ត្រីកោណ និងឯកឧត្តម លោកស្រី តំណាងអាជ្ញាធរខេត្តទាំង៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគិរី ដើម្បីត្រៀមរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) ស្តីពីការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះ​វិបត្តិកូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ តាមប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា។
កិច្ចប្រជុំត្រៀមនេះ មានការចូលរួមពីលោក ស្រី មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភា កម្ពុជា ឡាវ វៀតណាម លោក ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា លោក យ៉ង់ សែម ប្រធានគណៈ កម្មការទី១ នៃព្រឹទ្ធសភា លោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា លោក ឈិត គឹមយ៉ាត អនុប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ឯកឧត្តម នឹម ច័ន្ទតារា លេខាធិការគណៈកម្មការទី៥នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ អនុប្រធាន លេខាធិការ សមាជិកសមាជិកាគណៈកម្មការទី៥ រដ្ឋសភា ​ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា នៃខេត្តតំបន់ត្រីកោណ រួមជាមួយមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភាផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងឱ្យសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ស្តាប់របាយការណ៍តំណាងរដ្ឋាភិបាលកម្ពុជានៃគណៈកម្មាធិការសម្របសម្រួលរួមនៃតំបន់ត្រី កោណ និងតំណាងអាជ្ញាធរខេត្តតំបន់ត្រីកោណ ធ្វើរបាយការណ៍ពីវឌ្ឍនភាពនិងបញ្ហាប្រឈម ជូនស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីជួយជម្រុញនៅបញ្ហាប្រឈមឱ្យរដ្ឋាភិបាលប្រទេសទំាងបី កម្ពុជា-ឡាវ-វៀតណាម ធ្វើការដោះស្រាយអភិវឌ្ឍន៍តំបន់ត្រីកោណអោយមានការរីកចម្រើនឡើង។
សូមបញ្ជាក់ថា៖ ក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមត្រូវបានបង្កើតឡើងក្នុងគោលបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ CLV ក្រោមគំនិតផ្តួចផ្តើមប្រមុខរដ្ឋាភិ បាលនៃប្រទេសទាំងបី កាលពីឆ្នាំ១៩៩៩។ តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រី កោណ CLV គឺកម្ពុជា មានខេត្ត រតនគីរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីសម្រាប់កម្ពុជា តាមយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងលំហូរចូលនៃភ្ញៀវទេសចរ៕

អត្ថបទដែលជាប់ទាក់ទង