ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក ស ថេត ណែនាំឲ្យមន្រ្តីត្រូវតែឆ្លើយតប ដោះស្រាយបញ្ហាប្រឈម និងចាត់វិធានការជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត

27

 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២១ ដោយក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ ជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំលោកស្នងការរងទទួលផែនសេនាធិការ បានអានរបាយការណ៍អំពីលទ្ធផលការងារដែលអនុវត្តបានក្នុងខែកក្កដា បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ ដែលកើតមានក្នុងការអនុវត្តការងារ នាពេលកន្លងមក ជាកិច្ចបន្តក៏មានការចូលរួមមតិរបស់លោកស្នងការរងទទួលផែនធនធានមនុស្ស ទាក់ទងទៅនឹងការគ្រប់គ្រងវត្តមានរបស់មន្ត្រីតាមបណ្តាអង្គភាព ការយកចិត្តទុកដាក់លើការផ្សព្វផ្សាយដល់មន្ត្រីក្នុងការថែរក្សាសុខភាព បង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ មតិចូលរួមរបស់ស្នងការរងទទួលផែនចរាចរណ៍ ទាក់ទងទៅនឹងការអនុវត្តរឹតបន្តឹងចរាចរណ៍ និងមតិចូលរួមរបស់លោកស្នងការរង ទទួលផែនសណ្តាប់ធ្នាប់ ទាក់ទងទៅនឹងការចុះរៀបចំសណ្តាប់ធ្នាប់តាមគោលដៅនានា ជាពិសេសតាមគោលដៅជុំវិញផ្សារដើម្បីរៀបចំឲ្យមានសណ្តាប់ល្អ កាត់បន្ថយការកកស្ទះ និងធ្វើឲ្យមានសោភណ្ឌភាពល្អ។

បន្ទាប់ពីការចូលរួមមតិរបស់លោក លោកស្រីស្នងរងរួច ឯកឧត្តមស្នងការ ក៏បានកោតសរសើរដល់កងកម្លាំងទាំងអស់ដែលបានខិតខំលះបង់បំពេញភារកិច្ចជូនជាតិ ជូនអង្គភាព ជាពិសេសបម្រើប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់ឡើយ ដូចជាការល្បាតដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ការការពារប្រតិភូជាតិ អន្តរជាតិ ជាពិសេសការអនុវត្តបម្រាមគោចរនៅពេលយប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង៩:០០នាទីយប់ ដល់ម៉ោង៣:០០នាទីទៀបភ្លឺ ក៏ដូចជាការខិតខំបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការ បានសង្កត់ធ្ងន់ដល់មន្ត្រីទាំងអស់ត្រូវបម្រើសេវាទូទៅជូនប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសលោក លោកស្រីស្នងការរងទទួលដឹកនាំតាមបណ្តាខណ្ឌ លោកអធិការខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍ទាំងអស់ត្រូវតែយកចិត្តទុកដាក់តាមដានព័ត៌មាន ត្រូវតែឆ្លើយតប ដោះស្រាយបញ្ហាប្រឈម និងចាត់វិធានការជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត២៤/២៤ម៉ ជាពិសេសត្រូវលើកទូរសព្ទរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា ។

បើមន្ត្រីរូបណាមិនលើកទូរសព្ទប្រជាពលរដ្ឋសូមទាក់ទងមកលេខៈ
ឯកឧត្តមស្នងការ : 012 203 777
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស: 069 516 999៕

អត្ថបទដែលជាប់ទាក់ទង