ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ កំណាត់ផ្លូវលេខ ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលសង្ស័យពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta

35

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលសង្ស័យពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta។

សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានការបិទខ្ទប់មិនឱ្យមានការចេញ-ចូល ចំពោះកំណាត់ផ្លូវលេខ ៩៣ ពីចំណុចសាលាបឋមសិក្សាពញាក្រែក រហូតដល់ចំណុចផ្ទេរលេខ១១៦ រួមទាំងលំនៅឋានក្នុងបុរី ខេស៊ី (KC) ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ០៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ រហូតការស្រាវជ្រាវត្រូវបានបិទបញ្ចប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍»

រដ្ឋបាលរាជធានីភ្នំពេញបន្ថែមថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើលើកលែងតែករណីចំបាច់ដូចខាងក្រោម ៖

* ការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទាន់
* ការចេញ-ចូល ដើម្បីផ្តល់វត្ថុសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន
* ការវិលត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គល ដែលបានបញ្ចប់ការធ្វើបត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល ចូលក្នុងទីតាំងបិទខ្ទប់ ដោយមានការសម្របសម្រួល របស់អាជ្ញាធរមានសមត្ថកិច្ច
* ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការសុខាភិបាល ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍
* ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្គត់ផ្គត់គ្រឿងឧបភោគ-បរិភោគចាំបាច់ក្នុងអំឡុងពេលបិទខ្ទប់
* ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

សេចក្តីសម្រេចដដែលបញ្ជាក់ថា រាល់ការចេញ-ចូល និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ដែលត្រូវបានលើកលែងខាងលើនេះ ត្រូវអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ភារកិច្ច ជូនរដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីបង្កើតក្រុមការងារប្រចាំការ នៅទីតាំងដែលត្រូវបិទខ្ទប់ ក្នុងនោះក្រៅពីភារកិច្ចអនុវត្តវិធានការរដ្ឋបាលក្នុងការបិទខ្ទប់ ត្រូវបំពេញការងារអាទិភាពជាអាទិ៍៖

* ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
* ការងារផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភោគចាំបាច់ ជូនប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងទីតាំងបិទខ្ទប់
* ការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាល និងការផ្តល់សេវាសុខាភិបាលទូទៅ៕

អត្ថបទដែលជាប់ទាក់ទង