ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ែន សុគង់ បន្តការហ្វឹកហាត់នៅ ជប៉ុន៨ខែត្រៀម ស៊ីហ្គេម នៅវៀតណាមមកដល់

49

ភ្នំពេញ៖បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូនោះកីឡាករអត្តពលកម្មកម្ពុជាប៉ែនសុគង់មិនបានវិលត្រឡប់មក
កម្ពុជាវិញឡើយតែគេបន្តហ្វឹកហាត់នៅប្រទេសជប៉ុនរយៈពេល៨ខែដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម
ដែលបានអូសបន្លាយរហូតដល់ពាក់កណ្ដាលឆ្នាំ២០២២នោះ ។
សុគង់បានបញ្ជាក់ពីទីក្រុងតូក្យូតាមរយៈសារអេឡិចត្រូវនិកកាលពីយប់ម៉ិញថារូបគេមិនទាន់បានវិលត្រឡប់មកមាតុភូមិកម្ពុជាជាមួយក្រុមប្រតិភូកីឡាករ កីឡាការិនីកម្ពុជា ដែលដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្មអូឡាំពិកហ្គេមលើកនេះទេ ដោយខ្លួនត្រូវបន្តការហ្វឹកហាត់នៅជប៉ុនរយៈពេល៨ខែបន្ថែមទៀត។
ការហ្វឹកហាត់បន្តនៅជប៉ុននេះ គឺសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តសហការជាមួយក្លិបកីឡាអត្តពលកម្ម YUMEOMIRAI ស្ថិតនៅទីក្រុង Kanagawa ដែលរាល់ការចំណាយលើការហូបចុក-ស្នាក់នៅ និងការធ្វើដំណើរ ក្នុងអម្លុងពេលហ្វឹកហាត់នេះ គឺជាបន្ទុក របស់ក្លិប YUMEOMIRAI ផ្តាល់តែម្តង។ សម្រាប់ដំណើរការហ្វឹកហាត់បានចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះតទៅរហូតដល់ខែមេសា ឆ្នាំ២០២២ មុនពេលដែលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២២ ដែលបានពន្យារពេលពីចុងឆ្នាំ២០២១ទៅធ្វើ នាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ខាងមុខ។
បន្ទាប់ពីធ្វើមិនបានល្អនៅក្នុងការប្រកួតកីឡាអូឡាំពិកនោះ ប៉ែន សុគង់បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំហ្វឹកហាត់បង្កើន គុណភាពបច្ចេកទេសឲ្យកាន់តែល្អប្រសើរ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងស៊ីហ្គេម នៅវៀតណាម ក៏ដូចជាត្រៀមឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើម្ចាស់ផ្ទះផងដែរ។
សូមបញ្ជាក់ថា ប៉ែន សុគង់ បានប្រកួតអត្តពលកម្មលើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ ដោយធ្វើបានក្នុងថិរវេលា ១១វិនាទី០២និងបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងស៊េរី ក្នុងចំណោមកីឡាករ៩នាក់ នៅពហុកីឡដ្ឋាន Olympic Stadium កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ ប៉ែន សុគង់ មិនអាចបំបែកកំណត់ត្រាចាស់របស់ខ្លួនបានឡើយនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលជាការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុតរបស់ពិភពលោករៀងរាល់៤ឆ្នាំម្តងមួយនេះ។ កាលពី ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ប៉ែន សុគង់ ធ្លាប់ធ្វើសម្រេចក្នុងថិរវេលា ១០វិនាទី៨៧៕

អត្ថបទដែលជាប់ទាក់ទង