ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌនីមួយៗ បាននឹងកំពុង ចុះធ្វេីអនាម័យ​ សំអាតបរិស្ថាន នៅតាមសាលា ដេីម្បីត្រៀមអោយ សិស្សានុសិស្សបានចូលរៀនវិញ

118

ភ្នំពេញ៖ អនុវត្តតាមការណែនាំ ក៏ដូចជាបទបញ្ជារបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការបោស សំអាតសាលារៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមបេីកសាលាអោយសិស្សបានចូលរៀនឡើងវិញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី គេបានឃើញអាជ្ញាធរខណ្ឌជាច្រើនខណ្ឌនៅក្នុងមូលដ្ឋានរាជធានីបានដឹកនាំកម្លាំងចុះសំអាត បរិស្ថាន ក្នុងសាលាជាមួយនឹងការបាញ់ថ្នាំ សម្លាប់មេរោគផងដែរ ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី០៤​ កញ្ញានេះ​ អាជ្ញាធរខណ្ឌបឹងកេងកងដឹកនាំដោយលោក ធឹម​ សំអាន ជាអភិបាលខណ្ឌ និងមានការចូលរួមពីប្រជាពលរដ្ឋសិស្សានុសិស្សព្រមទាំងលោកគ្រូអ្នកគ្រូ​ បានចូលរួមធ្វេីពលកម្មដេីម្បីសំអាតបរិវេណវិទ្យាល័យជា​ សុីមបឹងកេងកង​ ស្ថិតក្នុងសង្កាត់បឹងកេងកង​ ខណ្ឌបឹងកេងកង​ ដើម្បីទុកលទ្ធភាពអោយសិស្សបានចូលរៀនវិញប្រកបដោយផារសុខភាពនិងមិនព្រួយបារម្មណ៍ពីការឆ្លងជំងឺកូវីដ-១៩​ ក្រោយពីទីតាំងសាលាត្រូវបានយកធ្វេីជាមណ្ឌលចត្តាឡីស័កឬជាទីតាំងសំរាប់ចាក់វ៉ាកសាំងការពារកូវីដ-១៩ ក្នុងពេលកន្លងមក។
លោកធឹម​ សំអានអភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍អោយដឹងថា ការធ្វេីអនាម័យនៅពេលនេះធ្វើឡើង ក្រោយពីទទួលបានបទបញ្ជាពីលោក ឃួង​ ស្រេង អភិបាលរាជធានីភ្នំពេញដោយត្រូវសម្អាតទីតាំងបរិវេណសាលាដេីម្បីត្រៀមបេីកអោយសិស្សបានចូលរៀនវិញ។ ការធ្វេីអនាម័យបរិស្ថាននៅពេលនេះមានការប្រេីប្រាស់ថ្នាំសម្រាប់បាញ់សំលាប់មេរោគនៅតាមបន្ទប់​ ព្រមទាំងការប្រមូលសំរាមនៅតាមទីធ្លានិងក្នុងថ្នាក់ដោយប្រេីគ្រឿងចក្រនិងមានការប្រេីដ្រូនសំរាប់ហោះបាញ់ពីលេីអគារបន្ថែមទៀតផង។
លោកធឹម​ សំអានអោយដឹងទៀតថា ការធ្វេីអនាម័យនៅពេលនេះគឺដេីម្បីប្រាកដថាទីតាំងសាលាទាំងមូលមានអនាម័យនិងមិនអោយសិស្សក៏ដូចជាអាណាព្យាបាលមានការព្រួយបារម្មណ៍នៅពេលត្រឡប់ចូលសិក្សាវិញ។
លោកបន្ថែមអោយដឹងថា ការធ្វេីអនាម័យនៅពេលនេះនិងបន្តរហូតទៅតាមទីតាំងវិទ្យាល័យផ្សេងៗទៀតដេីម្បីសំអាតបរិស្ថាននិងអនាម័យសំរាប់ត្រៀមបេីកសាលាអោយសិស្សានុសិស្សបានចូលរៀនវិញនៅពេលខាងមុខនេះ។
ដោយឡែកនៅខណ្ឌច្បារអំពៅ​ គណ:បញ្ជាការឯកភាពខណ្ឌបានសហការជាមួយវិទ្យាល័យច្បារអំពៅបានធ្វេីការលាងសម្អាតរួចរាល់នៅរង់ចាំតែការបាញ់ថ្នាំសម្លាប់មេរោគនៅមុនការអនុញ្ញាតិអោយសិស្សានុសិស្សចូលរៀនវិញ។
ចំណែកខណ្ឌចំការមនលោក​ ថេង​ សុថុលបានអោយដឹងថា ក្នុងខណ្ឌចំការមនមិនមានវិទ្យាល័យណាដែលដាក់ធ្វេីជាមណ្ឌលចត្តាឡីស័កនោះទេ​ តែទោះបីជាយ៉ាងណាលោកថា ក្រោយពីទទួលការវាយតំឡៃពីអាជ្ញាធរក្រុងរួចថាអាចបេីកចូលរៀនវិញថ្ងៃណាលោកនិងធ្វេីការចុះសម្អាតនិងបាញ់ថ្នាំសម្លាប់មេរោគតែម្តង។
ការបើកដំណើរការ គ្រឹះស្ថានអប់រំឡើងវិញ នៅរាជធានីភ្នំពេញ គឺកំពុងស្ថិតនៅក្នុងដំណាក់កាលត្រួតពិនិត្យ និងវាយតម្លៃ ដោយកំណត់បែងចែកភូមិសាស្ត្រជា៣ គឺភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្ត្រដែលពុំមានការឆ្លងរាលដាលជំងឺកូវីដ-១៩។ សម្រាប់ភូមិសាស្រ្ត ដែលអាចអនុញ្ញាត ឲ្យបើកដំណើរការ គ្រឹះ ស្ថានអប់រំឡើងវិញ គឺជាភូមិសាស្ត្រ ដែលមានហានិភ័យទាប និងភូមិសាស្ត្រ ដែលពុំមានការឆ្លងរាល ដាលជំងឺកូវីដ-១៩ រីឯភូមិសាស្ត្រ ដែលមានហានិភ័យខ្ពស់ គឺមិនអនុញ្ញាតនោះឡើយ។
គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានគ្រឹះស្ថានអប់រំរបស់រដ្ឋមានចំនួនជាង២០០គ្រឹះស្ថាន ខណៈគ្រឹះស្ថានអប់រំឯកជន មានចំនួនជិត៥០០គ្រឹះស្ថាន។ ដោយឡែក សម្រាប់ការបើកដំណើរការគ្រឹះស្ថានអប់រំឡើងវិញនេះ សាលារៀនមួយចំនួនដែលត្រូវបានយកធ្វើជាកន្លែងចត្តាឡីស័ក និងកន្លែងព្យាបាលជំងឺកូវីដ-១៩នោះ អាជ្ញាធររាជធានីភ្នំពេញ ក៏ណែនាំអោយអាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ៕

អត្ថបទដែលជាប់ទាក់ទង