ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដកចេញតំណែង ប្រធានមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី

492

 

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីមានប្រតិកម្មពីសំណាក់អភិបាលខេត្តបន្ទាយមានជ័យចំពោះលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដែលមិនយោគយល់ដល់ថ្នាក់ដឹកនាំ ដោយទាមទារឲ្យបង់ថ្លៃសេវាវះកាត់ អ្នកជំងឺពោះវៀនដុះខ្នែង មានឋានៈវរសេនីយ៍ទោ មុខងារជាអង្គរក្សសម្តេចតេជោ ឥឡូវលោកវេជ្ជបណ្ឌិតរូបនេះ ត្រូវដកចេញពីតំណែងហើយ ដោយដាក់ជំនួសលោកវេជ្ជបណ្ឌិត ទុ បារាំង ឡើងជាប្រធានមន្ទីរពេទ្យវិញ ។

លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្រោយពីមានករណីខ្វះទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងរបស់ លោកប្រធានមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី រួចមកបានបើកកិច្ចប្រជុំក្រុមប្រឹក្សាវិន័យ ហើយបានបោះមតិស្ទាបស្ទង់ផ្គូរផ្គង ស្នើសុំជាបេក្ខជនត្រូវធ្វើជាប្រធានថ្មី ក្នុងនោះមតិភាគច្រើនបានស្នើសុំផ្តល់ទំនុកចិត្ត ដល់លោកចក្ខុបណ្ឌិត ទុ បារាំង អនុប្រធានឲ្យឡើងជាបេក្ខជនប្រធានថ្មី ។

លោកវេជ្ជបណ្ឌិតបន្តថា ឥឡូវរដ្ឋបាលខេត្តបានសម្រេចតែងតាំង លោកចក្ខុបណ្ឌិត ទុ បារាំង ជាប្រធានពេញសិទ្ធិតែម្តង អត់ចាំបាច់ឆ្លងកាត់ប្រធានស្តីទី ឬអនុប្រធានក្តាប់រួមអីទេ ។

បើតាមការបញ្ជាក់របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ប្រាប់នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ «ការសម្រេចចិត្តដកលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ នេះ ដោយសារខ្វះទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងរបស់លោក ជាប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ហើយរឿងនេះ ក៏ដឹងដល់សម្តេចតេជោផងដែរ»។

សូមរំលឹកថា រឿងហេតុដែលឈានដល់ដកហូតតំណែងលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ពីប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា- ជប៉ុនមង្គលបូរីនេះ បានកើតឡើងក្រោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទៅបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះលោកវរសេនីយ៍ទោម្នាក់ ជាអង្គរក្សសម្តេចតេជោ ដែលរលាកខ្នែងពោះវៀន កម្រិតធ្ងន់ ហើយត្រូវវះកាត់ ដោយសារក្នុងឃ្លាំងឈាម នៃមន្ទីរពេទ្យគ្មានឈាម។

នាឱកាសបរិច្ចាគឈាមនោះ លោកអភិបាលខេត្តបានសរសេរបង្ហោះក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា «កាលពីយប់ ម៉ោង១០និង០៥នាទី បានទៅបរិច្ចាគ ឈាម ដើម្បីជួយសង្រ្គោះលោក អិន លីអាន មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោ ដែលមានបេសកកម្ម នៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ស្របពេលនោះ លោកប្រធានមន្ទីរពេទ្យបានប្រាប់ ថាជាគោលការណ៍ត្រូវរកអ្នកឱ្យឈាមជំនួស និងបង់ថ្លៃសេវា ជាមុនធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ តើការគ្រប់គ្រងរបៀបនេះ គួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រង ដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់ ចែងការងារ ហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋ តែងតែរអ៊ូរទាំលើការផ្តល់សេវា របស់ប្រធានមន្ទីរពេទ្យខេត្តមួយនេះ»៕

អត្ថបទដែលជាប់ទាក់ទង