ជនសង្ស័យឆក់កាបូបបានសម្រេច រួចម្ចាស់កាបូប ជិះម៉ូតូដេញតាមពីក្រោយ ជ្រុលទៅប៉ះនឹងកង់បីដូលស្លាប់
ភ្នំពេញ ÷ ជនសង្ស័យឆក់កាបូបពីនារីម្នាក់ បានសម្រេច រួចនារីរងគ្រោះ បានជិះម៉ូតូដេញតាមពីក្រោយ មកដល់ចំណុចផ្លូវ១៩៧៨ ក៏ជ្រុលទៅប៉ះនឹងម៉ូតូកង់បី បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែកម៉ូតូកង់បីបន្តបើកទៅមុខបាត់ស្រមោល កាលពីវេលាម៉ោង ៨និង០០នាទីយប់ ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៧៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សឹម ស្រីចាន់ ភេទស្រី អាយុ២០ឆ្នាំ បច្ចុប្បន្នរស់នៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មាន ស្រុកកំណើតនៅខេត្តតាកែវ។
យោងតាមប្រភពព័ត៌មាន ពីបងប្រុសម្នាក់ សុំមិនបញ្ចេញឈ្មោះ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញជនសង្ស័យ២នាក់ បានជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿង មិនចាំផ្លាកលេខ បានឆក់កាបូបនារីរងគ្រោះ ពុំដឹងថាពីចំណុចណាមកទេ រួចជិះកាត់តាមបណ្តោយផ្លូវ១៩៧៨ បន្ទាប់មកគាត់ក៏បានឃើញនារីរងគ្រោះជិះម៉ូតូម៉ាក ZOOMER X មួយគ្រឿង ពណ៌ផ្កាឈូកលាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FH- 3509 ជិះប្រដេញពីក្រោយ តាមបណ្តោយផ្លូវ១៩៧៨ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនបានស្រែកថា ចោៗឲ្យពលរដ្ឋជិតខាងជួយ លុះមកដល់ចំណុចកើតហេតុខាងលើ នារីរងគ្រោះបានជ្រុលចង្កូត ទៅប៉ះនឹងម៉ូតូកង់បីមួយគ្រឿង មិនចាំផ្លាកលេខ បណ្តាលឲ្យដួលបោកក្បាល នៅនឹងថ្នល់ បាត់បង់ជីវិតភ្លាមៗ បន្ទាប់មកបានពលរដ្ឋរាយការណ៍ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យកន្លែងកើតហេតុភ្លាមៗ៕