ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចស្រុកអូរជ្រៅឃាត់បុរស២នាក់ បៀតបៀនកេរ្តិ៍ខ្មាស ស្រ្តីពីរនាក់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក

88

 

បន្ទាយមានជ័យ ៖ សមត្ថកិច្ចស្រុកអូរជ្រៅ ចាប់ខ្លួនបុរសចំនួន២នាក់ករណីបៀតបៀនកេរ្តិ៍ខ្មាសលើស្រ្តី២នាក់ នៅក្នុងមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យកូប កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដោយជនសង្ស័យនិងស្រ្តីរងគ្រោះស្នាក់នៅ ក្នុងមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យកូប បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីចាត់ការបន្ត។

ករណីទី១. កម្លាំងចម្រុះឃាត់ខ្លួនឈ្មោះ សុខ វង្ស ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតភូមិស្វាយលួង ឃុំខាងក្នុង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ជាពលករដែលត្រឡប់ពីប្រទេសថៃ ចូលតាមច្រកអូរបីជាន់ស្រុកអូរជ្រៅ ត្រូវបានយកមកដាក់មណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យកូប រយៈពេល២១ថ្ងៃនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងចំណោមមនុស្សប្រមាណជិត៥០នាក់ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ សុខ វង្ស នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នៅពេលបានចូលទៅលូករាវ ក្នុងអាវស្រ្តីម្នាក់ ដែលនាងកំពុងដេកលង់លក់ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក ជាមួយគ្នាហើយនាងបានដឹងខ្លួន ក៏បានស្រែកឆោឡោឡើង ។

ករណីទី២. កម្លាំងចម្រុះបានឃាត់ខ្លួនឈ្មោះ ណាយ ភី ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតស្រុកម៉ាឡៃ ជាពលករដែលត្រឡប់ពីប្រទេសថៃ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ដែលត្រូវបានបញ្ជូនដាក់មណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យកូប បន្ទប់លេខ១៥ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងចំណោមមនុស្សជាង១០នាក់។ ជនសង្ស័យឈ្មោះ ណាយ ភី នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើសកម្មភាពទៅដេកអោបស្រ្តីម្នាក់ នៅពេលកំពុងលង់លក់ ពេលនោះនាងភ្ញាក់ឡើងស្រែកឆោឡោ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួនទាំងយប់។ ហើយភ្លាមៗនោះ ត្រូវបានសម្របសម្រួលគ្នា យល់ព្រមទទួលសំណង៥០ម៉ឺនរៀល បញ្ចប់រឿងព្រោះជនសង្ស័យ មានសតិមិនប្រក្រតី៕

អត្ថបទដែលជាប់ទាក់ទង