អភិបាលខណ្ឌបឹងកេងកង ចុះចែកអំណោយ ដល់ប្រជាពលរដ្ឋ ទីទ័លក្រនៅ សង្កាត់បឹងកេងកងទី៣ និងសង្កាត់ទួលស្វាយព្រៃទី១ជិត៩០គ្រួសារ..!
ភ្នំពេញ៖ប្រជាជនទីទ័លក្រប្រមាណជិត៩០គ្រួសារដែលរស់នៅក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី៣និងសង្កាត់ទួលស្វាយព្រៃទី១ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញត្រូវបានទទួលការអាណិតអាសូរពីសំណាក់លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌព្រមទាំងសហការីអញ្ជើញជួបសំណេះសំណាលដោយចែកអំណោយជូនដល់ពួកគាត់ទុកដោះស្រាយជីវភាពកាលពីព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១នេះ។
លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានអញ្ជើញចុះចែកអំណោយជូនដល់បងប្អូនប្រជាជនដែលកំពុងមានជីវភាពខ្វះខាតចំនួនជិត៩០គ្រួសារនៅសង្កាត់បឹងកេងកងទី៣និងសង្កាត់ទួលស្វាយព្រៃទី១ខណ្ឌបឹងកេងកង ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេលផងដែរ។ហើយអំណោយដែលចែកជូនប្រជាជនក្រីក្រជិត៩០គ្រួសារនោះដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១៥គីឡូ ,មី ចំនួន ១០ កញ្ចប់,ទឹកត្រី ២ ដប,ទឹកស៉ីអ៉ីវ ២ ដប,តែ៣កញ្ចប់,ជែលលាងដៃ៥ដបតូច,ទឹកដោះគោខាប់១កំប៉ុង,ត្រីខ៥កំប៉ុងផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងក៏បានមានមតិលើកឡើងដោយរំលឹកទៅដល់បងប្អូនប្រជាជនទាំងអស់នៅមូលដ្ឋានខណ្ឌបឹងកេងកងពិសេសបងប្អូនមកទទួលអំណោយនៅពេលនេះអោយបន្តមើលថែទាំសុខភាពជាប្រចាំ និង ចូលរួមអនុវត្តន៍នូវវិធានការដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាលពោលគឺយើងរួមដៃគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩។
ដូចនេះសូមបងប្អូនបន្ដចូលរួមអនុវត្ដនូវវិធានការរបស់ក្រសួងសុខាភិបាល និង ចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕