ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា គឺជាឧទាហរណ៍ជាក់ស្តែង ដែលបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុត

33

 

ភ្នំពេញ ៖ សម្ដចតេជោ ហ៊ុន សែន​ បានមានប្រសាសន៍ថា​​ ពិភពលោករបស់យើង នៅតែត្រូវដោះស្រាយ នូវបញ្ហាប្រឈមជាច្រើនផ្សេងទៀត ដូចជាការ ប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងមហាអំណាច សង្គ្រាម បច្ចេកវិទ្យា និងពាណិជ្ជកម្ម, ជម្លោះប្រដាប់អាវុធដណ្តើមទឹកដី, អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុ ។ សន្តិភាព និងសន្តិសុខអន្តរជាតិ នៅតែកំពុងទទួលរងនូវសម្ពាធ ធ្ងន់ធ្ងរដូចមុនដដែល ។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ សម្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រវត្តិសាស្ត្របានប្រាប់យើងម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក និងការដែលកាន់តែ អាក្រក់ជាងនេះទៅទៀតនោះ គឺការប្រើប្រាស់ជម្រើសយោធា ក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ ។ ផ្ទុយទៅវិញ, ជម្រើសទាំងអស់នេះ បានត្រឹមនាំមក នូវការបាត់បង់ជីវិត, ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម-សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ ។ កម្ពុជា គឺជាឧទាហរណ៍ជាក់ស្តែង ដែលបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុត ហើយអ្វីដែលគួរឱ្យសោកស្ដាយនោះ គឺនាពេលបច្ចុប្បន្ន យើងកំពុងតែឃើញ ការអនុវត្តឡើងវិញនូវគោលនយោបាយដដែលនេះ ប្រសិនបើយើងអាចចាត់ទុកជាមេរៀននូវ ព្រឹត្តិការណ៍ថ្មីៗ ដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថាននិងព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតពីមុន, ការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយ ខ្លួនឯង គឺជាគុណតម្លៃមួយដ៏ធំធេង ។

នេះហើយជាហេតុផលមិនអាចប្រកែកបានសម្រាប់ការពង្រឹងនូវពហុភាគីនិយម និងកិច្ច សហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើច្បាប់។ ប្រទេសធំ និងតូច តែងតែមានប្រវត្តិសាស្ត្រ, វប្បធម៌, ប្រពៃណី, របៀបរបបរស់នៅ និងការរៀបចំនយោបាយខុសៗគ្នា ។ ប្រទេសនីមួយៗមិនគួរត្រូវបាន បង្អាក់ដំណើរ ដោយសារតែការដាក់ទណ្ឌកម្មជាឯកតោភាគី, ការហាមឃាត់ ឬវិធានការបង្ខិតបង្ខំ ផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុង ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ នោះឡើយ ។

កម្ពុជាពិតជាមានមោទកភាពណាស់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ (ASEM13) តាមប្រព័ន្ធវីដេអូ នៅក្នុងខែវិច្ឆិកា ខាងមុខនេះ ក្រោមមូលបទ “ការពង្រឹង ពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” ដែលជាសារសំខាន់ ក្នុងបរិបទបច្ចុប្បន្ននេះ ។ តាមទស្សនៈ របស់ខ្ញុំ, របៀបវារៈចម្បងនៃកិច្ចប្រជុំកំពូល គឺ «ពហុភាគីនិយមផ្តល់អាទិភាពដល់ការរួមគ្ន (convergences) ដែលមានជាអាទិ៍៖ ការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងសង្គម សេដ្ឋកិច្ច ឱ្យមានភាពរឹងមាំឡើងវិញ, ការរួមគ្នាប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ និងការក ទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ល។

ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមមួយផ្សេងទៀត ដែលទាមទារឱ្យមានសកម្មភាព ជាសកល ដែលមានលក្ខណៈបន្ទាន់ និងច្បាស់លាស់នៅគ្រប់ស្រទាប់ ។ នៅក្នុងបរិបទនេះ កម្ពុជាសូម គាំទ្រការអំពាវនាវរបស់ឯកឧត្តមអគ្គលេខាធិការ ចំពោះការបង្កើនការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង បណ្តុំខ្លួន និងសម្រាលបន្ទុកក្នុងតំបន់ និងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្របតាមគោលការណ៍ «ជាបញ្ហារួម ប៉ុន្តែការអនុវត្តផ្សេងៗគ្នាទៅតាមការទទួលខុសត្រូវ និងសមត្ថភាពរៀងៗខ្លួន»។

សន្តិភាព និងសន្តិសុខអន្តរជាតិមានសារៈសំខាន់បំផុតសម្រាប់អនាគតប្រកបដោយចីរភាព ។ កម្ពុជាសូមបញ្ជាក់ជាថ្មីអំពីជំហរដែលប្រកាន់យកជាយូរមកហើយថា ការទទួលខុសត្រូវចម្បងក្នុង ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ គឺស្ថិតនៅលើអង្គការសហប្រជាជាតិ ។ ចាប់តាំងពីឆ្នាំ ២០០៦ មក, កម្ពុជាបានរួមចំណែកតាមរយៈការបញ្ជូនកងកម្លាំងជាង ៧.៥០០ នាក់ ដើម្បី បម្រើក្នុងបេសកកម្មរក្សាសន្តិភាពផ្សេងៗ នៅទូទាំងពិភពលោករបស់អង្គការសហប្រជាជាតិហើយកងកម្លាំងរបស់យើងមួយចំនួនបានធ្វើពលិកម្មបូជាជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្ម ការពារជនស្លូតត្រង់។ លើសពីនេះ កម្ពុជាគាំទ្រដល់សកម្មភាពសម្រាប់គំនិតផ្តួចផ្តើមរក្សាសន្តិភាពបូក (AP+) របស់ឯកឧត្តមអគ្គលេខាធិការ ។ កម្ពុជាក៏គាំទ្ររបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ដែលនឹងធ្វើសមាហរណកម្មទស្សនៈវិស័យយេនឌ័រដ៏មានអត្ថន័យ ទៅក្នុងប្រតិបត្តិការ រក្សាសន្តិភាពនានា ។

ជាមួយគ្នានេះដែរ សម្តេចតេជោ សូមសង្កត់ធ្ងន់ថា ការប្រែប្រួលតថភាពនៃសតវត្សទី ២១ ទាមទារនូវអង្គការ សហប្រជាជាតិមួយ ដែលមានទម្រង់ថ្មី និងមានភាពរហ័សរហួនក្នុងការឆ្លើយតប ។ អង្គការនេះ ត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្ជួនជាងមុននូវអភិក្រមដោះស្រាយបញ្ហា តាមបែបប្រជាធិបតេយ្យប្រកប ដោយបរិយាប័ន្ន និងភាពជាតំណាង ។ ក្នុងន័យនេះ កម្ពុជាសូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះ កិច្ចខំប្រឹងប្រែងប្រកបដោយភាពបុរសកម្មរបស់ឯកឧត្តមអគ្គលេខាធិការ ក្នុងការរៀបចំអង្គការនេះ ឱ្យកាន់តែមានភាពឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសជាសមាជិក ។ ទំនាក់ទំនងរវាងក្រុម ប្រឹក្សាសន្តិសុខ, អង្គមហាសន្និបាត និងអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ក៏ត្រូវមានការ ពង្រឹងឡើងវិញផងដែរ ។ ក្នុងទិដ្ឋភាពនេះ, កម្ពុជាសូមធ្វើការបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ខ្លួន ចំពោះការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ កម្ពុជាប្រកាន់ទស្សនៈថា ការបង្កើនភាពជាតំណាង របស់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលគ្របដណ្តប់ចំណែកធំបំផុតនៃប្រទេសជាសមាជិក គឺជាអាទិភាព ចម្បងបំផុត ។

ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ កម្ពុជានឹងព្យាយាមដោះស្រាយបញ្ហាប្រឈម រួមនៅក្នុងតំបន់ ។ ជាមួយនឹងសាមគ្គីភាពដ៏រឹងមាំរវាងប្រទេសសមាជិកអាស៊ាន និងការគាំទ្រពីដៃគូ ខាងក្រៅ, កម្ពុជានឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ាន ដែលជាតំបន់ដ៏មានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម, ការវិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ ពិភពលោក ។ កម្ពុជានឹងបន្តជំរុញការកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពរស់រវើក និង សុខដុមរមនា ជាមួយនឹងការការពារដល់ពលករចំណាកស្រុក, របៀបវារៈការអភិវឌ្ឍន៍ ដែលមាន ភាពបៃតង និងបរិយាប័ន្ន, ការធ្វើបរិវត្តកម្មឌីជីថល, ការអភិវឌ្ឍសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម (MSMEs) ក៏ដូចជាការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និងយុវវ័យ ៕

អត្ថបទដែលជាប់ទាក់ទង