ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវដល់ ប្រជាពលរដ្ឋកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងតំបន់ងាយរងគ្រោះដោយសារទឹកជំនន់ បង្កើនការប្រុងប្រយ័ត្ន

32

 

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មួយចំនួនទៀត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ ខណៈជំនន់ទឹកភ្លៀងនៃទឹកស្ទឹងសែនបន្ដហក់ឡើងខ្លាំងឡើងៗ ដែលអាចឈានទៅដល់កម្រិតមួយបង្ករអោយមានការលិចលង់ និងត្រៀមបង្ការសង្គ្រោះ។

យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ នៅនៅវេលាម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ កម្រិតកម្ពស់ទឹកស្ទឹងសែនបន្ដហក់ឡើងកម្ពស់ ១១,៨០ម៉ែត្រ លើសកម្រិតដែលត្រូវប្រកាសអាសន្នកម្ពស់ ១១,៥០ម៉ែត្រ។

ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ សូមមានការការប្រុងប្រយ័ត្ន ហើយក្នុងករណីជួបគ្រោះទឹកជំនន់ ត្រូវរាយការណ៍ផ្តល់ព័ត៌មានឲ្យបានឆាប់បំផុត ដល់អាជ្ញាធរភូមិ ឃុំ-សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាព ចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះឲ្យបានទាន់ពេលវេលា។

រដ្ឋបាលខេត្តព្រះវិហារ មានកិត្តិយសសូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូន ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន និងមាត់ទន្លេមេគង្គ ព្រមទាំងបងប្អូនដែលកំពុងតែរស់នៅ តាមតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មេត្តាជ្រាបថា ផ្នែកតាមសេចក្តីជូនដំណឹងស្តីពី អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីថ្ងៃទី ២២ ខែកញ្ញា ព្រះរាជា ណាចក្រកម្ពុជា នឹងទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់លើជួរភ្នំដងរែក និង ខ្ពង់រាបឦសាន្ត ជាមួយនឹងខ្យល់មូសុងនិរតីបក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ ។ ស្ថានភាពបែបនេះ ខេត្តព្រះវិហារ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតត្រឹមធ្យមទៅខ្លាំង ដែលនឹងអាចបង្កជាជំននីទឹកភ្លៀង ជាមួយគ្នានេះ ក្នុងរយះពេល ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារទាំងមូលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នឹងកំពុងតែបន្តភ្លៀង ដែលធ្វើឲ្យទឹកស្ទឹងសែនហក់ឡើងខ្លាំង លឿន អាចឈានទៅដល់កម្រិតមួយបង្កឲ្យមានការលិចលង់ និងត្រៀម បង្ការសង្គ្រោះ ។

ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ទាំងអស់ ជាពិសេសបងប្អូនដែលកំពុងរស់នៅតាមដងស្ទឹងសែន និងមាត់ទន្លេមេគង្គ ព្រមទាំងបងបួនដែលកំពុង តែរស់នៅតាមតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មួយចំនួន មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលមាន សុវត្ថិភាពដែលនៅជិត ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋដែលជួយ គ្រោះទឹកជំនន់ សូមមេត្តារាយការណ៍ និងផ្តល់ព័ត៌មានឲ្យបានឆាប់បំផុតដល់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា ។

រដ្ឋបាលខេត្តព្រះវិហារ មានសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងមានការប្រុងប្រយ័ត្ន បង្កើនការ យកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពកម្ពស់ទឹកទន្លេ និងទឹកស្ទឹងសែនដែលកំពុងតែហក់ឡើងជាបន្តបន្ទាប់ ។ ដូច្នេះ សូមបងប្អូនចូលរួមសហការជាមួយអាជ្ញាធរដែនដីក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀងនេះឲ្យបានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង