ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ បញ្ជាក់ថា​ ពិតជាមានការលួចលេងល្បែងជល់មាន់ ពិតប្រាកដមែន តែជាលក្ខណៈលួចណាត់ជួប​ លេងម្តងម្កាល

32

 

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមជ្រាប​ថា​ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី មានបណ្តាញសារព័ត៌មាន បានចុះផ្សាយថា មានការលួចលេងល្បែង ស៊ីសង ជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចព្រៃចំការស្វាយចន្ទីរ ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

​បន្ទាប់​ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់អធិការនគរបាលស្រុកព្រៃឈរ , កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពូន ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះទៅជាមួយសមត្ថកិច្ចផ្ទាល់ នៅក្នុងព្រៃចំការស្វាយចន្ទីរ ចំណុចអណ្តូងឈើខ្មៅ ស្ថិតក្នុងភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ដោយភូមិសាស្ត្រស្មុគ្រស្មាញ​ ផ្លូវពិបាកធ្វើដំណើរ ចំងាយពីភូមិប្រហែល៨ គីឡូម៉ែត្រ និងច្រកចូលទៅចំណុចលួចលេងល្បែងប្រហែល ២គីឡីម៉ែត្រទៀត ត្រូវបានក្រុមអ្នកលួចលេងល្បែងទាំងអស់នោះ រត់គេចខ្លួនតាមចំការចេកបាត់អស់ មុនពេលកម្លាំងសមត្ថកិច្ចចុះដល់ ដោយគ្មានបន្សល់ទុកនូវវត្ថុតាងអ្វីឡើយ ។

​តាមការបំភ្លឺ​ពីប្រជាពលរដ្ឋដែលមានចំការនៅក្បែរនោះ បានបញ្ជាក់ថា​ នៅចំណុចខាងលើនេះ ពិតជាមានការលួចលេងល្បែងជល់មាន់ ពិតប្រាកដមែន តែជាលក្ខណៈលួចណាត់ជួប​ លេងម្តងម្កាល តែប៉ុណ្ណោះ មិនមានជាលក្ខណៈសង្វៀនឡើយ​ ។

​ផ្អែក​តាមការពិនិត្យស្ថានភាពទីតាំងល្បែងជល់មាន់នេះ សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជាកន្លែងដែលក្រុមអ្នកញៀនល្បែងណាត់ជួបគ្នាប្រជល់មាន់ក្នុងទ្រោងទ្រាយតូចតាច (មួយ ឬ ពីរគូ) និងចល័តក្នុងភូមិសាស្ត្រឃុំ ស្រុកខាងលើប៉ុណ្ណោះ មិនមែនជាសង្វៀនជល់មាន់ទ្រោងទ្រាយធំនោះទេ។

​ចំពោះ​ករណីខាងលើនេះ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកព្រៃឈរ បានចាត់តាំងលោកអធិការរង ០១រូប ទទួលដឹកនាំ ពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ដាក់កម្លាំងឃ្លាំមើល ត្រួតពិនិត្យទីតាំងខាងលើនេះ ជាប់ជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចលេងល្បែងស៊ីសងខុសច្បាប់បន្តទៀត​ ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នើសុំភ្នាក់ងារសារព័ត៌មាន សូមមេត្តាសហការចង្អុលបង្ហាញមុខសញ្ញាសង្ស័យ ឬភស្តុតាងដាក់បន្ទុក ជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការអនុវត្តគោលការណ៍ជំនាញ និងនីតិវិធី។

​ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមដែលតែងសហការផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្រ្តទឹកដីខេត្តកំពង់ចាម យើងនឹងខិតខំពង្រឹងសមត្ថភាពជំនាញក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ពិសេសការសម្ងាត់ជូនគ្រប់ប្រភពដែលបានផ្ដល់ព័ត៌មាន និងសូមអំពាវនាវឲ្យគ្រប់ប្រភពផ្ដល់ព័ត៌មានទាំងអស់ មេត្តាជួយសហការរក្សាការសម្ងាត់ផ្ទាល់ខ្លួន ដើម្បីឱ្យសមត្ថកិច្ចអនុវត្តវិធានការជំនាញប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង