ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈសង្ឃនាយក ទូលប្រគេនព្រះមេគណរាជធានី ខេត្ត និងព្រះចៅអធិការវត្ត និងប្រជាពុទ្ធបរិស័ទទូទាំងប្រទេស ស្តីពីការព្រួយបារម្ភ ពីការរីករាលដាលនៃជម្ងឺកូវីដ ១៩

36

 

ភ្នំពេញ ៖ នៅថ្ងៃ​អាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ គណ:សង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានសេចក្តីប្រគេននិងជូនដំណឹងទូលប្រគេនព្រះមេគណរាជធានី ខេត្ត និងព្រះចៅអធិការវត្ត និងប្រជាពុទ្ធបរិស័ទទូទាំងប្រទេស ស្តីពីការព្រួយបារម្ភពីការរីករាលដាលនៃជម្ងឺកូវីដ ១៩ និងការចូលរួមគាំទ្រចំណាត់ការផ្អាក ពិធីរៀបចំបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរបស់ រាជរដ្ឋាភិបាលដែលមានទស្សនវិស័យវែងឆ្ងាយ ដែលបានគិតគូរពីសុខភាពសាធារណៈជាចម្បងនិងប្រកបដោយគតិបណ្ឌិត ។

គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមទូលប្រគេនព្រះមេគណ រាជធានី ខេត្ត និងព្រះចៅអធិការវត្តទូទាំងប្រទេស សូមចម្រើនពរពុទ្ធបរិស័ទទាំងអស់ ដោយសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃការចាប់ផ្ដើម ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ មានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងវត្តអារាម ជាពិសេសតាម បណ្តាវត្តមួយចំនួន ក្នុងរាជធានីភ្នំពេញ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការព្រួយបារម្ភ ជាខ្លាំងនិងសូមគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ប្រកបដោយគតិបណ្ឌិត និងគិតគូរពីបញ្ហាសុខភាព សាធារណៈតាមរយៈសេចក្តីសម្រេចលេខ ៩៥ សសរ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ដើម្បីចូលរួមគាំទ្រដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ កូវីដ-១៩ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ដែលមិន បានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ” ឱ្យបានពេញលេញតាមទំនៀមទំលាប់ប្រពៃណីជាតិពីបុរាណមក សូមមេត្តាយោគយល់ពីស្ថានភាពដ៏លំបាកនេះ និងសូមទូលប្រគេនចំពោះព្រះសង្ឃដែលមានវិជ្ជមានកូវីដ-១៩ ត្រូវ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីព្យាបាលតាមការចាត់ចែងរបស់មន្ត្រីសុខាភិបាល ដោយឡែកចំពោះ ព្រះសង្ឃ តាមបណ្តាវត្តអារាមទាំងអស់ សូមគោរពវត្តប្រតិបត្តិ កិច្ចវត្តព្រឹក ល្ងាច ស្របតាមត្រៃសិក្ខាមាន សីល សមាធិ បញ្ញា និងអនាម័យ ជាប់ជាប្រចាំ ជាពិសេសអនុវត្តតាមវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនជៀសវាងការឆ្លងរាល ដាលបន្ថែមទៀត។

ទន្ទឹមនឹងនេះគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំព្រះករុណា អាត្មាភាពសូមចម្រើនពរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រមុខរាជរដ្ឋាភិបាលជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវវិធានការណ៍ទាន់ពេលវេលាក្នុងការទប់ស្កាត់ ការឆ្លងរាលដាលទ្រង់ទ្រាយធំទូទាំងប្រទេស នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស ដោយសង្ឃឹមនិងជឿជាក់លើការដឹកនាំប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង