សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ” ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន “ ” TOURISM FOR INCLUSIVE GROWTH “
ភ្នំពេញ ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ” ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន “ ” TOURISM FOR INCLUSIVE GROWTH ” ។
ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ មានក្តីសោមនស្សរីករាយ ក្រៃលែង ដោយបានចូលរួមជាមួយបងប្អូនជនរួមជាតិ ក៏ដូចជាប្រជាជាតិទាំងឡាយនៅលើពិភពលោក ដើម្បី អបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ”ទេសចរណ៍សម្រាប់កំណើនប្រកប ដោយបរិយាបន្ន (Tourism for Inclusive Growth) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។
ជាការពិតណាស់ វិស័យទេសចរណ៍ ដែលជាវិស័យពឹងផ្អែកលើការធ្វើដំណើរ បាននិងកំពុងទទួលរង ផលប៉ះពាល់យ៉ាងដំណំពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩លើគ្រប់ផ្នែកទាំងអស់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុង កម្រិតពិភពលោក ឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះរហូតដល់៧៣% ដែលធ្វើឱ្យប៉ះពាល់ ការងារផ្ទាល់ពី១០០ទៅ១២០លាន និងការងារមិនផ្ទាល់ជាច្រើនរយលាននាក់ថែមទៀត។ ដោយឡែក នៅកម្ពុជា ចំនួនទេសចរអន្តរជាតិបានថយចុះរហូតដល់៨០,២%ប៉ះពាល់ការងារផ្ទាល់ជាង១១ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត ហើយនិន្នាការនេះនឹងបន្តធ្លាក់ចុះតទៅទៀតក្នុងឆ្នាំ២០២១ នេះ។
ជាការចូលរួមដោះស្រាយ រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចុះអនុវត្តកម្មវិធីជួយសង្គ្រោះ និងកម្មវិធី សាច់ប្រាក់ ជួយអាជីវកម្ម និងបុគ្គលិកក្នុងវិស័យទេសចរណ៍ ក៏ដូចជាក្នុងវិស័យផ្សេងៗទៀតរួមទាំងប្រជា ពលរដ្ឋក្រីក្រទូទៅដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ ហើយដែលវិធានអន្តរាគមន៍នេះទទួល បានប្រសិទ្ធភាពខ្ពស់ និងបានចូលរួមទ្រទ្រង់លំនឹងម៉ាក្រូសេដ្ឋកិច្ចរហូតដល់ពេលបច្ចុប្បន្ន។
ក្នុងបរិការណ៍បច្ចុប្បន្ន ខណៈដែលមេរោគកូវីដ-១៩បំប្លែងថ្មីកំពុងបន្តរីករាលដាលក្នុងពិភពលោក និងមានភាពមិនច្បាស់លាស់នៅថ្ងៃអនាគត រាជរដ្ឋាភិបាលបានកំណត់ជាមុំយុទ្ធសាស្ត្រគន្លឹះយ៉ាងម៉ឺងម៉ាត់ ដាក់ចេញនូវគោលនយោបាយចាក់ស្រោចវាក់សាំងកូវីដ-១៩ឱ្យបានលឿនតាមគោលដៅកំណត់ បន្តជំរុញអនុវត្តវិធានការរដ្ឋបាលនិងសុខាភិបាល ជាពិសេសវិធាន “៣កុំ ៣ការពារ” ដើម្បីជាមូលដ្ឋាននៃការបើក សកម្មភាពសេដ្ឋកិច្ចនិងសង្គមពេញលេញឡើងវិញ ជាជំហានៗ ក្នុងគន្លងប្រក្រតីភាពថ្មី និងការទទួលខុស តូវខ្ពស់។
ក្នុងន័យនេះ សម្តេចតេជោ សូមកោតសរសើរដល់ផ្នែកឯកជន និងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ ដែលបានសហការជាមួយក្រសួងទេសចរណ៍រៀបចំ និងអនុវត្តវិធានសុវត្ថិភាពនិងអនាម័យសម្រាប់អាជីវកម្ម ទេសចរណ៍និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍ សំដៅចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ សម្តេចក៏សូមកោតសរសើរ ផងដែរចំពោះការរៀបចំនិងអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩.ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប និងផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តមណ្ឌលគិរី ដែលជាការគិតគូរមួយទាន់ពេលវេលានិងមានលក្ខណៈបុរេសកម្ម ដើម្បីជាតិ វិស័យក្នុងការស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។
ឆ្លងកាត់វិបត្តិកូវីដ-១៩នេះ យើងមើលឃើញកាន់តែច្បាស់អំពីតួនាទីនៃវិស័យទេសចរណ៍ក្នុងការទ្រទ្រង់ ភាពរីកចម្រើនប្រកបដោយបរិយាបន្ន តាមរយៈការបង្កើតចំណូលនិងការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ចូលរួមការពារនិងអភិរក្សសម្បត្តិវប្បធម៌និងធម្មជាតិ ព្រមទាំងចូលរួមបង្កើតការងារ និងចំណូលក្នុងវិស័យ ពាក់ព័ន្ធផ្សេងៗទៀត។ ដោយផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ដ៏វែងនិងលក្ខណៈជាអន្តរវិស័យ វិស័យទេសចរណ៍ នឹងក្លាយជាសសរស្តម្ភមួយកាន់តែសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ព្រមទាំងមានសមត្ថភាពកាន់តែខ្លាំងក្នុងការចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ។
ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ “ទេសចរណ៍ដើម្បី កំណើនប្រកបដោយបរិយាបន្ន” សម្តេចនាយករដ្ឋមន្រ្តី សូមចែករំលែកការយល់ឃើញនិងគូសបញ្ជាក់នូវយុទ្ធសាស្ត្រ អាទិភាពមួយចំនួន ដើម្បីចាប់ផ្ដើមបើកឡើងវិញនូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខ ឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់នឹងវិបត្តិកាន់តែប្រសើរ ដូចតទៅ៖
១- យោងលើល្បឿននៃការចាក់វ៉ាក់សាំងនៅកម្ពុជា យើងជឿជាក់ថា គោលដៅទេសចរណ៍កម្ពុជានឹង ត្រូវបានមើលឃើញថា ពិតជាធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរជាតិនិងអន្តរជាតិ ឡើងវិញ។ កត្តានេះ រួមផ្សំនឹងការទទួលយកនូវការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ដោយប្រកាន់ខ្ជាប់នូវ វិធានសុខាភិបាលទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ-១៩ នឹងជំរុញឱ្យកម្ពុជាអាចបើកឡើងវិញជាជំហានៗនូវសកម្មភាព ទេសចរណ៍ផ្ទៃក្នុងនិងអន្តរជាតិ ដោយតម្កល់សុខភាពសាធារណៈជាអាទិភាព។ ស្ថិតក្នុងភាពសុទិដ្ឋិនិយមនេះ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ផ្នែកឯកជន និងភាគីពាក់ព័ន្ធនានា
ត្រូវផ្តល់កិច្ចសហការគាំទ្រចំពោះការរៀបចំផែនការយុទ្ធសាស្ត្រ ក្នុងការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព នាពេលខាងមុខ។
២- កន្លងមកវិស័យទេសចរណ៍បានបំពេញតួនាទីយ៉ាងសកម្ម ជាម៉ាស៊ីនអូសទាញកំណើនសម្រាប់ វិស័យសេដ្ឋកិច្ច-សង្គមដ៏ទៃទៀត តាមរយៈឥទ្ធិពលមេគុណសេដ្ឋកិច្ចពី៤ ទៅ៥ដង និងមេគុណឥទ្ធិពលការងារដ៏ខ្ពស់ដោយការងារផ្ទាល់ ១ ក្នុងវិស័យទេសចរណ៍អាចបង្កើតការងារមិនផ្ទាល់ចំនួន ១,៥ (មួយកន្លះ)។ ក្នុងន័យនេះ សម្តេចសូមលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន យុវជន និងដៃគូ អភិវឌ្ឍ ជាតិនិងអន្តរជាតិ ចូលរួមជំរុញការបង្កើត និងផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឱ្យកាន់តែសម្បូរបែប តាមរយៈ ការដាក់ចុះនូវកម្មវិធីយុវជននិងធុរកិច្ចក្នុងវិស័យទេសចរណ៍កម្មវិធីជំរុញការបង្កើតថ្មីនិងនវានុវត្តន៍ទេសចរណ៍ ជនបទ ព្រមទាំងលើកកម្ពស់ការយល់ដឹងនិងកសាងសមត្ថភាពផ្នែកទេសចរណ៍ឌីជីថលដល់ថ្នាក់មូលដ្ឋាន ក្រោមការសម្របសម្រួលនិងដឹកនាំរបស់ក្រសួងទេសចរណ៍ និងក្រោមកិច្ចសហប្រតិបត្តិការពីអង្គការទេសចរណ៍ ពិភពលោក សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍនានា។
៣- វិបត្តិកូវីដ-១៩ បានធ្វើឱ្យមានការចាកចេញពីការងារ ខ្សែសង្វាក់ផ្គត់ផ្គង់ទេសចរណ៍គ្រប់កម្រិត ត្រូវផ្អាកស្ទើរទាំងស្រុង ដែលទាំងនេះបានបង្កជាឧបសគ្គនៃដំណើរការស្តារឡើងវិញនៃវិស័យទេសចរណ៍ នាពេលខាងមុខ។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការកាន់តែសកម្មថែម ទៀតជាមួយក្រសួងទេសចរណ៍ ធ្វើការបណ្តុះបណ្តាលជំនាញបន្ថែមនិងជំនាញថ្មីដល់យុវជន ស្របតាម យន្តការអភិវឌ្ឍន៍ជំនាញរទសចរណ៍ប្រកបដោយចីរភាព។
៤- បន្ទាប់ពីវិបត្តិកូវីដ-១៩ ខ្ញុំយល់ឃើញថា និន្នាការទេសចរណ៍នឹងមានសភាពខុសពីមុន ពោលគឺ ការគិតគូរអំពីសុវត្ថិភាពនិងផាសុកភាពនឹងក្លាយជាកត្តាអាទិភាពក្នុងការសម្រេចចិត្តជ្រើសរើសគោលដៅ ធ្វើដំណើរកំសាន្ត។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រនូវការដាក់ចុះយុទ្ធនាការ “កម្ពុជាសុវត្ថិភាព – Cambodia Safe” ដើម្បីជាមុំយុទ្ធសាស្ត្រទាក់ទាញទេសចរផ្ទៃក្នុងនិងអន្តរជាតិក្នុងដំណាក់កាលនៃការបើក ឡើងវិញ និងពេលអនាគត។
បច្ចុប្បន្ន ទោះជាមានការជឿនលឿនខ្លាំងលើការចាក់វ៉ាក់សាំងនៅកម្ពុជា យើងនៅតែស្ថិតក្នុងភាព ផុយស្រួយ ហើយយើងទាំងអស់គ្នាត្រូវបន្តចូលរួមអនុវត្តវិធានរដ្ឋបាលនិងសុខាភិបាលតទៅទៀត ដោយ សេចក្តីអត់ធ្មត់ ដើម្បីជាគ្រឹះរឹងមាំនៃការបើកសកម្មភាពទេសចរណ៍ ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចនិងសង្គម ផ្សេងៗទៀតឡើងវិញប្រកបដោយសុវត្ថិភាពនិងការទទួលខុសត្រូវ។
នៅទីបញ្ចប់ សម្តេចសូមជូនពរឱ្យការរៀបចំទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ជាផ្លូវការ នៅប្រទេសកូឌីវរ (Côte d’Ivoire) ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ៕