ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ គូសបញ្ជាក់នូវយុទ្ធសាស្ត្រ អាទិភាពមួយចំនួន ដើម្បីចាប់ផ្ដើមបើកឡើងវិញ នូវសកម្មភាពទេសចរណ៍

58

 

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ “ទេសចរណ៍ដើម្បី កំណើនប្រកបដោយបរិយាបន្ន” សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមចែករំលែកការយល់ឃើញនិងគូសបញ្ជាក់នូវយុទ្ធសាស្ត្រ អាទិភាពមួយចំនួន ដើម្បីចាប់ផ្ដើមបើកឡើងវិញនូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខ ឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់នឹងវិបត្តិកាន់តែប្រសើរ ដូចតទៅ៖

១- យោងលើល្បឿននៃការចាក់វ៉ាក់សាំងនៅកម្ពុជា យើងជឿជាក់ថា គោលដៅទេសចរណ៍កម្ពុជានឹង ត្រូវបានមើលឃើញថា ពិតជាធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរជាតិនិងអន្តរជាតិ ឡើងវិញ។ កត្តានេះ រួមផ្សំនឹងការទទួលយកនូវការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ដោយប្រកាន់ខ្ជាប់នូវ វិធានសុខាភិបាលទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ-១៩ នឹងជំរុញឱ្យកម្ពុជាអាចបើកឡើងវិញជាជំហានៗនូវសកម្មភាព ទេសចរណ៍ផ្ទៃក្នុងនិងអន្តរជាតិ ដោយតម្កល់សុខភាពសាធារណៈជាអាទិភាព។ ស្ថិតក្នុងភាពសុទិដ្ឋិនិយមនេះ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ផ្នែកឯកជន និងភាគីពាក់ព័ន្ធនានា
ត្រូវផ្តល់កិច្ចសហការគាំទ្រចំពោះការរៀបចំផែនការយុទ្ធសាស្ត្រ ក្នុងការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព នាពេលខាងមុខ។

២- កន្លងមកវិស័យទេសចរណ៍បានបំពេញតួនាទីយ៉ាងសកម្ម ជាម៉ាស៊ីនអូសទាញកំណើនសម្រាប់ វិស័យសេដ្ឋកិច្ច-សង្គមដ៏ទៃទៀត តាមរយៈឥទ្ធិពលមេគុណសេដ្ឋកិច្ចពី៤ ទៅ៥ដង និងមេគុណឥទ្ធិពលការងារដ៏ខ្ពស់ដោយការងារផ្ទាល់ ១ ក្នុងវិស័យទេសចរណ៍អាចបង្កើតការងារមិនផ្ទាល់ចំនួន ១,៥ (មួយកន្លះ)។ ក្នុងន័យនេះ សម្តេចសូមលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន យុវជន និងដៃគូ អភិវឌ្ឍ ជាតិនិងអន្តរជាតិ ចូលរួមជំរុញការបង្កើត និងផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឱ្យកាន់តែសម្បូរបែប តាមរយៈ ការដាក់ចុះនូវកម្មវិធីយុវជននិងធុរកិច្ចក្នុងវិស័យទេសចរណ៍កម្មវិធីជំរុញការបង្កើតថ្មីនិងនវានុវត្តន៍ទេសចរណ៍ ជនបទ ព្រមទាំងលើកកម្ពស់ការយល់ដឹងនិងកសាងសមត្ថភាពផ្នែកទេសចរណ៍ឌីជីថលដល់ថ្នាក់មូលដ្ឋាន ក្រោមការសម្របសម្រួលនិងដឹកនាំរបស់ក្រសួងទេសចរណ៍ និងក្រោមកិច្ចសហប្រតិបត្តិការពីអង្គការទេសចរណ៍ ពិភពលោក សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍនានា។

៣- វិបត្តិកូវីដ-១៩ បានធ្វើឱ្យមានការចាកចេញពីការងារ ខ្សែសង្វាក់ផ្គត់ផ្គង់ទេសចរណ៍គ្រប់កម្រិត ត្រូវផ្អាកស្ទើរទាំងស្រុង ដែលទាំងនេះបានបង្កជាឧបសគ្គនៃដំណើរការស្តារឡើងវិញនៃវិស័យទេសចរណ៍ នាពេលខាងមុខ។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការកាន់តែសកម្មថែម ទៀតជាមួយក្រសួងទេសចរណ៍ ធ្វើការបណ្តុះបណ្តាលជំនាញបន្ថែមនិងជំនាញថ្មីដល់យុវជន ស្របតាម យន្តការអភិវឌ្ឍន៍ជំនាញរទសចរណ៍ប្រកបដោយចីរភាព។

៤- បន្ទាប់ពីវិបត្តិកូវីដ-១៩ ខ្ញុំយល់ឃើញថា និន្នាការទេសចរណ៍នឹងមានសភាពខុសពីមុន ពោលគឺ ការគិតគូរអំពីសុវត្ថិភាពនិងផាសុកភាពនឹងក្លាយជាកត្តាអាទិភាពក្នុងការសម្រេចចិត្តជ្រើសរើសគោលដៅ ធ្វើដំណើរកំសាន្ត។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រនូវការដាក់ចុះយុទ្ធនាការ “កម្ពុជាសុវត្ថិភាព – Cambodia Safe” ដើម្បីជាមុំយុទ្ធសាស្ត្រទាក់ទាញទេសចរផ្ទៃក្នុងនិងអន្តរជាតិក្នុងដំណាក់កាលនៃការបើក ឡើងវិញ និងពេលអនាគត។

ជាការពិតណាស់ វិស័យទេសចរណ៍ ដែលជាវិស័យពឹងផ្អែកលើការធ្វើដំណើរ បាននិងកំពុងទទួលរង ផលប៉ះពាល់យ៉ាងដំណំពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩លើគ្រប់ផ្នែកទាំងអស់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងកម្រិតពិភពលោក ឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះរហូតដល់៧៣% ដែលធ្វើឱ្យប៉ះពាល់ ការងារផ្ទាល់ពី១០០ទៅ១២០លាន និងការងារមិនផ្ទាល់ជាច្រើនរយលាននាក់ថែមទៀត។ ដោយឡែក នៅកម្ពុជា ចំនួនទេសចរអន្តរជាតិបានថយចុះរហូតដល់៨០,២%ប៉ះពាល់ការងារផ្ទាល់ជាង១១ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត ហើយនិន្នាការនេះនឹងបន្តធ្លាក់ចុះតទៅទៀតក្នុងឆ្នាំ២០២១ នេះ។

ជាការចូលរួមដោះស្រាយ រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចុះអនុវត្តកម្មវិធីជួយសង្គ្រោះ និងកម្មវិធី សាច់ប្រាក់ ជួយអាជីវកម្ម និងបុគ្គលិកក្នុងវិស័យទេសចរណ៍ ក៏ដូចជាក្នុងវិស័យផ្សេងៗទៀតរួមទាំងប្រជា ពលរដ្ឋក្រីក្រទូទៅដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ ហើយដែលវិធានអន្តរាគមន៍នេះទទួល បានប្រសិទ្ធភាពខ្ពស់ និងបានចូលរួមទ្រទ្រង់លំនឹងម៉ាក្រូសេដ្ឋកិច្ចរហូតដល់ពេលបច្ចុប្បន្ន។

ក្នុងបរិការណ៍បច្ចុប្បន្ន ខណៈដែលមេរោគកូវីដ-១៩បំប្លែងថ្មីកំពុងបន្តរីករាលដាលក្នុងពិភពលោក និងមានភាពមិនច្បាស់លាស់នៅថ្ងៃអនាគត រាជរដ្ឋាភិបាលបានកំណត់ជាមុំយុទ្ធសាស្ត្រគន្លឹះយ៉ាងម៉ឺងម៉ាត់ ដាក់ចេញនូវគោលនយោបាយចាក់ស្រោចវាក់សាំងកូវីដ-១៩ឱ្យបានលឿនតាមគោលដៅកំណត់ បន្តជំរុញអនុវត្តវិធានការរដ្ឋបាលនិងសុខាភិបាល ជាពិសេសវិធាន “៣កុំ ៣ការពារ” ដើម្បីជាមូលដ្ឋាននៃការបើក សកម្មភាពសេដ្ឋកិច្ចនិងសង្គមពេញលេញឡើងវិញ ជាជំហានៗ ក្នុងគន្លងប្រក្រតីភាពថ្មី និងការទទួលខុស តូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង