ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្រុសស្ទុះទៅទាញកាំបិតប៉័ងតោ រកដេញកាប់ ប្អូនស្រី

66

 

កណ្តាល ៖ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការឆ្លើយតបជូនគណនីហ្វេសបុកឈ្មោះ Jo Jo ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ ជំរាបសួរពូ នាងខ្ញុំរស់នៅ ភូមិព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាលដោយមាន ករណីប៉ុនប៉ងមនុស្សឃាត០២លើករួចមកហើយ ដោយនៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង៤ និង៣០ នាទី ឈ្មោះ សាត សិទ្ធ ភេទប្រុស(ត្រូវជាបងប្រុសបង្កើតរបស់នាងខ្ញុំ) បានដេញវាយប៉ុនប៉ងសម្លាប់ខ្ញុំ (លើកទី១) យកកាំបិតផ្គាក់ដេញកាប់ខែមុន (លើកទី២) ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដែលនាងខ្ញុំកំពុងធ្វើស្មៅ នៅចំការម្នាក់ឯង បានស្ទុះរត់មកវាយ តែនាងខ្ញុំបានរត់រួចហើយស្រែកអោយគេជួយហើយបានរត់មកប្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំរួចហើយ សូមបងមេត្តាជួយពន្លឿនរកយត្តិធម៌អោយនាងខ្ញុំផងព្រោះនាងខ្ញុំមានការភ័យណាស់។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ សហការជាមួយ និងកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកចុះស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល៖ នៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ និងកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក បានចុះស្រាវជ្រាវ និងចេញលិខិតកោះអញ្ជើញភាគីពាក់ព័ន្ធ រួមមាន៖ ១-ឈ្មោះ សាត សិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ (ជនត្រូវចោទ) ២-ឈ្មោះ​ សាធ លី ភេទស្រី អាយុ៣៥ឆ្នាំ (ដើមចោទ) មានទីលំនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល មកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ ដើម្បីសាកសួរ ៖

យោងតាមការសួរបំភ្លឺ ភាគីខាង (ដើមចោទ) ឈ្មោះ សាធ លី បានបំភ្លឺថា នៅថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២១ ខ្លួនធ្លាប់មានបញ្ហារឿងដីធ្លី ជាមួយឈ្មោះ សាធ សិទ្ធ (ជនត្រូវចោទ) ដែលត្រូវជាបងប្រុសបង្កើត និងមានការជេរបញ្ចោរគ្នាទៅវិញទៅមកមែន។ លុះមកដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឈ្មោះ សាធ លី(ដើមចោទ) ត្រូវជាប្អូនស្រី បានដើរកាត់តាមដី ឈ្មោះ សាធ សិទ្ធ (ជនត្រូវចោទ) ហើយត្រូវឈ្មោះ សាធ សិទ្ធ ចេញពីធ្វើការរោងចក្រ ឃើញក៏បានជេរបញ្ចោរ និងនិយាយឲ្យ ឈ្មោះ សាធ លី (ប្អូនស្រីបង្កើត)របស់ខ្លួនថា អញមិនឲ្យដើរដីអញ ហើយក៏ស្ទុះទៅទាញកាំបិតប៉័ងតោ រកដេញកា.ប់ឈ្មោះ សាធ លី ត្រូវជាប្អូនស្រីបង្កើតតែឈ្មោះ សាធ លី មើលឃើញបានរត់ស្រែកឲ្យគេជួយ។ ក្រោយមកបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ និងបានសំណូមពរមកសមត្ថកិច្ច អោយជួយកោះហៅឈ្មោះ សាធ សិទ្ធ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើកិច្ចសន្យា មិនឲ្យមានការគំរាមមកលើខ្លួនអញ្ចឹងទៀត។

យោងតាមការបំភ្លឺ របស់ឈ្មោះ សាធ សិទ្ធ បានបំភ្លឺថាៈ ខ្លួនពិតជាបានមានទំនាស់ពាក្យសំដី ជាមួយប្អូនស្រីខ្លួន និងបានប្រើពាក្យអសុរោះ ទៅលើពួកប្អូនពិតមែន ហើយឈ្មោះ សាធ សិទ្ធ បានប្រើពាក្យថាបើថ្ងៃក្រោយ ដើរតាមដីអញប្រយ័ត្នមានបញ្ហា​ទៀត។

បន្ទាប់ពីស្តាប់ការបំភ្លឺភាគីទាំងសងខាងរួច ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ និងកម្លាំងផ្នែកជំនាញស្រុក បានសម្រុះសម្រួល និងឯកភាពគ្នាតាមការសំណូមពរ របស់ដើមបណ្តឹង ធ្វើកិច្ចសន្យាអប់រំណែនាំ និងដកពាក្យបណ្តឹង ឈប់ប្តឹងផ្តល់គ្នា និងមិនឲ្យមានការជេរបញ្ចោរ ឫធ្វើការគុំគួនគ្នាទៅថ្ងៃក្រោយទៀតឡើយ ចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង