ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនចង្ហាន់ និងទេយ្យវត្ថុ ដល់ព្រះសង្ឃ ក្នុងវេនកាន់បិណ្ឌទី១១ នៅវត្តច័ន្ទបុរីវង្ស

89

 

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តច័ន្ទបុរីវង្ស (ហៅវត្តសំរោងជើង) ស្ថិតនៅក្នុងសង្កាត់ សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។

ក្នុងពិធីកាន់បិណ្ឌវេនទី១១នេះ លោក ជំទាវកិត្តិសង្គហបណ្ឌិតព្រមទាំងមន្រ្តីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តច័ន្ទបុរីវង្ស ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និង ទេយ្យវត្ថុដល់ព្រះសង្ឃ ដោយបានរក្សាគម្លាត និងគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ។

បន្ទាប់មកលោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ បានបង្សុកូល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាត្តិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត និងសូមឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប់ជាប្រចាំ ដើម្បីឈានទៅកាត់ផ្តាច់ឲ្យបាននូវឬសគល់ នៃជំងឺកូវីដ- ១៩ ដែលកំពុងតែឆ្លងរាលដាលចូលទៅក្នុងសហគមន៍យើង។

សូមបញ្ជាក់ថា៖ ភ្ជុំបិណ្ឌគឺជាពិធីបុណ្យដែល ប្រជាជនខ្មែរចាត់ទុកថាធំជាងគេ ក្នុង ចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់១៥រោចខែភទ្របទ។ ពីថ្ងៃ០១ រោច ដល់១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថាថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ជាថ្ងៃជួបជុំគ្នាចុងក្រោយនៃពិធីបុណ្យកាន់បិណ្ឌ។
បន្ទាប់មកទៀតលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញចូលអុជធូបនៅវត្តភ្នំ ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង