ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផលិតករភាពយន្តដ៏ល្បីរបស់កម្ពុជា លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម ទទួលមរណភាព ក្នុងវ័យ៨៧ឆ្នាំ ដោយរោគាពាធ

137

ភ្នំពេញ៖ ផលិតករភាពយន្តដ៏ល្បីរបស់កម្ពុជា ក្នុងយុគសម័យមាស លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម បានទទួលមរណភាពហើយ ក្នុងវ័យ៨៧ឆ្នាំ ដោយរោគាពាធ បន្ទាប់ពីក្រុមគ្រួសារបានបញ្ជូនលោកទៅព្យាបាល នៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃរួចមក។

កូនប្រុសលោកតា លី ប៊ុនយីម គឺលោក លី រដ្ឋា បានប្រាប់ពីសហរដ្ឋអាមេរិកមកថា ឪពុករបស់ខ្លួន គឺលោកតា លី ប៊ុន យីម បានទទួលមរណភាពហើយ នៅម៉ោង១១៖៥០នាទី ថ្ងៃត្រង់ នាថ្ងៃអង្គារ៍ ទី០៥ ខែតុលា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយរោគាពាធ។

ជាមួយគ្នានេះ យោងតាមផេកហ្វេសប៊ុកផ្លូវការ របស់ក្រុមព្រះសុរិយា ក៏បានជូនដំណឹងថា ដោយទទួលបានដំណឹងដ៏ក្រៀមក្រំ និងក្តុកក្តួលបំផុតពីកូនៗរបស់លោក លី ប៊ុនយីម គឺលោក លី រតនៈ និង លោកលី រដ្ឋា មកថា លោកព្រឹទ្ធាចារ្យ លី ប៊ុនយឹម ផលិតករភាពយន្តកំពូលមួយរូបនៃកម្ពុជា ក្នុងសម័យយុគមាស បានទទួលមរណភាពហើយ។

ក្រោយទទួលបាននូវដំណឹងដ៏ក្រៀមក្រំនេះហើយ មហាជនក៏ដូចជាពុកម៉ែបងប្អូន អ្នកស្នេហាវិស័យភាពយន្តខ្មែរទាំងអស់ ក៏បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសពផងដែរ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម អញ្ជើញទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា វីរភាព និងមរតកស្នាដៃរបស់លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម ក្នុងវិស័យសិល្បៈភាពយន្តខ្មែរ ត្រូវបានមហាទស្សនិកជន និងប្រជាជាតិខ្មែរទាំងមូល នៅចងចាំជានិច្ច គ្មានថ្ងៃបំភ្លេចបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង