ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី០២ ខែធ្នូ ដោយបានអនុម័តទាំងស្រុង លើរបៀបវារៈចំនួន ០៣

32

 

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៤រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០៣ ដូចខាងក្រោម៖

របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ។
សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍បច្ចុប្បន្នដែលកម្ពុជាកំពុងស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ នៅឡើយ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងការបន្តរីករាលដាលនៃមេរោគកូរ៉ូណាបំប្លែងថ្មី ដែលបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងកំពុងដាក់សម្ពាធកាន់តែធ្ងន់មកលើថវិកាជាតិ។

សេចក្តីព្រាងច្បាប់នេះអាចប្រសិទ្ធនាមថា ជាថវិកាសម្រាប់បន្តការប្រយុទ្ធប្រឆាំង និងការកសាងសមត្ថភាពរស់នៅជាមួយនឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីបន្តប្រយុទ្ធការពារអាយុជីវិតប្រជាជនរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ ថវិកាឆ្នាំ២០២២នេះ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យរាជរដ្ឋាភិបាលបន្តគ្រប់គ្រងសភាពការណ៍វិបត្តិនៃជំងឺកូវីដ-១៩ និងអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម ព្រមទាំងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ថិតលើគន្លងនៃកំណើនខ្ពស់ឡើង និងរស់រវើកវិញ ហើយអាចឆ្លើយតបបានទៅនឹងបំណងប្រាថ្នារបស់ប្រជាជនផង ក៏ដូចជានឹងជួយរាជរដ្ឋា-ភិបាលឱ្យសម្រេចបាននូវបុព្វហេតុចម្បងៗ ស្របតាមទិសដៅនៃការកែទម្រង់ស៊ីជម្រៅរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ និងសំដៅនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាពយូរអង្វែង វឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៥ជំពូក និង១៤មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ។
សេចក្តីព្រាងច្បាប់នេះ ពិតជាមានសារសំខាន់ដែលរាជរដ្ឋាភិបាលបានធ្វើការវាយតម្លៃឡើងវិញអំពីផលប៉ះពាល់ នៃការរីករាលដាលជំងឺកូវីដ-១៩ មកលើក្របខ័ណ្ឌថវិកាឆ្នាំ២០២០ ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចសកល និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច មានការវិវឌ្ឍយ៉ាងឆាប់រហ័សពិបាកប៉ាន់ស្មាន ហើយបានសម្រេចបង្វែរទិស នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពី “ថវិកាវិត្ថារកម្ម” ដើម្បីលើកកម្ពស់កំណើនទៅជា “ថវិការឹតបន្តឹងសំដៅបង្កើនប្រសិទ្ធភាពចំណាយ” ដើម្បីឆ្ពោះទៅដោះស្រាយ បញ្ហាអាទិភាពចំពោះមុខតាមរយៈការធ្វើវិចារណកម្មចំណាយចំនួន០២លើក ក្នុងគោលបំណង បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រក្សាលំនឹងសេដ្ឋកិច្ច និងទ្រទ្រង់ការងារកែទម្រង់របស់រាជរដ្ឋាភិ-បាល ក៏ដូចជាបម្រើឱ្យការត្រៀមខ្លួន និងការពង្រឹងសមត្ថភាពផ្ទៃក្នុងឱ្យបានល្អសម្រាប់ត្រៀមទប់ទល់នឹងបញ្ហាប្រឈម និងហានិភ័យទាំងក្នុង និងក្រៅប្រទេស ជាពិសេសដើម្បីគោលដៅនៃការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្ដែងប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ- ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៣ជំពូក និង២២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជា-ណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បីបង្កើនប្រសិទ្ធភាពយន្តការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌអាស៊ាន និងដាក់បញ្ចូលនូវបញ្ញត្តិ ស្តីពីនីតិវិធីពិសេសសម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតួច។ ពិធីសារថ្មីនេះមានសារសំខាន់ក្នុងការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋសមាជិកអាស៊ាន ដើម្បីពង្រឹង យន្តការដោះស្រាយវិវាទក្រោមក្របខ័ណ្ឌអាស៊ាន និងផ្តល់នូវនីតិវិធីពិសេសសម្រាប់ដោះស្រាយវិវាទដែលមានពាក់ព័ន្ធនឹងរដ្ឋសមាជិកអភិវឌ្ឍតិចតួច។

ពិធីសារនេះ នឹងផ្តល់អត្ថប្រយោជន៍ឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបាននូវការអនុវត្តនីតិវិធីពិសេសសម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតួច នៅពេលដោះស្រាយវិវាទដែលកើតឡើងរវាងព្រះ-រាជាណាចក្រកម្ពុជា និងរដ្ឋសមាជិកផ្សេងទៀតក្នុងក្របខ័ណ្ឌអាស៊ាន ដោយពិធីសារមុនៗពុំមានចែងនូវបញ្ញត្តិនេះឡើយ។ ពិធីសារនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្ត និងការរួមចំណែកដ៏សំខាន់របស់កម្ពុជា ដល់ការពង្រឹងយន្តការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌអាស៊ាន ដោយប្រើប្រាស់កិច្ចព្រមព្រៀងគ្របដណ្តប់ទាំងឡាយរបស់អាស៊ាន ដែលទទួលបានការផ្តល់សច្ចាប័ននីតិប្បញ្ញត្តិរួចហើយធ្វើជាមូលដ្ឋាន។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង