ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាជន១៥.០០០នាក់នឹង ចូលរួមសម្ភោធ ពហុកីឡាដ្ឋានជាតិមរតកតេជោ

324

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយ នៅ នៅពហុកីឡដ្ឋានជាតិមរកតតេជោ ដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោពិធីរាប់ថយក្រោយ៥០០ថ្ងៃរួមជាមួយយុទ្ធនាការជាតិផ្សព្វផ្សាយពីដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងពិធីសម្ភោធន%នេះនឹងធ្វើឡើងក្រោមអធិបតីភាពពីសំណាក់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាហើយគេរំពឹងទុកថានឹងមានការចូលរួមពីមហាជនចំនួន១៥.០០០នាក់នៅក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រ នាថ្ងៃទី១៨ធ្នូខាងមុខនេះ។

 

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣មានប្រសាសន៍ ថា នៅក្នុងផ្នែកនីមួយៗ គឺមានការទទួលខុសត្រូវខ្ពស់ ទាំងផ្នែកសន្តិសុខ សណ្តាប់ឆ្នាប់ ជាពិសេសគឺលើផ្នែករៀបចំដែលមានចំនួនមនុស្សចូលរួមច្រើនជាង ១ម៉ឺននាក់ដែលនេះជាលើកដំបូងនៅក្នុងបរិបទជំងឺកូវីដ១៩នេះដោយត្រូវរៀបចំទុកជាមុនឲ្យបានល្អប្រសើររួមទាំងការអនុវត្តនូវវិធានការសុវត្ថិភាពពីជំងឺកូវីដ-១៩ផងដែរ។

ដោយឡែកនៅក្នុងពិធីសម្តែងសាកល្បង ថ្ងៃនេះ យើងបានរៀបចំផ្នែកនីមួយៗមានភាពរលូន ដោយមានក្រុមសម្តែងគ្រប់គ្រាន់ ហើយត្រូវបន្តសម្តែងការសាកល្បង២ទៅ៣ដងទៀត មុនដល់ថ្ងៃពិធីផ្លូវការ ១៨ខែធ្នូ ពីព្រោះពិធីធំនេះគឺត្រូវការពេលវេលា និងកែសម្រួលខ្លះៗ។ ជារួម គឺការសម្តែងសាកល្បង និងគ្រប់ផ្នែកផ្សេងៗទៀតដំណើរការដោយរលូន មិនមានអ្វីជាបញ្ហាធំនោះឡើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការបច្ចេកទេសទាំងអស់ ព្រមទាំងបានកោតសរសើរចំពោះកីឡាករ កីឡាការិនី សិល្បករ សិល្បការិនីទាំងអស់កំពុងប្រឹងប្រែងហាត់សម និងចូលរួមប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ពិសេសគឺលោកគ្រូ អ្នកគ្រូក៏កំពុងខិតខំយ៉ាងសកម្មបំផុត។
គ្រប់ផ្នែកទាំងអស់ទទួលបានការលើកចិត្តដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC ដោយការអញ្ជើញចុះមកដឹកនាំដោយផ្ទាល់នេះ បានជំរុញឲ្យស្មារតីគ្រប់ភាគីពាក់ព័ន្ធទាំងអស់កំពុងធ្វើអស់ពីចិត្ត ដើម្បីធ្វើឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ទទួលបានជោគជ័យ ហើយឆ្លើយតបនៅនឹងមហាកិត្តិយសជាតិ មហាកិត្តិយសនៃវិមានកីឡដ្ឋានជាតិមរតកតេជោ ដែលជាមរតករបស់សម្តេចតេជោ សម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប»។ នេះជាការបញ្ជាក់បន្ថែមចុងក្រោយរបស់ឯកឧត្តម វ៉ាត់ ចំរើន៕

អត្ថបទដែលជាប់ទាក់ទង