ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ណែនាំឱ្យក្រុមហ៊ុនជប៉ុន ពិនិត្យស្ថានភាពនៅកម្ពុជាឱ្យបានល្អិតល្អន់ មុននឹនាំចូលគ្រឿងចក្រកែច្នៃសំរាមប្លាស្ទិក ឱ្យទៅជាបេតុងកៅស៊ូ (AC) សម្រាប់ការសាងសង់ផ្លូវ

120

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យក្រុមហ៊ុនជប៉ុន ពិនិត្យស្ថានភាពនៅកម្ពុជាឱ្យបានល្អិតល្អន់ មុននឹងសម្រេចលើការនាំចូលបច្ចេកវិទ្យាគ្រឿងចក្រប្រភេទថ្មី ដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ (AC) សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា ជាពិសេសពិនិត្យទៅលើសំរាមនៅកម្ពុជា ដែលមិនមាន ការបែងចែកប្រភេទសំរាម អាចបង្កជាបញ្ហាស្មុគស្មាញក្នុងការផ្គត់ផ្គង់សម្រាប់ដំណើរការកែច្នៃ និងការ ប្រមូលសំរាម៊

ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន ដែលដឹកនាំដោយលោក Shu NISHIYAMA នាយកប្រតិបត្តិក្រុមហ៊ុន និងគណៈប្រតិភូ ដោយមានការអមដំណើរពីជំនាញការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើម លោក Shu NISHIYAMA បានណែនាំគ្រឿងចក្រប្រភេទថ្មី ដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ (AC) សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា និងបានស្នើសុំឱ្យ ក្រសួងពិចារណាលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ដោយហេតុថាវាមានលក្ខណៈសមស្របអាចប្រើ ប្រាស់បាននៅក្នុងស្ថានភាពប្រទេសកម្ពុជា ដែលសំបូរទៅដោយភ្លៀងធ្លាក់រយៈពេលយូរ អាចធានាបាននូវការជ្រាបទឹក និងធ្វើឱ្យផ្លូវជាប់រឹងមាំបានយូរអង្វែងផងដែរ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនពិនិត្យស្ថានភាពនៅកម្ពុជាឱ្យបានល្អិតល្អន់ មុននឹងសម្រេចលើការនាំចូលបច្ចេកវិទ្យាថ្មីនេះ ជាពិសេសពិនិត្យទៅលើសំរាមនៅកម្ពុជា ដែលមិនមាន ការបែងចែកប្រភេទសំរាម អាចបង្កជាបញ្ហាស្មុគស្មាញក្នុងការផ្គត់ផ្គង់សម្រាប់ដំណើរការកែច្នៃ និងការ ប្រមូលសំរាមផងដែរ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រីនៅតែបង្ហាញនូវការគាំទ្រលើ គំនិតផ្ដួចផ្ដើមនៃការនាំយកមកប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះផងដែរ ដើម្បីចូលរួមថែរក្សាបរិស្ថានស្អាត។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានលម្អិតទាក់ទងនឹង បរិមាណប្លាស្ទិកនៅកម្ពុជាថាតើអាចផ្គត់ផ្គង់សម្រាប់ការកែច្នៃបានកម្រិតណា និងបានបញ្ជាក់ថា៖ តម្លៃ ផលិតផលនោះមិនត្រូវឱ្យលើសថ្លៃបេតុងកៅស៊ូ (AC) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នទេ និងត្រូវ សិក្សាអំពីបញ្ហាផលប៉ះពាល់បរិស្ថានដោយប្រៀបធៀបនឹងការប្រើប្រាស់បេតុងកៅស៊ូផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលទើបបង្កើតថ្មី ដើម្បីបណ្ដុះបណ្ដាលសិស្សនិស្សិតកម្ពុជាឱ្យក្លាយជាវិស្វករសម្រាប់ សាងសង់ផ្លូវថ្នល់ និងប្រព័ន្ធដឹកជញ្ជូន និងបានស្នើឱ្យក្រុមហ៊ុនសហការឱ្យបានជិតស្និទ្ធជាមួយវិទ្យាស្ថានដើម្បីសិក្សាលម្អិតអំពីការនាំយកបច្ចេកវិទ្យាថ្មីនេះមកប្រើប្រាស់នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង